សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ធ្វើការងារពីផ្ទះប្រាកដណាស់ក៏ត្រូវមានការរំខានខ្លះ ពីបរិយាកាសនៅផ្ទះដូចជា ការងារផ្ទះផ្ទាល់ ឬសម្លេងពីអ្នកផ្ទះដែលធ្វើឱ្យលាយឡំទៅលើការងារត្រូវធ្វើ និងអាចថាកើតជាអារម្មណ៍ម៉ួហ្មងខ្លះ។ ប៉ុន្តែ អ្នកក៏អាចច្នៃនិងសាកល្បងវិធីមួយចំនួនដែលអាចគ្រប់គ្រងអារម្មណ៍ស្រ្តេស ដែលកើតមានដែលជួយឱ្យទាំងការងារអ្នកត្រូវធ្វើមានប្រសិទ្ធិភាពឡើងវិញ ដែលនេះត្រូវបានស្រង់យកជាបទពិសោធរបស់អ្នកធ្វើការងារពីផ្ទះ និងអ្នក Freelancer មួយចំនួន៖
១.ប្រើក្រដាស"ហេតុផលត្រូវធ្វើ"
បង្កើតបញ្ជីត្រូវធ្វើមួយប៉ុន្តែមិនមែនជាបញ្ជីសកម្មភាពការងារតាមអារម្មណ៍ដែលគិតថាសល់ពេលច្រើននោះទេ។មានន័យថាជាបញ្ជីអំពីសកម្មភាពណាមួយដែលត្រូវធ្វើមុន និងផ្អែកតាមបទពិសោធកន្លងមកថាការងារនោះត្រូវការពេលប៉ុន្មានដើម្បីរួចរាល់។ ដូចនេះ អ្នកនឹងដឹងថាមួយថ្ងៃនេះ នឹងមានសកម្មភាពបែបណាត្រូវធ្វើត្រូវបង្ហើយ និងសល់ពេលសម្រាប់តែផ្តោតលើការសម្រាក ឬការងារផ្ទះផ្ទាល់វិញដោយមិនមានសល់ពេលដែលខួរក្បាលត្រូវផ្តោតលើរឿងបារម្ភនោះឡើយ។
២.ងាកទៅធ្វើរឿងផ្សេងខ្លះដែលសកម្មបើអ្នកនៅតានតឹង
ជួបអារម្មណ៍ជាប់គាំងនឹងការងារគិតមិនទៅមុខមិនអាចផ្តោតអារម្មណ៍បានមានន័យថារាងកាយត្រូវការចលនាឬសកម្មភាពខ្លះដែលគេចចេញពីអារម្មណ៍ម៉ួហ្មងនោះ។ ពេលវេលាតានតឹងនេះអ្នកអាចឆ្លៀតទៅធ្វើសកម្មភាពផ្សេងៗដែលសម្រួលដល់អ្នកដូចជាទៅធ្វើចលនាលំហាត់ប្រាណបន្តិចទៅសម្អាតបន្ទប់ទឹក ឬសកម្មភាពផ្សេងៗដែលនាំអ្នកចេញពីអារម្មណ៍ស្រ្តេសនោះ។ ក្រោយអារម្មណ៍បានស្រស់ថ្លាអ្នកក៏អាចទៅធ្វើកិច្ចការងារទាំងនោះវិញដោយមិនខាតពេល អង្គុយស្រ្តេសផង និងបានថាមពលស្រស់ស្រាយសម្រាប់ខួរក្បាលបំពេញការងារអ្នកឱ្យប្រសើរឡើងវិញផង។
៣.ស្វែងយល់ពីដើមហេតុបង្កឱ្យអ្នកស្រ្តេស
មនុស្សម្នាក់ៗជួបអារម្មណ៍ស្រ្តេសរឿងផ្សេងៗគ្នាអាស្រ័យស្ថានភាពខ្លួនដូចនេះ មូលហេតុក៏ផ្សេងគ្នា។ អ្នកអាចស្វែងយល់ពីដំណើរដែលធ្វើឱ្យអ្នកម៉ួហ្មង (តែមិនមែនគិតម៉ួហ្មង) ហើយនៅពេលដែលយល់នោះអ្នកនឹងឃើញវិធីណាមួយសម្រាប់ដោះស្រាយបាន។ ហើយបន្ទាប់ពីនោះអ្នកក៏អាចផ្តោតលើកិច្ចការអ្នកបានវិញ៕