មានប្រវត្តិពីអតីតកាល ដោយឆ្លងកាត់ការរៀននៅសាលាបាលីបានមួយឆ្នាំ និងដោយការធ្វេសប្រហែសដែលធ្វើឲ្យបែកនូវចាន(៥ពណ៌)ជាច្រើនក្នុងវត្ត ដែលជាវត្ថុមានតម្លៃមកពីប្រទេសចិន ក៏បានធ្វើឲ្យលោកតាគេចឈប់រស់នៅក្នុងវត្ត។
ការឈប់រស់នៅក្នុងវត្ត ងាកមកសិក្សានៅសាលាបែបទំនើប(ក្រៅវត្ត) និងបន្តទៅសិក្សានៅក្រៅប្រទេសបារាំងអាមេរិកជាង២០ឆ្នាំ ដែលបណ្ដុះពីមនោគមវិជ្ជានិងទស្សនៈបច្ចឹមប្រទេស ហើយក៏បានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច។នេះជាការរៀបរាប់របស់លោកតា កុល ផេង។
ទោះជាបានបញ្ចប់នៅបណ្ឌិតសេដ្ឋកិច្ចពីក្រៅប្រទេសក៏ដោយ លោកតាបណ្ឌិត កុល ផេង ដែលជាស្ថាបនិកសាលាបញ្ញាសាស្រ្ដ បានលើកឡើងពីការសោកស្ដាយនូវពេជ្ររតនៈ (សំដៅដល់ឃ្លាំងចំណេះដឹង) ដែលមានក្នុងប្រទេសខ្លួនឯង ដែលត្រូវយកមករៀនសូត្រមិនចេះអស់ បែរជារត់ទៅរៀននិងស្វែងរកចំណេះដឹងនៅក្រៅប្រទេស។
ថ្លែងនៅចំពោះមុខព្រះវិមលធម្ម ពិន សែម និងព្រះសង្ឃជាច្រើនអង្គ ឃ្លាមួយលោកតាបណ្ឌិតកុល ផេង បាននិយាយថា៖ ពេជ្ររតនៈពេញនគររបស់ឯង មិនបានកើបទុក បែរជាទៅដើររកនៅស្រុកឆ្ងាយ ដូចដែលឃ្លាមួយពោលថា ពេជ្ររតនៈនៅដើមពោធិ៍ ទៅរកចំណីនៅដើមជ្រៃ។
លោកតាលើកជាសាច់រឿងខ្លីថា បុរសម្នាក់ចង់រកពេជ្រ ក៏ទៅលក់ដីរបស់ខ្លួនឲ្យគេ ដើម្បីទៅរកនៅស្រុកក្រៅ។ ថ្ងៃមួយក៏ដឹងថា គេរកឃើញពេជ្រនៅនឹងដីដែលខ្លួនលក់បាត់នោះ។
គួរចងចាំនូវពាក្យខ្មែរបុរាណ ក៏មានមួយឃ្លាដែលនិយាយអប់រំពីចំនុចនេះ “អណ្ដើកនៅនឹងជើងមិនចាប់ ទៅដឹកឆ្កែរកសំរង”។ នេះជាសង្ឃដីកាពីព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌៕