ក្នុងវ័យ ២៥ឆ្នាំ លោក វន រ៉ានី ជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ ដែលលោកមានស្រុកកំណើតនៅខេត្តតាកែវ។ លោក បានបញ្ចប់ការសិក្សាថា្នក់វិទ្យាល័យនៅ «វិទ្យាល័យសុខ អាន ទន់លាប» ក្នុងខេត្តតាកែវ បន្ទាប់ពីនោះមក លោកក៏បានបន្តការសិក្សានៅទីក្រុងភ្នំពេញ ផ្នែកវេជ្ជសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលគេស្គាល់ថាជា«សាលាក្រហម»។ ក្រោយពីបានបញ្ចប់ការសិក្សាពីនោះមកលោកក៏បានផ្ទេរទៅសិក្សានៅសកលវិទ្យាល័យ មួយទៀតនៅក្នុងខេត្តព្រះសីហនុហើយលោកក៏បានផ្លាស់ប្តូរជំនាញពីវេជ្ជសាស្រ្តទៅជា វិទ្យាសាស្ត្រថែទាំវិញ។
ជាងនោះទៅទៀត បន្ទាប់ពីបាន បញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យក្នុងខេត្តព្រះសីហនុមក លោកបានធ្វើការជាគិលានុបដ្ឋាកផ្នែកវេជ្ជសាស្ត្រ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ឈ្មោះថា«ហេប្រូន»អស់រយៈពេល ១៨ ខែ។ ក្រោយពី ចាកចេញ ពី មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រូន លោកក៏បានធ្វើការជាប្រធានត្រួតពិនិត្យនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អស់រយៈពេលជិតមួយឆ្នាំ។
ជាមួយនឹងក្តីស្រមៃនិងក្តីសង្ឃឹមខ្ពស់លោកតែងតែមានគំនិតនិងប្រាប់ខ្លួនឯងថា៖«ថ្ងៃមួយខ្ញុំនឹងទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសនិងមានបទពិសោធន៍ជីវិតរស់នៅទីនោះ»។ក្នុងឆ្នាំ ២០១៥ ខែកុម្ភៈ លោកក៏ បានទទួលអាហារូបករណ៍ ពី សកលវិទ្យាល័យ ឈុន អាន (Chung- Ang) ដែលជាកម្មវិធីអ្នកវិទ្យាសាស្ត្រវ័យក្មេង ឈុនអាង។
សម្រាប់លោក នេះមិនមែនជាលើកដំបូងរបស់លោកឡើយដែលធ្វើដំណើរទៅប្រទេសកូរ៉េ។ ក្នុងរយៈពេលពីរឆ្នាំ កន្លងទៅលោកបានទៅប្រទេសកូរ៉េម្តងរួចមកហើយ អស់រយៈពេលជិត ៣ ខែ។ ពេលនោះលោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹង បណ្ណាល័យធំ របស់ពួកគេដែល ពេញទៅដោយសៀវភៅនិងមានសិស្សជាច្រើនសម្រុកទៅអាននិងស្រាវជ្រាវនៅទីនោះ។ បានឃើញដូចនោះក៏ធ្វើឲ្យលោកចាប់ផ្តើម ចូលចិត្ត វិស័យអប់រំនៅក្នុង ប្រទេសកូរ៉េខាងត្បូង ពីពេលនោះមក។
បើនិយាយពីការសិក្សារបស់លោកនៅស្រុកក្រៅវិញវាមានភាពលំបាកខ្លះដែរនៅ ពេលដែលលោកមកដល់ប្រទេសនេះដំបូង ដោយលោក បានបញ្ជក់ថាប្រព័ន្ធសិក្សានៅប្រទេសគេ(កូរ៉េ)គឺមានភាពខុសគ្នាបន្តិចជាមួយប្រទេសកម្ពុជា។ សម្រាប់លោកជាខ្មែរមួយរូបដែលមកសិក្សាតាមបែបប្រព័ន្ធសិក្សាថ្មីរបស់កូរ៉េបែបនេះដូច្នេះរូបលោកត្រូវការពេលវេលាខ្លះដើម្បីបន្ស៊ំខ្លួនបាន។នៅទីនោះគឺលោកមានភាពលំបាកចំពោះការប្រាស្រ័យទាក់ទងគ្នាព្រោះថាជនជាតិកូរ៉េភាគច្រើនគឺមិនសូវចេះនិយាយភាសាអង់គ្លេសទេ ហើយម្យ៉ាងទៀតវប្បធម៌និងការរស់មានលក្ខណៈខុសពីខ្មែរផងដែរ។ ដូចនេះពេលខ្លះគឺលោក មានការយល់ច្រឡំ និងមិនយល់អំពីពាក្យសម្តីរបស់ពួកគេឡើយ។
លោកប្រាប់ថា នៅកូរ៉េសិស្សនិស្សិតភាគច្រើនមានភាពឯករាជ្យដោយពួកគេត្រូវអាននិងសិក្សាស្រាវជ្រាវមុនពេលទៅថ្នាក់រៀន។ វាពិតជាមានលក្ខណៈពិសេសខ្លាំងដូចជាលោកគ្រូ អ្នកគ្រូ បានបង្រៀន សិស្សអោយមាន គំនិតក្នុងការស្រាវជ្រាវស្វែងរកអ្វីដែលថ្មីៗ។ សំរាប់ សិស្សវិញ ក្នុងការស្រាវជ្រាវនៅទីនេះគឺមានបណ្ណាល័យធំដែលមានសៀវភៅជាច្រើន។ ភាគច្រើន ស្ទើរតែគ្រប់សៀវភៅទាំងអស់មានជាភាសាដើម។ លោកក៏បានបញ្ជាក់ផងដែរថា នៅទីនោះគេមាន ធនធានគ្រប់គ្រាន់ក្នុងការសិក្សាស្វែងយល់ពីសលកលោកខាងក្រៅតាមរយៈភាសាកំនើតរបស់គេ។ ដូចច្នេះគេអាចយល់ដឹងបាន ស៊ីជម្រៅជាងការប្រើភាសាទី២(អង់គ្លេស)។ វាខុសពីប្រទេសកម្ពុជាត្រង់ថានៅសកលវិទ្យាល័យគឺទាមទារឲ្យសិស្សចេះភាសាអង់គ្លេសច្រើន បើចង់ស្រាវជ្រាវច្រើនព្រោះកម្ពុជានៅមិនទាន់មានឯកសាជាភាសាខ្មែរទូលំទូលាយឡើយ។ និយាយជារួមគឺប្រទេសកូរ៉េមានទាំងធនធានមនុស្សព្រមទាំង សំភារៈក៏ដូចជាឯកសារគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះបើសិស្សឬគ្រូចង់ធ្វើការស្រាវជ្រាវអ្វីមួយរដ្ឋាភិបាលមានទាំងថវិកាសម្រាប់ជួយឧបត្ថម្ភផងដែរ។
អំពីការរស់នៅរបស់លោកវិញលោកបានប្រាប់ថា គឺវាមិនដូចជាពេលដែលលោកបានរស់នៅក្នុងប្រទេសកម្ពុជាទេដោយលោកធ្លាប់តែរស់នៅជាមួយក្រុមគ្រួសារនិងមានភាពកក់ក្តៅតែឥឡូវរូបលោកត្រូវរស់នៅតែម្នាក់ឯងហើយត្រូវមានការទទួលខុសត្រូវលើខ្លួនឯង។លោកបានប្រាប់ថាវាមិនខុសពីនិស្សិតដែលរស់នៅបរទេសដទៃទេ ព្រោះថានៅពេលដែលលោករស់នៅទីនោះលោកត្រូវរៀនធ្វើការងារជាច្រើនដោយខ្លួនឯងដូចជា ការធ្វើកិច្ចការផ្ទះការចំអិនម្ហូបអាហារព្រមទាំងរឿងផ្សេងទៀត។ លោកបានបន្ថែមថា៖«វាគឺជាការលំបាកប៉ុន្តែវាជាបទពិសោធជីវិតមួយដ៏មានតម្លៃដែលនរណាម្នាក់ត្រូវតែមាននិងជំនះឲ្យបាន ដោយយើងគួរចាំថាភាពជោគជ័យបានផ្តល់ឲ្យយើងនូវសេចក្តីសង្ឃឹម ប៉ុន្តែភាពបរាជ័យបានផ្តលឲ្យយើងនូវបទពិសោធន៍»។
លោកនិយាយបន្ថែមថាការរស់នៅម្នាក់ឯងដោយឃ្លាតឆ្ងាយពីឪពុកម្តាយវានឹងជួយបង្រៀនយើងឲ្យក្លាយទៅជាមនុស្សដែលមានភាពរឹងមាំមានទំនួលខុសត្រូវលើខ្លួនឯង និង បានបង្រៀនយើងឲ្យចេះដោះស្រាយបញ្ហាដែលយើងមិនធ្លាប់ជួនប្រទះទៀតផង។ចំពោះអាកាសធាតុនៅទីនេះក៏ជាបញ្ហាសម្រាប់លោកដែរដោយនៅវាមានលក្ខណៈត្រជាក់ ប៉ុន្តនៅពេលដែលលោកនៅក្នុងសាលារៀន ឬនៅក្នងភោជនីយដ្ឋានឬកន្លែងផ្សេងទៀតគឺវាមិនរងារទេ លើកលែងតែពេលដើរចេញក្រៅដោយមិនបានពាក់អាវក្រាស់ៗប៉ុណ្ណោះ។
លោកបានលើកឡើងថា៖«ខ្ញុំគិតថាសម្រាប់ពេលឥឡូវនេះ ការស្តាប់ ការបង្រៀន នេះគឺជាការ លំបាកណាស់សម្រាប់ ខ្ញុំព្រោះក្នុងមេរៀន វេជ្ជសាស្រ្ត របស់ប្រទេសកូរ៉េគឺមានពាក្យគន្លឹះច្រើន។ ជាងនេះទៅទៀតនៅក្នុងឆមាស ដំបូងរបស់ខ្ញុំដែលទើបមកដល់ទីនេះចំពោះ ការទំនាក់ទំនង គឺជាបញ្ហាចម្បង ប៉ុន្តែបន្ទាប់ពី រៀនបានមួយឆមាស មកខ្ញុំគិតថា ខ្ញុំពិតជា មានភាពប្រសើរឡើងច្រើន។ ខ្ញុំអាច ប្រាស្រ័យទាក់ទង ជាភាសាកូរ៉េបានខ្លះៗដោយខ្ញុំធ្លាប់បានរៀនភាសាកូរ៉េនៅស្រុកខ្មែរផងដែរ»។ ដើម្បី យកឈ្នះលើការ លំបាក ទាំងនោះលោកបានចំណាយពេលមើលមេរៀនមុនពេលដែលលោកទៅថ្នាក់រៀន ជាប្រចាំ ហើយបន្ទាប់ពីនោះលោកក៏បានសុំមេរៀនគ្រូយកមកមើលបន្ទាប់ពីរៀនចប់។ បើសិនជានិស្សិតកូរ៉េបានអានមេរៀនម្តង នោះ លោកត្រូវអានពីឬបីដងដើម្បីយល់អត្ថន័យមេរៀននោះ។ ក្នុងអំឡុងពេលសិក្សារបស់លោកនៅទីនោះ លោកបានរៀន ពីរបៀបធ្វើការស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្ត សុខាភិបាលដែលមានប្រសិទ្ធិភាពជាងមុន។ លោកបានធ្វើការពិសោធន៍ច្រើននៅលើម៉ូដែល កណ្តុរ។ លោកនិយាយថា៖«ខ្ញុំស្រឡាញ់មុខជំនាញនេះ ក្នុងនាមជាអ្នកវិទ្យាសាស្រ្តវ័យក្មេង»។
បន្ថែមពីនោះទៅទៀត លោកបានរៀនអំពី ប្រព័ន្ធថែទាំសុខភាព ពីប្រទេសកូរ៉េនិង លើពិភពលោក តាមរយៈសន្និសីទអន្តរជាតិផ្សេងៗនៅទីនោះ។ ហើយព្រមទាំងអាចទទួលបានការងារអន្ដរជាតិតាមរយៈកម្មវិធី អ្នកស្ម័គ្រចិត្ដនិង សិក្ខាសាលាផងដែរ។ ហើយអ្វីដែលសំខាន់នោះគឺលោកបានរៀន ពីរបៀបធ្វើជា អ្នកដឹកនាំល្អ និងអ្នកអប់រំល្អ នៅក្នុងប្រព័ន្ធ ថែទាំសុខភាព។ លោកបានសង្កត់ធ្ងន់ថា៖« ខ្ញុំសង្ឃឹមថាខ្ញុំ អាចចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងដែលខ្ញុំរៀននៅទីនេះទៅដល់មិត្តភក្តិ ឬមនុស្សដែលនៅជុំវិញខ្លូនខ្ញុំ នៅពេលដែលខ្ញុំ ត្រឡប់ទៅប្រទេសកម្ពុជាវិញ» ។
ជាចុងក្រោយលោកបានផ្តាំផ្ញើរទៅដល់យុវជនទាំងអស់ថា៖ «ប្រសិនបើអ្នកពិតជាចង់មានឱកាសទៅសិក្សានៅបរទេស,អ្នកត្រូវតែមានការតាំងចិត្តខ្ពស់ ចេះត្រៀមខ្លួនឲ្យបានល្អ និង កំណត់គោលដៅនិងគោលបំណងរបស់ខ្លួនឲ្យបានច្បាស់លាស់ព្រមទាំងធ្វើអ្វីដែលខ្លួនចង់ធ្វើនិងកុំខ្លាចនឹងភាពបរាជ័យឲ្យសោះពីព្រោះបរាជ័យគឺជាស្ពានឈានទៅរកភាពជោគជ័យ»។
អត្ថបទដោយ ចាន់ ជីវ៉ា