កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ក្នុងឆ្នាំ២០២២

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បណ្ដាអគ្គមេបញ្ជាការកងទ័ពអាស៊ាន បានបើកកិច្ចប្រជុំលើកទី១៨ (ACDFM-18) តាមប្រព័ន្ធវីដេអូ ដោយភាគីកងទ័ពកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំ ACDFM-18 ក្រោមប្រធានបទ "យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន" ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនាឱកាសនោះ ឧត្តមសេនីយ៍ទោ ដាតុសេរី ផាឡាវ៉ាន់ ហាជី ហាំហ្សា ប៊ីន ហាជី អគ្គមេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេបានគូសបញ្ជាក់ថា ការលើកយកទិសស្លោកនៃកិច្ចប្រជុំ ACDFM-18 ឆ្នាំនេះ មានអត្ថន័យសំដៅទៅលើសមាហរណកម្មកិច្ចសហប្រតិបត្តិការយោធា ដោយគូសបង្ហាញទៅលើកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពអាស៊ានទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រឈមផ្សេងៗ និងការគំរាមកំហែងរួមក្នុងតំបន់។

អគ្គមេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេ បានសង្កត់ធ្ងន់ថា ដើម្បីធ្វើឲ្យមានការយល់ពីគ្នាកាន់តែស៊ីជម្រៅក្នុងការដោះស្រាយនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត កងទ័ពអាស៊ានត្រូវតែបន្តពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមរួម ជាពិសេសលើបញ្ហាជំងឺកូវីដដែលយើងមិនធ្លាប់ជួបប្រទះពីមុនមក និងរួមបញ្ចូលបញ្ហាដទៃទៀតដូចជា សន្តិសុខលំហរសមុទ្រ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការកសាងលំហរប្រព័ន្ធព័ត៌មានវិទ្យាដែលមានភាពអត់ធន់ និងមានសុវត្ថិភាព។

ថ្លែងនៅក្នុងបទអន្តរាគមន៍ផ្លាស់ប្ដូរទស្សនៈ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតំលៃខ្ពស់ចំពោះប្រធានបទ "យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន" ដែលជាទិសស្លោកមួយប្រកបដោយអត្ថន័យ និងមានភាពស៊ីជម្រៅ នៅក្នុងបដិបទដែលប្រទេសនៅក្នុងតំបន់ ក៏ដូចជាពិភពលោកកំពុងប្រឈមនឹងបញ្ហាសន្តិសុខរួម ដែលបាន និងកំពុងកើតឡើងក្នុងទម្រង់ប្រពៃណី និងមិនប្រពៃណី ជាពិសេសការឆ្លងរាតត្បាតជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា បច្ចុប្បន្នបើទោះបីការខិតខំប្រឹងប្រែងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រទេសមួយចំនួនត្រូវបានចាត់ទុកថាទទួលបានប្រសិទ្ធភាពខ្ពស់ក្តី តែពិភពលោកទាំងមូលមិនទាន់អាចទប់ទល់នឹងការរាតត្បាតជំងឺនេះបានជោគជ័យនៅឡើយទេ។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកទឹកចិត្តឲ្យប្រទេសក្នុងអាស៊ាន បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជំងឺរាតត្បាតនេះ ដោយលើកកម្ពស់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ផ្អែកលើកាតព្វកិច្ចមនុស្សធម៌ និងសន្តិសុខមនុស្សជាតិ។ ជាងនេះទៅទៀត ការចែកចាយ និងប្រើវ៉ាក់សាំង ត្រូវធ្វើឡើងក្រោមស្មារតីសមធម៌ និងគ្មានការរើសអើង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាយ៉ាងមុតមាំក្នុងការចូលរួមចំណែកលើគ្រប់កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌអាស៊ាន និងជាមួយដៃគូសន្ទនាអាស៊ាន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការរៀបចំខ្លួន ដើម្បីដោះស្រាយបញ្ហាការគំរាមកំហែងសន្តិសុខ មនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ក៏ដូចជាការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន បទល្មើសព័ត៌មានវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

កិច្ចប្រជុំ ACDFM-18 បានអនុម័តសេចក្តីថ្លែងការរួមមួយ ហើយបានប្រារព្ធពិធីប្រគល់ទង់ ACDFM ដល់កម្ពុជាធ្វើជាប្រធានបន្ដវេន របស់អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ឆ្នាំ២០២២។

ថ្លែងក្នុងពិធីទទួលធ្វើជាម្ចាស់ផ្ទះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលកងយោធពលខេមរភូមិន្ទទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ACDFM លើកទី១៩ ដោយនាយឧត្តមសេនីយ៍បានមានជំនឿយ៉ាងមុតមាំថា ប្រទេសជាសមាជិកអាស៊ាន ពិសេសកងទ័ពអាស៊ាន នឹងបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ ក្រោមស្មារតីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ ក៍ដូចជាពួតដៃគ្នាដដោះស្រាយបញ្ហារួមក្នុងតំបន់៕