សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ការងារផ្ទះច្រើនបើយើងគិត គឺហត់មុនទៅហើយព្រោះយើងច្រើនគិតថាជារឿងគួរធុញ ហត់និងមិនចង់ធ្វើ។ តែយ៉ាងណាមិញ របៀបនៃការឆ្លើយតបនឹងគំនិតហត់នឿយដែលខួរក្បាលបានបង្កើតនោះគឺយើងអាចច្នៃវិធីសាស្រ្តខ្លះបានតាមរយៈបទពិសោធដែលមនុស្សមួយចំនួនបានចែករំលែកនៅលើទំព័រចែករំលែកគំនិតមួយឈ្មោះ Joyspotters Society ដែលបទពិសោធទាំងនោះមានដូចជា៖
១.កំណត់ម៉ោង
ពិតណាស់កំណត់ម៉ោង ជាឧទាហរណ៍កិច្ចការលាងចានអ្នកមិនសូវជាចង់ធ្វើតែនៅពេលកំណត់ថា ត្រឹម៤នាទីអាចធ្វើការងារទាំងនោះហើយនោះផ្នត់គំនិតនៃខួរក្បាលនឹងជម្រុញឱ្យអ្នកឱ្យធ្វើការងារនោះឱ្យហើយស្រេចរួចរាល់តាមរយៈការផ្លាស់ប្តូរការគិតនេះ។ ម្យ៉ាងទៀតអ្នកចែករំលែកបទពិសោធបានលើកឡើងថាពេលខ្លះ ការកំណត់ម៉ោងបែបនេះគឺអ្នកអាចប្រៀបដូចជាការលេងហ្គេមដូច១៧នាទី បោកខោអាវសល់ពីម្សិលមិញឱ្យហើយ ឬ២០នាទីរៀបចំទូខោអាវឱ្យបានស្អាតមានសណ្តាប់ធ្នាប់។
២.បង្កើតបរិយាកាសល្អដោយមានបទចម្រៀង
មែនហើយបើសល់ពេលច្រើន ឬជាថ្ងៃចុងសប្តាហ៍មិនសូវរវល់ខ្លាំងហើយត្រូវធ្វើការងារផ្ទះដ៏គួរឱ្យខ្ជិលនឹងធ្វើនោះអ្នកនៅតែអាចជម្នះទៅធ្វើវាបានតាមរយៈការបង្កបរិយាកាសសម្រាកលំហែក្នុងការធ្វើកិច្ចការ។ មានបញ្ជីបទចម្រៀងដែលអ្នកចូលចិត្តបើកកំដររួចចាប់ធ្វើកិច្ចការគឺវាមិនធ្វើឱ្យខួរក្បាលយើងគិតថាការដែលយើងកំពុងធ្វើជាបន្ទុកដ៏ហត់ប៉ុន្តែជាការកម្សាន្តសម្រាក ហើយរីករាយនឹងសកម្មភាពការងារ។
៣.ប្រយោជន៍នៃក្លិនក្រអូប
តាមរយៈការស្រាវជ្រាវបានបង្ហាញថាក្លិនក្រអូប ដូចជាក្លិនឡាវែនឌើរនិងក្លិនក្រអូបផ្សេងៗគឺជួយកាត់បន្ថយអារម្មណ៍អន្ទះអន្ទែងឬមួម៉ៅបាន។ ជាមួយគ្នានេះអ្នកធ្លាប់ឆ្លងកាត់បទពិសោធនេះក៏បានលើកឡើងថា មានប្រសិទ្ធិភាពព្រោះក្លិនក្រអូបជួយពួកគេឱ្យបានសម្រាកនិងបានកាត់បន្ថយអារម្មណ៍ហត់នឿយ និងធុញទ្រាន់នៅពេលបំពេញការងាររបស់ពួកគេ។ ហើយការសិក្សាមួយក៏បានកត់សម្គាល់ដែរថា ក្លិនក្រូចឆ្មារគឺជួយឱ្យអារម្មណ៍ល្អហើយមនុស្សនឹងមិនសូវពង្រាយ ឬអារម្មណ៍ច្រាស់ច្រាលទេនៅពេលជួបក្លិនក្រអូបនេះ។
៤.បង្កើតការអបអរខ្លួនឯងឬការអរគុណខ្លួនឯង
អ្នកអាចបង្កបរិយាកាសពីកិច្ចការផ្ទះដែលអ្នកគិតថាធុញទៅជាសកម្មភាព ឬគិតថាជារឿងល្អនៅពេលធ្វើនិងបង្ហើយកិច្ចការងារទាំងនោះដោយមានការផ្តល់រង្វាន់ខ្លួនឯងឬអបអរសាទរ។ ជាឧទាហរណ៍អ្នកអាចនាំអារម្មណ៍អ្នកផ្តោតធ្វើកិច្ចការងារផ្ទះណាមួយដោយយកចិត្តទុកដាក់ហើយបន្ទាប់ពីបញ្ចប់ការងារនោះ អ្នកអាចអបអរសាទរខ្លួនអ្នកដោយមានរង្វាន់ដូចជាញ៉ាំអាហារដែលខ្លួនឯងចូលចិត្ត ឬសម្រាកមើល Channel វីដេអូដែលអ្នកចូលចិត្ត។ បែបនេះជាទម្លាប់ល្អមួយដែលជម្រុញឱ្យអ្នកមិនខ្ជិលធ្វើការងារដោយអ្នកគិតថា នៅពេលការងាររួចរាល់អ្នកនឹងមានរង្វាន់ផ្តល់ឱ្យសម្រាប់លទ្ធផលការងារដែលអ្នកខិតខំធ្វើនោះ។
៥.ដាក់វត្ថុដែលអ្នកស្រលាញ់នៅក្បែរ
ស្តាប់ទៅដូចជាមិនទំនង ប៉ុន្តែឆ្លងតាមពិសោធគឺបានជួយមនុស្សច្រើនធ្វើកិច្ចការងារមិនឱ្យធុញ។ ឧទាហរណ៍ អ្នកដាក់វត្ថុអនុស្សាវរីយ៍ដែលអ្នកស្រលាញ់ ឬរូបមនុស្សជាទីស្រលាញ់នៅតុការងារអ្នកនឹងជម្រុញអារម្មណ៍ឱ្យខិតខំបំពេញការងារព្រោះថា ចំណុចឬវត្ថុដែលអ្នកស្រលាញ់នៅក្បែរខ្លួនធ្វើឱ្យអារម្មណ៍អ្នកផ្សារភ្ជាប់នឹងសកម្មភាពទាំងនោះថាសកម្មភាពការងាររបស់អ្នកគឺធ្វើដើម្បីអ្វីមួយដែលអ្នកស្រលាញ់ដើម្បីមនុស្សជាស្រលាញ់របស់អ្នកដូចនេះអ្នកផ្តោតធ្វើកិច្ចការឱ្យបានល្អនិងជាប្រយោជន៍ទៅដល់អ្វីដែលអ្នកស្រលាញ់ដោយមិននឿយណាយ៕