សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ដោយយោងទៅតាមមាត្រា៥ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងអំពីទណ្ឌកម្មទៅលើបុគ្គលដែលបំពានមិនគោរពទៅតាមច្បាប់នេះដែលខ្លឹមសារនោះបានចែងថា៖
បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល វិធានការរដ្ឋបាលឬវិធានការផ្សេងទៀតដែលត្រូវបានដាក់ចេញស្របតាមច្បាប់នេះ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងច្បាប់នេះ។ ទណ្ឌកម្មក្នុងច្បាប់នេះរួមមានទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ។
ទណ្ឌកម្មរដ្ឋបាលរួមមាន៖
- ការព្យួរ ឬដកហូតអាជ្ញាប័ណ្ណវិញ្ញាបនបត្រឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម
- ការបិទអាជីវកម្ម។
ទណ្ឌកម្មព្រហ្មទណ្ឌរួមមាន៖
- ពិន័យអន្តរការណ៍
- ពិន័យជាប្រាក់
- ទោសដាក់ពន្ធនាគារ។
បទល្មើសផ្សេងទៀតដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ត្រូវកំណត់ដោយអនុក្រឹត្យ។
ការសម្រេចដាក់ពិន័យអន្តរការណ៍ ចំពោះការបំពានវិធានការសុខាភិបាល ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។ការសម្រេចដាក់ពិន័យអន្តរការណ៍ ចំពោះការបំពានវិធានការរដ្ឋបាលនិងវិធានការផ្សេងទៀតជាសមត្ថកិច្ចរបស់ក្រសួងស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចដែលចេញវិធានការនោះ។
ការបង់ប្រាក់ពិន័យអន្តរការណ៍រំលត់បណ្តឹងអាជ្ញា ចំពោះបទល្មើសដែលមានចែងក្នុងច្បាប់នេះ។ ការបង់ប្រាក់ពិន័យអន្តរការណ៍ មិននាំឱ្យរួចផុតពីកាតព្វកិច្ចអនុវត្តវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលបានដាក់ចេញស្របតាមច្បាប់នេះឡើយ។
ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ ក្នុងរយៈពេល៣០(សាមសិប) ថ្ងៃគិតចាប់ពីថ្ងៃទទួលសេចក្តីសម្រេចស្តីពីការដាក់ពិន័យអន្តរការណ៍មន្ត្រីដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌នៃក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីជាធរមាន។