គម្រោងសាងសង់សំណង់ធំៗជាច្រើនក្នុងវិបត្តិកូវីដ មិនបានលុបចោលការសាងសង់ទេ

ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ឆ្នាំ២០២១ នេះ ទីផ្សារអលចនទ្រព្យក្នុងប្រទេសកម្ពុជាបានទទួលរងនូវផលប៉ះពាល់កាន់តែខ្លាំងជាងព្រឹត្តិការណ៍មុន ៗ  ព្រោះពលរដ្ឋមិនអាចធ្វើដំណើរស្វែងរក ឬសាកសួរព័ត៌មានពីការទិញនោះទេ ដោយសារព្រួយបារម្ភពីការឆ្លងនូវជំងឺកូវីដ ១៩។

ដោយឡែក លោក រ៉ែន ចាន់រិទ្ធ អគ្គនាយកក្រុមហ៊ុន DNZ Realty ថ្លែងថា សម្រាប់ក្រុមហ៊ុនរបស់លោកដែលទទួលសហការដៃគូលក់ជាមួយនឹងគម្រោងអភិវឌ្ឍន៍ខុនដូ Urban Village  គឺមិនទទួលរងផលប៉ះពាល់ពីការសាងសង់នោះទេ ប៉ុន្តែប៉ះពាល់ដល់ការលក់ចេញនៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈនេះ។

លោក រ៉ែន ចាន់រិទ្ធថ្លែងថា «គម្រោងសាងសង់គឺមិនមានអ្វីប៉ះពាល់ទេ បើទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ ១៩។  ការសាងសង់ យើងអត់ខ្វល់ថា ប្រជាជនចាប់ផ្តើមទិញ ឬមិនទិញនៅក្នុងពេលមានវិបត្តិនេះទេ ។ យើងអត់គិតអីចឹងទេ ពីព្រោះថា យើងមានលុយគ្រប់គ្រាន់ ក្នុងការសាងសង់ ទៅតាមគម្រោង និងផែនការដែលបានគ្រោង»។

លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានឱ្យដឹងថា សម្រាប់គម្រោងសាងសង់សំណង់ស្ទើរតែគ្រប់គម្រោង អាចនឹងប៉ះពាល់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយសារ ទាំងកម្មករ ទាំងអ្នកលក់គ្រឿង និងម្ចាស់គម្រោងកំពុងតែចូលរួមទប់ស្កាត់ប្រឆាំងនឹងជំងឺកូវីដ ១៩នៅក្នុងប្រទេស។

លោក សំ សុខនឿន បញ្ជាក់ថា បញ្ហានេះ អាចធ្វើឱ្យកម្មករសំណង់ខ្លះ អាចនឹងឈប់ ឬ មិនអនុញ្ញាតឱ្យជួបជុំគ្នាក្នុងចំនួនច្រើន ដែលនេះ អាចថា ម្ចាស់គម្រោងអភិវឌ្ឍន៍ពន្យាពេលក្នុងការសាងសង់ក្នុងរយៈពេលខ្លីណាមួយ ប៉ុន្តែ គម្រោងនីមួយៗ គឺមិនមានការផ្អាកទាំងស្រុងនោះទេ ។

លោកថ្លែងថា « នៅក្នុងខែនេះ យើងអាចនិយាយបានថា គាត់អាចពន្យាពេលតិចតួច ឬអនុញ្ញាតឱ្យកម្មករសម្រាក់នៅផ្ទះ និងខ្លះទៀត មិនទៅធ្វើការ ក្នុងកិច្ចការទប់ស្កាត់ជំងឺកូវីដ ១៩ នេះ បានធ្វើឱ្យការងារសំណង់របស់យើងមានការយឺតយ៉ាវបន្តិច   ប៉ុន្តែបើផ្អាក់ គឺអត់ទេ»។ 

បើតាម លោក សំ សុខនឿន  ព្រឹត្តិការណ៍ ២០ កុម្ភៈនេះ  គឺជាព្រឹត្តិការណ៍លំបាកមួយសម្រាប់ប្រទេសកម្ពុជា  ព្រោះមានករណីឆ្លងនូវជំងឺកូវីដ ១៩  ខ្លាំងជាងព្រឹត្តិការណ៍មុនៗ ដែលធ្វើឱ្យប៉ះពាល់ទៅដល់អាជីវកម្មគ្រប់ប្រភេទទាំងអស់នៅក្នុងទីក្រុងភ្នំពេញ ទាំងទីផ្សារទិញ លក់អចលនទ្រព្យនៅក្នុងអំឡុងព្រឹត្តិតការណ៍ គឺអតិថិជនមិនមានការសម្រេចចិត្តការទិញនោះទេ៕