សូមចូល Telegram ក្រមាប៉ុស្ដិ៍ មានអត្ថបទព័ត៌មានកាន់តែរហ័ស
ប៉ាម៉ាក់ និងមនុស្សធំគឺជាគំរូល្អមួយក្នុងការដឹកនាំអ្នកជំនាន់ក្រោយឱ្យស្រលាញ់ និងចូលចិត្តទម្លាប់ការអានសៀវភៅដើម្បីជាចំណេះដឹងពិសេសកូនៗ ក្មួយៗរបស់ពួកគេ។ នៅក្នុងឱកាសអបអរទិវាជាតិអំណានក្រោមប្រធានបទ"អំណានក្នុងបរិបទកូវីដ-១៩" វិធីសាស្រ្តសំខាន់ពីរដោយក្រសួងអប់រំបានលើកឡើងដើម្បីជាគន្លឹះជួយដល់ប៉ាម៉ាក់ឬមនុស្សធំអាចជួយបង្កើតទម្លាប់និងការស្រលាញ់ចូលចិត្តការអានទៅដល់ក្មេងៗ ពិសេសកុមារដែលកំពុងរៀនថ្នាក់ទី១ឬទី២ ដែលមានដូចខាងក្រោម៖
វិធីសាស្រ្តទី១គឺការជ្រើសរើសសៀវភៅឱ្យត្រូវនឹងក្មេង
១.គួរជ្រើសរើសសៀវភៅដែលលម្អដោយរូបភាពទាក់ទាញ។
២.ជ្រើសរើសសៀវភៅដែលមានទំព័រតិចល្មម(មិនលើសពី២០ទំព័រ)។
៣.ជ្រើសរើសសៀវភៅដែលមានអក្សរតិចដែលមាន១បន្ទាត់ឬ២បន្ទាត់ក្នុងមួយទំព័រ។
៤.នៅពេលអានគួរឱ្យក្មេងៗអានដោយចាប់ផ្តើមពីទំព័រទី១សិន។
៥.នៅពេលកូនៗឬក្មេងៗកំពុងអានអ្នកអាចរាប់ចំនួនពាក្យដែលពួកគេពិបាកអាន ឬមិនអាចអានបានសោះ។ បើពួកគេពិបាកអានលើសពី៣ពាក្យគឺគួរគប្បីរើសសៀវភៅផ្សេងដែលមានកម្រិតទាបជាងវិញ។ បើការអានរបស់ពួកគេពិបាកត្រឹមចំនួន៣ពាក្យ ឬតិចជាង៣ពាក្យ គឺមានន័យថាពួកគេកំពុងអានត្រូវនឹងកម្រិតខ្លួន។ ហើយប្រសិនបើពួកគេអានគ្មានខុសពាក្យណាមួយសោះអ្នកអាចជ្រើសរើសសៀវភៅបន្ទាប់ដែលមានកម្រិតខ្ពស់ជាងនេះ។
គួរសម្គាល់ដែរថាការជ្រើសរើសសៀវភៅជាមធ្យោបាយដើម្បីឱ្យក្មេងៗអនុវត្តការអាននិងរីករាយក្នុងការអានដោយមិនធុញទ្រាន់ក្នុងការអានសៀវភៅដែលមានកម្រិតខ្ពស់ជាងជាបន្តបន្ទាប់ហើយនៅពេលពួកគេមានបទពិសោធល្អក្នុងការអាននាពេលបន្ទាប់ពួកគេនឹងបន្តការអានសៀវភៅផ្សេងៗទៀត។
វិធីសាស្រ្តទី២គន្លឹះអនុវត្តការអានជាមួយកូនៗឬក្មេងៗ
១.បង្ហាញក្របសៀវភៅនិងឱ្យពួកគេរៀបរាប់ពិពណ៌នា ថាពួកគេបានឃើញអ្វីខ្លះលើរូបភាបនិងអាចសួរពួកគេថាតើសៀវភៅនេះនឹងនិយាយពីអ្វី?
២.អាចអនុវត្តគោលវិធីខ្ញុំធ្វើ យើងធ្វើនិងអ្នកធ្វើ ដោយអ្នកត្រូវអានយឺតៗឱ្យកូនស្តាប់ជាមុនសិនបន្ទាប់អ្នកអានយឺតៗជាមួយកូនៗ ឬក្មេងៗនិងចុងក្រោយឱ្យពួកគេអានដោយខ្លួនឯង។ ការធ្វើដូចនេះកូនៗនឹងមានទំនុកចិត្តក្នុងការអានព្រោះគេបានអនុវត្តការអានជាមួយអ្នកម្តងរួចហើយ។
៣.សួរសំនួរយល់ដឹងមួយចំនួនបន្ទាប់ពីពួកគេអានរឿងចប់សំនួរទាំងនេះអាចមាននៅខាងក្រោយនៃសៀវភៅរឿងឬអ្នកអាចបង្កើតសំនួរដោយខ្លួនឯងប្រសិនបើគ្មានសំនួរនៅខាងក្រោយសៀវភៅ។ ធ្វើបែបនេះ ដើម្បីច្បាស់ថាពួកគេបានយល់នូវអ្វីដែលពួកគេបានអាន។
៤.តាមដានមើលថាកូនៗកំពុងរៀនដល់មេរៀនណានៅសាលារៀនដូចនេះអ្នកអាចនឹងអាចរើសសៀវភៅរឿងណាមួយដែលមានអក្សរសមនឹងកម្រិតពួកគេអាន។ គួរសម្គាល់ថាអ្នកគួររើសសៀវភៅក្នុងកម្រិតមេរៀនណាតិចជាងនេះដោយពុំឱ្យលើសពីកម្រិតនោះឡើយដើម្បីឱ្យក្មេងៗចូលចិត្ត និងរីករាយអានតាមសមត្ថភាពពួកគេជាមុនសិនទើបបន្តទៅកម្រិតខ្ពស់ជាបន្ទាប់៕