បើមិនចង់រស់លំបាកយូរអង្វែង កុំរស់នៅក្នុង Comfort Zone យូរពេក

សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទព័ត៌មាន អប់រំ ធុរកិច្ចល្អៗ


Comfort Zone ត្រូវបានគេកំណត់សម្គាល់ថាជាចំណុចសុវត្ថិភាព​សម្រាប់មនុស្សម្នាក់ ឬជាចំណុច​ដែលមាន​ភាពនឹងនរបំផុត។ មានអ្នកខ្លះ​យល់ថា វាជាចំណុច​ដែលមនុស្សគួររក្សាឱ្យបានយូរអង្វែង ព្រោះវាជាចំណុចដែលធ្វើឱ្យមនុស្សមានសេចក្តីសុខ ឬ​មិនជួបភាពលំបាកជាដើម។

ការគិតបែបនេះ មិនប្រាកដថាខុសហើយក៏ប្រាកដថាត្រឹមត្រូវទាំងស្រុងដែរ។ វាពិតជាត្រឹមត្រូវដែលថាមនុស្សម្នាក់ៗគួរចេះឆ្អែតឆ្អន់ហើយ​រស់នៅក្នុងតំបន់សុវត្ថិភាពសម្រាប់ខ្លួនឯង តែវាមិនមែនជាចំណុចត្រឹមត្រូវពេកនោះទេដែលត្រូវរស់នៅស្ងៀម ងាប់ក្រលាហើយមិនព្រមអភិវឌ្ឍឱ្យកាន់តែខ្លាំងនោះ។ ម្យ៉ាងវិញទៀត បើគិតលើ​ស្ថានភាពពិតនៃធម្មជាតិយើងឃើញថា មនុស្សរស់នៅក្នុងពិភពលោកដែលដែលប្រែប្រួលគ្រប់វិនាទី។ ហេតុនេះទោះនៅស្ងៀមក៏​មិនប្រាកដថាទទួលបានសេចក្តីសុខរហូតដែរ។

លោក កែវ ឡង់ឌី អគ្គនាយកក្រុមហ៊ុនស្រម៉ោចត្រេឌីង បានលើកឡើងថា ការដែលយើងនៅស្ងៀមហើយមិនព្រមអភិវឌ្ឍអ្វីសោះ អាចនឹងធ្វើឱ្យយើង​​ជួបនឹងបញ្ហាទៅវិញទេ ព្រោះទោះបីជាយើងមិនរត់ទៅរកបញ្ហាក៏បញ្ហាវារត់មករកយើងដែរ។ ហេតុនេះ អ្វីដែលអាចធ្វើបានគឺព្យាយាមគ្រប់លទ្ធភាពដើម្បីអភិវឌ្ឍខ្លួនឯងឱ្យបានល្អ ដើម្បីជំរុញឱ្យជីវិតកាន់តែប្រសើរ។ ព្យាយាម​អភិវឌ្ឍសមត្ថភាព ទំនាក់ទំនង និង​អាជីវកម្មជាដើមអាចធ្វើឱ្យយើងលំបាក ជួបរឿងស្មុគស្មាញ តែវាក៏អាចធ្វើឱ្យយើងរកឃើញសេចក្តីសុខនៅក្នុងការតស៊ូនោះដែរ។

សហគ្រិនខាងលើបានបញ្ជាក់ថា យើងអាចមើលឃើញថា​មនុស្សដែលតស៊ូជាមួយនឹងជីវិត ជាអ្នកដែលឆ្លងកាត់រឿងលំបាកជាច្រើន ដែលមើលទៅដូចជាវេទនា តែសម្រាប់ខ្លួនគេផ្ទាល់គេអាចមើលឃើញរូបភាពផ្សេង។ រឿងខ្លះដែលមនុស្សទូទៅមើលឃើញថាវាជារឿងដែលមិនអាចធ្វើបានដោយងាយ បែរជាត្រូវបានមនុស្សម្នាក់ទៀតយល់ថាជាលំហាត់ថ្មីដ៏គួរឱ្យជក់ចិត្តសម្រាប់ជីវិតក៏ថាបាន។ 

ហេតុនេះ មនុស្សម្នាក់ៗគួរព្យាយាម​រកឱ្យឃើញនូវ​​គោលដៅចម្បងរបស់ខ្លួនឱ្យឃើញ ហើយចាប់ផ្តើមបញ្ចេញសកម្មភាព​ដើម្បីឆ្លងឱ្យផុតដំណាក់កាលលំបាកនានា ហើយឆ្ពោះទៅរកកន្លែងដែលខ្លួនចង់ទៅ។ ការធ្វើបែបនេះ ថ្វីត្បិតតែលំបាកខ្លះ តែវាមិនលំបាកដល់​អង្គុយរង់ចាំបញ្ហាលំបាកស្មុគស្មាញចូលមកដល់ ដោយគ្មានការអភិវឌ្ឍនោះទេ៕