ផ្ទៀងផ្ទាត់ប្រភព ជាចំណុចសំខាន់ដើម្បីការពារខ្លួន ពីព័ត៌មានក្លែងក្លាយនាពេលបច្ចុប្បន្ន

សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទព័ត៌មាន អប់រំ ធុរកិច្ចល្អៗ

ស្ថិតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននេះ ប្រព័ន្ធព័ត៌មាន​ហាក់កំពុងរីកចម្រើនយ៉ាងខ្លាំង ដែលអនុញ្ញាតឱ្យមនុស្សទទួលបានប្រភពព័ត៌មានយ៉ាងងាយ។ ទោះជាយ៉ាងនេះក្តី ប្រភពព័ត៌មានដែលកំពុងរីករាលដាលទាំងអស់នោះ មិនមែនសុទ្ធតែជាព័ត៌មានមានប្រយោជន៍ទាំងស្រុងនោះទេ តែពេលខ្លះវាជាប្រភេទព័ត៌មាន​ពុល ឬព័ត៌មានក្លែងក្លាយដែលបង្ករបញ្ហាដល់ការរស់នៅរបស់យើង។

ពាក់ព័ន្ធនឹងបញ្ហានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញអេឌ្យូខេសិនគ្រុប បានលើកឡើងថា បច្ចុប្បន្ននេះដោយសារតែការរីកចម្រើនផ្នែកបច្ចេកវិទ្យា មនុស្សគ្រប់គ្នាអាចមើលឃើញនូវរឿងរ៉ាវជាច្រើនលើបណ្តាញសង្គម។ ប្រភពព័ត៌មានទាំងអស់នោះ មានរឿងខ្លះជារឿងល្អ ផ្តល់ផលប្រយោជន៍សម្រាប់ជីវិត និងការរកស៊ីតែប្រភពព័ត៌មានខ្លះទៀត ជាព័ត៌មានមិនពិតឬជាព័ត៌មានដែលត្រូវបានគេបង្កើតឡើង ក្នុងគោលបំណងមិនល្អណាមួយ។ ហេតុនេះប្រសិនបើយើង​ចេះតែ​ Like, Share ឬចេះតែ​ទទួលយក​វា អាចនឹងជះផលប៉ះពាល់ដល់យើងវិញ។

លោកឧកញ៉ា បានលើកឡើងជាដំណោះស្រាយថា ដើម្បី​ធានាថា​យើងអាចជៀសផុតពីផលប៉ះពាល់ទាំងអស់នោះអ្នកមើលព័ត៌មានចាំបាច់ត្រូវតែចេះផ្ទៀតផ្ទាត់ប្រភព (cross check) ព្រោះ​គ្រប់ផ្នែកទាំងអស់ក្នុងសង្គមសុទ្ធតែមានប្រភពដើម ឬគេហទំព័រផ្លូវការ​ដែលជាឯកសារគោល។ ហេតុនេះ មុននឹង​ជឿលើរឿងណាមួយ យើងអាច​ចូលទៅកាន់ប្រភពដើម​ដើម្បីធ្វើការផ្ទៀតផ្ទាត់ជាមុនសិន ថាតើរឿងនោះជារឿងពិតឬមិនពិត។

បន្ថែមពីលើនេះ ទោះបីជារឿងនេះជារឿងពិតឬមិនពិតក៏ដោយ ដើម្បីកុំឱ្យប៉ះពាល់​ដល់ខ្លួនឯងអ្នកមើលព័ត៌មានត្រូវតែ​ចេះគិតស៊ីជម្រៅ (critical thinking) ឱ្យបានច្បា់សលាស់ មុននឹង​ប្រតិកម្មតប ឬធ្វើការប្រតិកម្មលើរឿងណាមួយ។

បន្ថែមពីលើនេះ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ស្ថិតក្នុងយុគ្គសម័យបច្ចេកវិទ្យា 4.0នេះ ប្រភពព័ត៌មាន​ទាំងល្អនិងក្លែងក្លាយ បានប្រឈមគ្នាចូលមកក្នុងការរស់នៅរបស់មនុស្ស។ វាបង្កើតបានជាបញ្ហាជាច្រើនដល់ការរស់នៅ​សម្រាប់មនុស្សលើពិភពលោក។ 

ហេតុនេះដើម្បី​ការពារខ្លួនពីប្រភពព័ត៌មានមិនល្អមនុស្សម្នាក់ៗចាំបាច់ត្រូវតែចេះ​ពិនិត្យឱ្យបានច្បាស់លាស់ ផ្ទៀងផ្ទាត់ឱ្យបានល្អនិង​ពិចារណាឱ្យបានច្បាស់លាស់​បំផុតនៅពេលឃើញប្រភព័ត៌មានណាមួយ។អ្នកមើលព័ត៌មានត្រូវពិនិត្យឱ្យបានច្បាស់លាស់ថា តើប្រភពព័ត៌មានដែលយើងកំពុងមើលនេះ ជាគេហទំព័រព័ត៌មានផ្លូវការ ឬគ្រាន់តែជា Website ដែលគេសរសេរព័ត៌មានធម្មតា។ ​បន្ថែមពីលើនេះក៏ចាំបាច់ត្រូវមើលឱ្យបានល្អិតល្អន់ ពីប្រភព​ដែលផ្តល់ព័ត៌មាននៅក្នុងអត្ថបទនោះ ថាតើជាប្រភពផ្លូវការ ឬគ្រាន់តែជាការដកស្រង់តាមបណ្តាញសង្គម៕