ចន្លោះប្រហោង​ក្នុងការគ្រប់គ្រងកូនពីបណ្តាញសង្គម ​អាចជះឥទ្ធិពលខ្លាំងហួសពីការស្មាន

ស្ទើរពេញពិភពលោកទៅហើយដែលអាណាព្យាបាល បានបណ្តោយឱ្យកូន​ប្រើប្រាស់បណ្តាញសង្គមឬឧបករណ៍អេឡិចត្រូនិក។ ស្ថានភាពនេះបានកើនឡើងកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺឆ្លងជាសកលកូវីដ-១៩នេះ។

ស្ថិតក្នុងដំណាក់កាលនេះ ស្ថាប័ន​ផ្សព្វផ្សាយពីការអប់រំ Education World បានលើកឡើងថា អាណាព្យាបាលជាច្រើនហាក់បានមើលឃើញ និងយកចិត្តទុកដាក់លើបញ្ហាដែលកើតឡើងដោយសារតែបណ្តាញសង្គមសម្រាប់កុមារព្រោះពួកគេបានមើលឃើញជាក់ស្តែង ពីផលប៉ះពាល់​ជាច្រើនដែលកើតមានឡើងសម្រាប់ការរស់នៅ។ កុមារមួយចំនួនមិនចេះនិយាយ ខណៈកុមារខ្លះមានអាកប្បកិរិយាអាក្រក់​ ដោយសារតែការមើលគំរូមិនល្អពីមាតិកាអវិជ្ជមាននានាក្នុងបណ្តាញសង្គម ដូចជាវីដេអូអំពើហិង្សារ រូបភាពអាសអាភាស និង​ការជេរប្រមាថជាដើម។

អ្នកជំនាញចិត្តសាស្ត្របានមើលឃើញថា ផលប៉ះពាល់ទាំងអស់នេះអាចនឹងធ្វើឱ្យកុមារ ក្លាយជាមនុស្សហិង្សា មានបញ្ហាផ្លូវចិត្ត និងមានចរិតមិនល្អ​នៅពេលពួកគេធំឡើង។ យុវភាពរបស់គេអាចនឹងខ្មៅងងឹត ឬក្លាយជាឧក្រិដ្ឋជនក៏មាន ដោយសារតែគេយល់ថា ពិភពលោកកំពុងធ្វើសកម្មភាពហិង្សាទាំងអស់នោះ ហើយវាមិនមែនជាកំហុសធ្ងន់ធ្ងរនោះទេនៅពេលពួកគេអនុវត្តវា។

ជាដំណោះស្រាយស្ថាប័ន Education World ណែនាំថា បន្ថែមពីលើចំណាត់ការឬ​សកម្មភាពក្នុងការគ្រប់គ្រងកូនលើការប្រើប្រាស់បណ្តាញសង្គម អាណាព្យាបាលគួរ​សាកល្បងអនុវត្តសកម្មភាពមួយចំនួន ​ដើម្បីអាចឱ្យកូនទទួលបានទាំងគុណសម្បត្តិពីការប្រើប្រាស់បណ្តាញសង្គម និង​ការពារពួកគេពីមាតិកាមិនល្អ។

ចំណុចសំខាន់ទី១ គឺកំណត់មាតិកាឱ្យគេមើល ឬ Download វីដេអូ ដែលល្អសម្រាប់កុមារជំនួសឱ្យការ​អនុញ្ញាតឱ្យកុមារចូលទៅមើលផ្ទាល់តែរយៈInternet។ តាមពិតទៅ នៅក្នុងបណ្តាញសង្គមដូចជាប្រព័ន្ធ Youtube ជាដើម មានទាំងរឿងល្អ និងមិនល្អ។ ហេតុនេះអាណាព្យាបាលខ្លះ បាន​គ្រប់គ្រងលើការ Search របស់កូនឬព្យាយាមដាក់តែមាតិកាសម្រាប់កុមារ ឱ្យគេមើល​បន្ទាប់មកក៏បណ្តោយឱ្យកុមារកាន់ប្រើប្រាស់ដោយខ្លួនឯង ដោយគិតថាវាសុវត្ថិភាព 100%។ ការធ្វើបែបនេះមិនប្រាកដថាជារឿងត្រឹមត្រូវនោះទេ ព្រោះក្រោយពេលអាណាព្យាបាលដើរចេញកុមារអាចនឹងបន្តចុចចូលទៅមាតិកាជាច្រើនផ្សេងទៀត ដែលក្នុងនោះក៏អាចមានមាតិកាគ្រោះថ្នាក់សម្រាប់កុមារផងដែរ។ហេតុនេះ ជម្រើសល្អបំផុត គឺ Download សម្រាប់ពួកគេតែម្តង។

ចំណុចសំខាន់ទី២ គឺចំណាយពេលវេលាដើម្បីមើលជាមួយកូន។ វាអាចជាជម្រើសល្អមួយក្នុងការបង្ហាញពីការយកចិត្តទុកដាក់ បង្ហាញភាពស្និទ្ធស្នាលនិងថែមទាំងអាចគ្រប់គ្រងបានល្អនូវសកម្មភាពនៃការប្រើប្រាស់​របស់កុមារតូច៕