គ្មាននរណាម្នាក់ដែលមិនចង់ស្អាតនោះទេ ជាពិសេសចំពោះស្រ្តីដែលមានចំណុចតូចតាចជាច្រើនៗ សម្រាប់បង្កើនសម្រស់របស់ខ្លួនឱ្យមើលទៅមានភាពទាក់ទាញពីមនុស្សជុំវិញខ្លួន ជាពិសេសមនុស្សសំខាន់ និងត្រូវតែស្អាតដើម្បីខ្លួនឯងជាដើម។ បច្ចុប្បន្នយើងក៏ឃើញថាមិត្តនារីៗនិយមតរោមភ្នែក ហើយការតរោមភ្នែកក៏បានជួយបង្កើនសម្រស់បានមួយកម្រិតធំផងដែរ។ សម្រាប់អត្ថបទនេះនឹងបង្ហាញពីរឿងមួយចំនួនគួរតែជៀសវាងក្រោយពេលតរោមភ្នែករួច៖
១.គ្រឿងសម្អាងមួយចំនួន៖ នៅក្រោយពេលដែលអ្នកបានតរោមភ្នែករួចរាល់ហើយ អ្នកគួរតែជៀសវាងការប្រើប្រាស់គ្រឿងសម្អាងដែលមានសារជាតិខ្លាញ់ច្រើន ព្រោះអាចធ្វើឱ្យកាវដែលយកមកតនោះរលាយបាន និងឆាប់បាត់បង់ភាពស្រស់ស្អាត។
២.កុំលាបម៉ាស្ការ៉ា៖ អ្នកមិនអាចលាបម៉ាស្ការ៉ាបានឡើយ ព្រោះពេលលាបហើយជូតវិញដាច់ទាំងរោមភ្នែកភ្នែកធម្មជាតិរបស់អ្នកមកជាមួយថែមទៀតផង។ ចំពោះ eyelinerក៏មិនគួរគូរដែរ ព្រោះនៅពេលជូតទឹក Removemake up អាចរង្គើកន្លែងបិទកាវនោះដែរ។
៣.ចំពោះការថែទាំ៖ ប្រសិនបើអ្នកថែទាំមិនបានល្អទេ នោះរោមភ្នែកតជាប់បានត្រឹមតែ២ខែប៉ុណ្ណោះ ព្រោះនៅក្រោយពេលងូតទឹក ឬក្រោយពេលលុបលាងមុខអ្នកត្រូវមានកន្សែងតូច ទន់ស្ដើងជូតបរិវេណតរោមភ្នែក បើមិនដូច្នោះទេកាវរោមភ្នែកនឹងត្រូវរបកជាក់ជាមិនខាន។
៤.ការញីភ្នែក៖ រឿងនេះអ្នកត្រូវតែគិតឱ្យបានច្បាស់មុនសម្រេចចិត្តតរោមភ្នែក ជាពិសេសសម្រាប់អ្នកដែលចូលចិត្តយកដៃញីភ្នែកញឹកញាប់ ព្រោះថាការញីភ្នែកវាអាចធ្វើឱ្យកាវរបក និងអាចប៉ះពាល់ដល់រោមភ្នែកធម្មជាតិរបស់អ្នកថែមទៀតផង។
៥.ការដករោមភ្នែកតចេញ៖ ជៀសវាងការដោះរោមភ្នែកសិប្បនិម្មិតដោយខ្លួនឯង អ្នកគួរតែទុកឱ្យវាជ្រុះដោយខ្លួនឯង ឬទៅរកអ្នកជំនាញដោះវាចេញ។ ការធ្វើបែបនេះមិនប៉ះពាល់ដល់ភ្នែក មិនឈឺ ហើយថែមទាំងមានភាពងាយស្រួលទៀតផង។
ចំពោះចំណុចទាំងនេះអ្នកត្រូវតែបានអនុវត្តក្រោយពេលដែលអ្នកបានតរោមភ្នែករួចរាល់ ប្រសិនបើមិនចង់ឱ្យរោមភ្នែកតឆាប់របូត ឬប៉ះពាល់ដល់រោមភ្នែកធម្មជាតិរបស់អ្នកទេនោះ។ ម្យ៉ាងវិញទៀតអ្នកក៏ត្រូវតែទទួលបានការពិភាក្សាពីគ្រូពេទ្យជំនាញ ដើម្បីដឹងពីទម្រង់រោមភ្នែកដែលតហើយសាកសមជាមួយអ្នក៕