ធ្វើការពីផ្ទះ តែនៅរវល់ ហត់ដូចគ្មានពេលដកដង្ហើម មកមើលដំណោះស្រាយនេះវិញ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បរិបទ​ការងារ​ថ្មីដោយ​ធ្វើ​ការ​​​​​តម្រូវ​ឱ្យ​នៅ​ផ្ទះ​ច្រើន ព្រោះ​ការ​រាត​ត្បាត​ពី​វីរុស​កូវីដ ​និង​ត្រូវ​ប្រើ​មធ្យោបាយ​បច្ចេក​វិទ្យា​សម្រួល​ការងារ​។ តែ​យ៉ាង​ណា​ក៏​មាន​បញ្ហា​​ទាក់​ទង​មួយកើត​ឡើង​​ផង​ដែរ​នោះគឺ​​ ធ្វើ​ការងារ​នៅ​ផ្ទះក៏​បែរ​ជា​រវល់​ច្រើន​​ស្ទើរ​តែ​គ្មាន​ពេល​​​សម្រួល​ឥរិយាបថ​ ឈរ​ពត់​ខ្លួន​ឱ្យ​ស្វាង​ពី​កិច្ច​ការ​ខ្លះ​មិន​បាន។ បញ្ហា​ដែល​លើក​ឡើង​នេះត្រូវ​បាន​អ្នក​ជំនាញ​​ផ្នែក​ការងារ​មួយ​រូប បាន​ចែក​រំលែក​ជា​ចំណុច​​គន្លឹះ​ដោះ​ស្រាយ​បញ្ហា​​រវល់​គ្មាន​ពេល​សម្រាក​​ដូច​ខាង​ក្រោម​៖

.កំណត់"​ម៉ោង​ការងារ"

ចំណុច​នេះគឺ​បាន​សម្តៅ​​ថា បើ​អ្នក​ចង់​បាន​​ពេល​សម្រាក​ខ្លះក៏​គួរ​​លៃ​លក​បង្កើត​ម៉ោង​ពេល​​ប្រាកដ​ប្រជា​មួយ​​នៃ​ពេល​ដែល​អ្នក​ត្រូវ​ធ្វើ​ការ និង​ពេល​ណា​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​ការ​។ ធ្វើ​បែប​នេះ គឺ​ដើម្បី​បង្ការ​ថាអ្នក​មិន​យក​ម៉ោង​ធ្វើ​ការ​ទៅ​​មើល​Youtube លេង​ហ្គេម អាន​ប្រលោម​លោក ហើយ​ទៅ​យក​​ពេល​ត្រូវ​សម្រាក​ភ្នែក​ អង្គុយ​សមាធិ ទៅ​បើក​Laptop ធ្វើ​ការ​វិញ។

ទោះ​បី​​កាលៈទេសៈ​ខ្លះអ្នក​​ត្រូវ​​បត់​បែន​(Flexible) តាម​ភាព​សំខាន់​និង​បន្ទាន់​នៃ​ការងារដែល​នេះ​ជា​រឿង​មួយ។ ប៉ុន្តែ​ជា​មួយ​គ្នា​​នេះ​សម្រាប់​ការងារ​មិន​បន្ទាន់​បង្ខំ​ ការ​ចេះ​កំណត់​បែង​ចែក​ពេល​ច្បាស់​នឹង​ជួយ​សម្រួល​បញ្ហា​ដល់​អ្នក​។ពិសេស​​ទទួល​ស្គាល់​ថាទោះ​ចប់​ម៉ោង​ការងារសារ​ Telegram សារ​GroupMessenger ការងារ​នៅ​តែ​លោតប៉ុន្តែ​កិច្ច​ការ​ដែល​បន្ត​ទៅ​ថ្ងៃ​ស្អែក​បានក៏​ត្រូវ​តែ​គោរព​ម៉ោង​ពេល​ដែល​អ្នក​បាន​កំណត់​បើ​ពុំ​នោះ​ទេ ការងារ​ឡូក​លំអ្នក​នឹង​មាន​អារម្មណ៍​ថា​ហត់​ពេញ​មួយ​ថ្ងៃ​។

.បង្កើត​ទម្លាប់​វិន័យ​​លើ​ការ​បញ្ចប់​កិច្ច​ការងារ

​​បន្ថែម​ពី​​ការ​កំណត់​ម៉ោង​​​​ពេល​ការងារអ្នក​ក៏​អាច​បង្កើត​ចេញ​ទម្លាប់​មួយ​សម្រាប់​វិន័យ​ការងារ​ផង​ដែរនោះ​គឺ ទម្លាប់​​​បិទ​បញ្ជី​កិច្ច​ការ​ដោយ​ការ​ឱ្យ​សញ្ញា​​វិន័យ​ទៅ​ខួរ​ក្បាល​។ ចំនុច​នេះ មាន​ន័យ​ថានៅ​គ្រប់​ពេល​ចុង​ម៉ោង​ការងារអ្នក​អាច​​យក​ពេល​នោះទៅ​ពិនិត្យ​មើល​​​ចំណែក​ការងារ​ណា​ដែល​នៅ​សល់ ហើយ​អាច​លៃ​ពេល​ទុក​ធ្វើ​​ថ្ងៃ​បន្ទាប់ និង​កិច្ច​ការងារ​ណា​ខ្លះត្រូវ​ដោះ​ស្រាយ​ក្នុង​ពេល​​កំណត់​មួយ​។ អ្នក​អាច​​បង្កើត​ឃ្លា​សម្រាប់​​ខ្លួន​​ឯង​ថា"បេសសកម្ម​បាន​ជោគ​ជ័យ​"នៅ​​រាល់​ពេល​ចុច​ប៊ូតុង​Shutdown ធ្វើ​ដូច​នេះអ្នក​នឹង​មិន​រវើ​​រវាយ​ខ្វល់​ខ្វាយ​ខ្លាំង​ទៅ​លើ​កិច្ច​ការងារ​ដែល​បាន​សម្រេច​​ថា​បាន​​បិទ​បញ្ជី​ហើយព្រោះ​ថា​​មុន​ពេល​​បិទ​កុំ​ព្យូទ័រគឺ​​​តែង​រំលឹក​ថា អ្នក​បាន​Clearការងារ​អស់​ហើយ។ ដូច​នេះ អ្នក​នឹង​សល់​ពេល​​វេលា​ឯកជន​សម្រាប់​ខ្លួន​ឯងនិង​មិន​សូវ​នឿយ​ណាយ​។


.លទ្ធភាព​អាច​ប្តូរ​ឧបករណ៍​​តាម​បែង​ចែកឬ​ការ​ប្តូរ​Modes

ចំណុច​នេះសម្តៅ​ទៅ​លើ​ឧបករណ៍ ឬ​សម្ភារៈ​​​មួយ​ណា​សម្រាប់​ការងារ និង​មួយ​ណា​មិន​សម្រាប់​ការងារសម្រាប់​តែ​ទិន្នន័យ​ផ្ទាល់​ខ្លួនគ្រួសារ ឬ​ការ​កម្សាន្ត​។ តាម​វិធី​ដូច​រៀប​រាប់​អ្នក​នឹង​មិន​រញ៉េ​រញ៉ៃ​លើ​​មួយ​ណា​​ផ្តោត​លើ​ម៉ោង​​ការងារនិង​​​មួយ​ណា​សម្រាប់​គ្រួសារ​។ ក្នុង​ករណី​ដែល មិន​មាន​លទ្ធភាពអ្នក​ក៏​អាច​ប្រើ​តាម​រយៈModesឧទាហរណ៍​កុំ​ព្យូទ័រ​មួយ​គ្រឿង​​អាច​ប្តូរ​គណនីLog in មួយ​ការងារនិង​មួយ​ទៀត​​​គឺ​ផ្ទាល់​ខ្លួន។ បែប​នេះ ក៏​​អាច​ជួយ​អ្នក​បែង​ចែក​ច្បាស់រវាង​ការងារ និង​ជីវិត​។

.ចេញ​ក្រៅ

ស្តាប់​មើល​ទៅ​ហាក់​ចម្លែកប៉ុន្តែ​ការ​ស្រាវជា្រវ​ជា​ច្រើន​បន្ត​បន្ទាប់លទ្ធផល​នៅ​តែ​បង្ហាញ​ថាអ្នក​ធ្វើ​ការ​ក្រោ​យ​ពេលបាន​​ចេញ​ក្រៅ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ឬ​ផ្សារ​ភ្ជាប់​នឹង​ទី​កន្លែង​ធម្មជាតិ​​ខ្លះដូ​ច​ជា​សួន​​ធម្មជាតិបឹង​បួរ សមុទ្រ ​កន្លែង​មាន​ដើម​ឈើឬ​រុក្ខជាតិ ​ដែល​វិទ្យាសាស្រ្ត​​បង្ហាញ​ថា​មាន​ឥទ្ធិពល​ជួយ​ឱ្យ​​អារម្មណ៍និង​ចិត្ត​អ្នក​បាន​សម្រាក។ ហើយ​អ្នក​ក៏​នៅ​តែ​ត្រលប់​ទៅ​បំពេញ​ការងារ​ដោយ​ភាព​ស្រស់​ថ្លា និង​​គុណភាព​ជា​ង​មុន​ទៀត​ផង​។ មាន​ពេល​សម្រាក​ខ្លះអ្នក​អាច​ដើរ​លំហែ​នៅ​ធ្លា​ក្បែរ​ផ្ទះ ឬ​ដើរ​ជិត ឬ​ក្បែរ​ៗ​​ធម្មជាតិ​អារម្មណ៍​នឹង​បាន​រីក​រាយ​បាន​សម្រាក​ពី​ការងារ និង​អារម្មណ៍​បាន​ប្រសើរ​ឡើង​វិញ៕