ដីឡូតិ៍ក្នុងវិបត្តិកូវីដ១៩ នៅជាយក្រុងព្រះសីហនុ ទោះមិនផុសផុលតែមិនស្ងាត់ឈឹង

ព្រះសីហនុ៖ តម្រូវការទីផ្សារដីឡូតិ៍ដែលមានតម្លៃសមរម្យ ស្ថិតនៅតាមតំបន់ជាយក្រុងព្រះសីហនុនៅពេលនេះ នៅតែមានតម្រូវការពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលនៅតាមស្រុក និងខេត្តក្បែរខាងមួយចំនួន បើទោះបីជាមិនផុសផុលក៏មិនស្ងាត់ឈឹងនោះដែរ។

លោក ឌុច ឌៀប អ្នកគ្រប់គ្រងការលក់គម្រោងដីឡូតិ៍ខ្នាតតូចដែលជាលក្ខណៈឯកជននៅក្រុងព្រះសីហនុ បានឱ្យដឹងថា មានកត្តាមួយចំនួនដែលប្រជាពលរដ្ឋនៅទីនេះ មានតម្រូវការ ព្រោះប្រភេទដីឡូតិ៍ស្ថិតនៅក្នុងស្ថានភាពធូថ្លៃ ឬតម្លៃសមរម្យ និងនៅមិនឆ្ងាយពីក្រុងព្រះសីហនុ។ អចលនទ្រព្យប្រភេទនេះ ប្រជាពលរដ្ឋខ្មែរដែលមានជីវភាពល្មមៗ និងមានចំណូលមធ្យមពួកគាត់នៅមានតម្រូវការច្រើន ពញរោះស្របទៅនឹងលទ្ធភាពរបស់ពួកគាត់។

លោក ឌុច ឌៀប បានបន្តថា ថាប្រភេទីដីឡូតិ៍ (៥មx២០ម) នៅក្បែរផ្សារជាយក្រុង មួយចំនួនម្ចាស់អភិវឌ្ឍន៍បានដាក់លក់ក្នុងតម្លៃប្រមាណ ៨ ពាន់ដុល្លារអាមេរិកឡើងទៅ ឬនៅតំបន់ខ្លះអាចមានរហូតដល់២ម៉ឺនដុល្លាក៏មាន  ប៉ុន្តែបើនៅឆ្ងាយពីតំបន់ទីប្រជុំបន្តិច មានតម្លៃមានប្រមាណចាប់ពីជាង ៦ពាន់ដុល្លារ ឬអាចទាបជាងនេះបន្ដិចអាស្រ័យទីតាំង និងស្ថានភាពដី ព្រោះភាគច្រើនស្ថិតនៅលើដីជំរ៉េល។ ទោះជាយ៉ាងណាទីផ្សារដីឡូតិ៍តម្លៃសមរម្យប្រភទនេះម្ចាស់គម្រោងនៅតែអាចមានលទ្ធភាពក្នុងការលក់ចេញបាន។ 

លោកថ្លែងថា «គេលក់ទៅតាមកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលភាគច្រើនប្រជាពលរដ្ឋដែលរស់នៅតាមស្រុកមួយចំនួនក្នុងខេត្តព្រះសីហនុ ហើយក៏មានអ្នកមកពីខេត្តដទៃទៀតដែរ សូម្បីអ្នករស់នៅភ្នំពេញមួយចំនួនក៏ទិញដូចគ្នា។ ទោះក្នុងស្ថានភាពបែបនេះ យើងឃើញមាន ម្ចាស់អភិវឌ្ឍន៍មួយចំនួន បាននឹងកំពុងបន្តធ្វើការវិនិយោគដីឡូតិ៍នៅតាមជាយក្រុងព្រះសីហនុ ប៉ុន្តែ ទោះច្រើនបែបនេះក៏នៅតែលក់ដាច់ដែរ»។

ដោយឡែក លោក ព្រហ្ម ស៊ីថាណា នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ SITHANA Realty ដែលកំពុងប្រតិបត្តិការនៅក្នុងក្រុងព្រះសីហនុ បានគូសបញ្ជាក់ដែរថា នៅក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីដ១៩ នេះ ទីផ្សារអលនទ្រព្យស្ទើរតែគ្រប់ប្រភេទនៅក្នុងក្រុងព្រះសីហនុនៅតែបន្តមានសភាពស្ងប់ស្ងាត់ ដូចទៅនឹងវិស័យផ្សេងៗទៀតដែរ ព្រោះអ្នកទិញភាគច្រើន នៅមិនទាន់ហ៊ានចំណាយលុយច្រើនទៅលើការវិនិយោគក្នុងវិស័យមួយនេះវិញនៅឡើយ។

លោកបញ្ជាក់ថា «សម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុនាពេលនេះ គឺមានសភាពស្ងប់ស្ងាត់មែនទាំងការទិញ លក់ និងជួល ប៉ុន្តែចំពោះតម្លៃវិញ គឺមិនមានការធ្លាក់ចុះនោះទេ បើមានគឺមានតែម្ចាស់ដី ឬម្ចាស់អគារណាមួយមានបញ្ហាលុយជាមួយធនាគារ ដែលអាចបង្ខំចិត្តលក់។ ប៉ុន្តែសម្រាប់ការព្យាករណ៍របស់ខ្ញុំ បើទោះបីមានបញ្ហាប្រឈមក៏ដោយ វាអាចនឹងមានសន្ទុះឡើងវិញ ក្រោយពីស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកមានភាពធូស្បើយ ព្រោះពេលនេះចាប់ផ្តើមមានការចាក់វ៉ាក់សាំងនៅតាមប្រទេសមួយចំនួនជាបណ្តើរហើយ សូម្បីតែកម្ពុជា»។ 

លោកបន្តថា« នៅពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាដំណើរការឡើងវិញ និងមានការធ្វើដំណើរចេញចូលពីក្រៅប្រទេសមកកាន់កម្ពុជា វាប្រាកដណាស់ថានឹងងើបឡើងវិញ។ ណាមួយស្រុកយយើងកំពុងមានការអភិវឌ្ឍន៍ ដូច្នេះវិស័យអលនទ្រព្យក៏ឡើងតាមហ្នឹងដែរ»៕