២ខែដើមឆ្នាំ ការនាំចេញរបស់វៀតណាមកើនឡើង ២៣ភាគរយ

វៀតណាម៖ ប្រទេសវៀតណាម មានអតិរេកពាណិជ្ជកម្មចំនួន ១,៣ពាន់លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដោយសារការនាំចេញនិងនាំចូលមានការកើនឡើងយ៉ាងខ្លាំង។ ការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ការនាំចេញបានកើនឡើង ២៣ ភាគរយស្មើនឹង៤៨,៥ពាន់លានដុល្លារអាមេរិក។

ការនាំចេញផលិតផល ឧស្សាហកម្មធុនធ្ងន់និងរ៉ែមានតម្លៃ ២៦,៦ពាន់លានដុល្លារកើន ២៧,៨ ភាគរយ ខណៈដែលឧស្សាហកម្មធុនស្រាលនិងផលិតផលសិប្បកម្មមានតម្លៃ ១៧,៣ពាន់លានដុល្លារកើន ១៨,៨ ភាគរយ។ ការនាំចេញផលិតផលកសិកម្មនិងព្រៃឈើបានកើនឡើង ២២,២ ភាគរយស្មើនឹង៣,៦ពាន់លានដុល្លារ។ ទីផ្សារធំជាងគេគឺសហរដ្ឋអាមេរិក ចិន អ៊ឺរ៉ុប អាស៊ាន កូរ៉េខាងត្បូង និងជប៉ុន។

ការនាំចូលបានកើនឡើង ២៦ភាគរយដល់ ៤៧,២ពាន់លានដុល្លារ។ ប្រទេសចិនគឺជាប្រភពធំបំផុតនៃការនាំចូល (១៧,៣ពាន់លានដុល្លារ) បន្ទាប់មកគឺកូរ៉េខាងត្បូង អាស៊ាន ជប៉ុន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

សូមជម្រាបដែរថា នៅឆ្នាំ ២០២០ ការនាំចេញរបស់វៀតណាមសរុបមានចំនួន ២៨១,៥ពាន់លានដុល្លារកើនឡើង ៦,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំខណៈការនាំចូលមានចំនួន ២៦២,៤ពាន់លានដុល្លារកើនឡើង ៣,៦ ភាគរយ៕ VN Express