ហេតុផលដែលខួរក្បាល រីករាយពេលធ្វើលំហាត់ប្រាណ និងប្រយោជន៍របស់វាក្នុងប្រសិទ្ធិភាពការងារ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

លោក​ស្រី​វេជ្ជបណ្ឌិត Wendy Suzuki អ្នក​វិទ្យាសាស្រ្ត​ឯកទេស​​លើ​ប្រព័ន្ធ​ប្រសាទ​នៃ​សាកលវិទ្យាល័យ​ញ៉ូវយក​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​តាម​រយៈ​ការ​សិក្សា​លើ​ឥទ្ធិពល​នៃ​សកម្មភាព​លំហាត់​ប្រាណថា​ការ​ដើរ​ត្រុក​ៗ ឬ​ត្រឹម​តែ​​លំហាត់​ប្រាណ​១០​នាទី មិន​ត្រឹម​តែ​ជួយ​ឱ្យ​ការ​ងារ​អ្នក​មាន​ប្រសិទ្ធិភាព​ឡើង​វិញ​​នោះ​ទេតែ​ថែម​ទាំង​ជួយ​សុខភាព​ខួរ​ក្បាល​អ្នក​រយៈ​ពេល​វែង​ទៀត​ផង​។

ការ​លើក​ឡើង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត ​គឺ​នៅ​ក្នុង​​កម្មវិធី​ចែក​រំលែក​បទ​ពិសោធមួយឈ្មោះ​TED Community។លោក​ស្រី​បាន​បញ្ជាក់​ថា ហាត់​ប្រាណ​​ពិត​ណាស់​គឺ​ជួយ​ឱ្យ​យើង​​​រក្សា​រាង​ឱ្យ​នៅ​ស្អាត ហើយ​ថែម​ទាំង​ជួយ​​ឱ្យ​កកើត​​កោសិកា​ខួរ​ក្បាល​ថ្មី​ៗ​ ដោយ​សារ​លំហាត់​ប្រាណ​ជួយ​​ដល់​​ជម្រុញ​មុខ​ងារ​​ល្អ​​ច្រើន​ក្នុង​ខួរ​ក្បាល​។"គ្រប់​ពេល​ដែល​អ្នក​ហាត់​ប្រាណគឺ​ប្រៀប​ដូច​អ្នក​ជួយ​សម្អាត​សមាស​ធាតុ​ផ្សេង​ៗ​​​ក្នុង​ខួរ​ក្បាល​ឱ្យ​ដំណើរ​ការ​ល្អហើយ​​សកម្មភាព​ហាត់​រៀង​រាល់​ថ្ងៃនឹង​ជួយ​ការពារ​ខួរ​ក្បាល​អ្នក​ចៀស​ពី​ជំងឺ​​ឈឺ​រយៈ​ពេល​វែង​ដូច​ជាជំងឺ​ភ្លេច​ភ្លាំង​និង​រវើរ​រវាយ​​ទៀត​ផង​"លោក​ស្រី​បាន​បន្ថែម​។

​​ចាប់​ផ្តើម​ឆ្លៀត​ហាត់​ប្រាណ​ឬ​ ទម្លាប់​​ចលនា​សកម្ម​​ប្រចាំ​ថ្ងៃ​​ផ្សេង​ៗ​ឱ្យ​ដូច​ទម្លាប់​ដុស​ធ្មេញ​

លោក​ស្រី​វេជ្ជបណ្ឌិត​​អាមេរិក​​រូប​នេះ ក៏​បាន​លើក​​ឡើង​បន្ថែម​​ដែរ​អំពី​ប្រយោជន៍​នៃ​ការ​ភាព​សកម្ម​​​ភ្លាម​ៗ ដែល​​ស្មើ​នឹង​ការ​ជម្រុញ​ និង​លើក​ទឹក​ចិត្ត និង​អារម្មណ៍​អ្នកពោល​គឺ​​សុខមាលភាព​ដល់​សុខភាព​ខួរ​ក្បាល​។ លោក​ស្រី​​​​ពន្យល់​ថាត្រឹម​តែ​ការ​ឆ្លៀត​ហាត់​ប្រាណ​រយៈ​ពេល​៣០​នាទីនឹង​ជួយ​ជម្រុញ​​សមាស​ធាតុ​ល្អ​​ទៅ​រាង​កាយ​ដូច​ជា Dopamine Serotonin និង​ Noradrenaline ដែល​សុទ្ធ​សឹង​ជួយ​​​ដល់​អារម្មណ៍​​យើង​បាន​ល្អ​ប្រសើរ​ ព្រម​ជា​មួយ​នឹង​ការ​ចង​ចាំអារម្មណ៍​ផ្តោត​យក​ចិត្ត​ទុក​ដាក់ដល់​រយៈ​ពេល​២​ទៅ​៣​ម៉ោង​ទៀត​​ផង​។


ជា​មួយ​ការ​លើក​ឡើង​នេះលោក​ស្រី​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត​ក៏​បាន​​ពិសោធ​ទៅ​លើ​​ក្រុម​និស្សិត​របស់​សាកលវិទ្យាល័យ​លោក​ស្រី​ផ្ទាល់ ​ដោយ​ការ​ដាក់​ពិន្ទុ។ លោក​ស្រី​សម្គាល់​ថាក្រុម​និស្សិត​​ក្រោយ​ពេល​​លោក​ស្រី​អនុញ្ញាត​ឱ្យ​ពួក​គេ​សម្រាក​ពី​​ម៉ោង​​សិក្សា​ ដោយ​ឱ្យ​​ធ្វើ​លំហាត់​ប្រាណ​​រយៈ​ពេល​ត្រឹម​១០​នាទី លោក​ស្រី​បាន​សម្គាល់​ឃើញ​ថាកម្រិត​អារម្មណ៍​ធុញ​ថប់ និង​​ការ​ត្រិះ​រិះ​របស់សិស្ស​បាន​ប្រសើរ​ឡើង​វិញ នៅ​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណដែល​នេះ​ជា​ចំណុច​វិជ្ជ​មាន​សម្រាប់​ណែ​​នាំ​​ការ​ហាត់​ប្រាណ​ដល់​កម្ម​វិធី​សិក្សា​ផ្សេង​ៗ។ ជា​មួយ​គ្នា​នេះលោក​ស្រី​ក៏​បាន​​បញ្ជាក់​​ថាទោះ​មិន​បាន​ហាត់​ប្រាណសូម្បី​ការ​ដើរ​ឡើង​ចុះប្រចាំ​ថ្ងៃ​នៅ​កន្លែង​ធ្វើ​ការ​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ខាង​លើ​នេះ​ដែរ។​​

​ជា​ចុង​ក្រោយលោក​ស្រី​បាន​ណែ​នាំ​ថា នៅ​គ្រប់​ពេល​ដែល​អ្នក​គិត​​ចង់​ហាត់​ប្រាណ​ក៏​អាច​ឆ្លៀត​ហាត់​បានមិន​ប្រកាន់​ពេល ​ហើយ​ទោះ​ជា​អ្នក​រវល់​​ការងារ​ច្រើនមិន​អាច​ឆ្លៀត​ទៅ​រត់​បាន តែ​ការ​ឡើង​ចុះ​ជណ្តើរ​នៅ​កន្លែង​ធ្វើ​ការ​អ្នកក៏​រាប់​ទុក​ជា​ចលនា​សកម្ម​ហាត់​ប្រាណ​ផង​ដែរដោយ​សារ​​ភាព​សកម្ម​ជាប់​ទាក់​ទង​នឹង​ចលនា​បេះ​ដូង និង​ខួរ​ក្បាល​ច្រើន​។ ហើយ​តាម​រយៈ​​ទម្លាប់​សកម្ម​នោះ អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធិភាព​​មុខ​ងារ​ខួរ​ក្បាល​​​នៅ​ក្នុង​លទ្ធផល​ការងារ​របស់​អ្នក​កើន​​​ឡើង​វិញ​៕