ឃើញឱកាសនៃសន្ទុះការនាំចេញកើនឡើង វៀតណាមផ្ដើមផលិតកុងតឺន័រ ដោយខ្លួនឯង

វៀតណាម៖ បន្ទាប់ពីមានបញ្ហាកកស្ទះនៃទូរកុងតឺន័រក្នុងដំណាក់កាលនៃកូវីដ១៩ និងកំណើននៃការនាំចេញផលិតផលបច្ចេកវិទ្យា និងវិស័យកសិកម្ម របស់វៀតណាមកើនឡើងខ្ពស់ ជាពិសេសលើទីផ្សារអាមេរិកនិងអ៊ឺរ៉ុប ក្រុមហ៊ុនវៀតណាមមួយ បានសម្រេចចិត្តថានឹងផលិតទូកុងតឺន័រស្ដង់ដារអន្តរជាតិក្នុងប្រទេសតែម្ដង។ 

ក្រុមហ៊ុនផលិតដែកថែប HOA PHAT (ហៅផាត) មានគម្រោងដើម្បីផលិតកុងតឺន័រ ដែលមានសមត្ថភាពផលិតទូរស្ដង់ដារអន្តរជាតិបាន៥០០,០០០ក្នុងមួយឆ្នាំ (ទូរស្ដង់ដារមាន កម្ពស់ ២,៥៩១ ម៉ែត្រ ទទឹង២,៤៣៨ ម៉ែត្រ និងបណ្តោយ៦,០៩៦ ម៉ែត្រ)ដើម្បីកាត់បន្ថយកង្វះខាតតម្រូវការនេះ។

ក្រុមហ៊ុនគ្រោងនឹងសាងសង់រោងចក្រផលិតកុងតឺន័រដំបូងបង្អស់ នៅខេត្តប៊ិញដុងឬខេត្តដុងណៃ ដែលមានទីតាំងនៅជិតកំពង់ផែ Cat Lai ក្រុងហូជីមិញ HCMC និងកំពង់ផែអន្តរជាតិCai Mep ។

លោកង្វៀនម៉ាន់តួន អនុប្រធានក្រុមហ៊ុន HOA PHAT បាននិយាយថា កុងតឺន័រទាំងនេះ នឹងត្រូវបានផលិតពីដែកថែបដែលធន់នឹងអាកាសធាតុ ជាមួយនឹងភាពធន់នឹងការច្រេះ ដែលត្រូវបានផលិតនៅរោងចក្រដែកថែប HOA PHAT ត្រូវចាប់ផ្តើមដំណើរការនៅដើមឆ្នាំ ២០២២ ។ 

លោកតួន បានពន្យល់ថា តម្លៃកុងតឺន័រដែលធន់អាកាសធាតុបែបនេះគឺខ្ពស់ ហើយវានឹងធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រសិនបើត្រូវនាំចូល ដូច្នេះយើងនឹងផលិតវា៕VN Express