សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
មនុស្សម្នាក់ៗរមែងមានទិសដៅបំពេញកិច្ចការណាមួយបានជោគជ័យ។ បើទោះជាបានរៀបចំផែនការគោលដៅច្បាស់លាស់ ព្រមទាំងបានខិតខំអស់ពីសមត្ថភាព ប៉ុន្តែពេលមួយក៏ត្រូវជួបរឿងខកចិត្ត ព្រោះត្រូវជួបបរាជ័យដោយសារការសម្រេចចិត្តខុស កំហុសបន្តិចបន្តួច ឬការភ្លាំងភ្លាត់ខ្លះ។ ដូចនេះ ផែនការច្បាស់លាស់ និងការខំប្រឹងប្រែងរមែងជួបនឹងបញ្ហាខ្លះ មិនអាចធានាបានជោគជ័យ១០០%ទេ។ តែយ៉ាងណា ទោះជួបរឿងបរាជ័យធ្ងន់ធ្ងរក្នុងការបំពេញកិច្ចការណាមួយ អ្នកក៏អាចរៀនសូត្រពីបទពិសោធន៍ខ្លះៗពីមនុស្សដែលមានស្មារតីរឹងមាំ ឬភាសាសាមញ្ញថាចិត្តធ្ងន់បានចែករំលែកតាមចំណុចបទពិសោធខ្លួនដូចខាងក្រោម៖
១.ប្រើក្រដាសបញ្ជីត្រូវធ្វើ (To-do list) ដើម្បីបង្កើនទំនុកចិត្តវិញ
សាកស្រមៃមើលកិច្ចការធំៗបានធ្វើដោយយកចិត្តទុកដាក់តែបែរជាភ្លាត់មិនបានSave ទុកហើយក៏ត្រូវបាត់បង់ព្យាយាមរកវិធីសង្គ្រោះអស់ចិត្តក៏នៅតែមិនបាន ។ ដូចនេះ គួរផ្តោតទៅលើត្រូវធ្វើឡើងវិញពោលគឺផ្តោតចំណុចតូចៗឡើងវិញហើយងាកមើលចំណុចណាខ្លះត្រូវធ្វើ និងប្រុងប្រយ័ត្ន។ អ្នកអាចមានបញ្ជីក្រដាសកត់ពីកំហុសដែលកើតឡើង និងចំណុចដែលត្រូវធ្វើដោយយកចិត្តទុកដាក់។ គួរប្រាប់ខ្លួនឯងថាសម្រេចការងារធំគឺផ្តោតលើការងារពីតូចៗ។ព្យាយាមឡើងវិញ ទោះបីអ្នកនៅខ្លាចឬបារម្ភ ធ្វើវាឡើងវិញជាជាងផ្តោតអារម្មណ៍ទៅគិតលើរឿងបរាជ័យដែលកើតលើអ្នក។
២.តម្លៃរបស់អ្នកមិនមែនមានតែលើកិច្ចការដែលបានបរាជ័យនោះទេ បើអ្នកចេះគិត
ចំនុចនេះមានន័យថាកិច្ចការដែលបរាជ័យក្លាយជាមេរៀនដ៏ល្អសម្រាប់រំលឹកអ្នកទៅវិញ។ សួរខ្លួនឯងថា"តើខ្ញុំបានរៀនអ្វីខ្លះពីបរាជ័យនោះ?”សួរដូចនេះអ្នកនឹងឃើញពន្លឺឡើងវិញគឺចំណុចខ្វះខាត ដែលអ្នកត្រូវកែឬបំពេញបន្ថែមធ្វើឱ្យកិច្ចការប្រសើរឡើង។ មានមតិមួយក៏បានលើកឡើងថា"អ្នកនឹងរៀនបានច្រើននៅពេលអ្វីមួយមានបញ្ហា"។
៣.ស្វែងរកជំនួយពីក្រុមដែលធ្វើកិច្ចការដូចអ្នក និងមនុស្សវិជ្ជមាន
ពិតណាស់ជួបរឿងបរាជ័យអារម្មណ៍អវិជ្ជមានច្រើនកើតមានឡើង។ ប៉ុន្តែអ្នកអាចស្វែងរកជំនួយពីមនុស្ស ឬក្រុមមនុស្សដែលយល់កិច្ចការប្រហាក់ប្រហែលអ្នកដែលពួកគេនឹងអាចចែករំលែកបទពិសោធបន្ថែម ឬជួយលើកទឹកចិត្តអ្នកបានប្រសើរឡើងវិញផង។ នេះក៏ព្រោះ ពួកគេធ្លាប់ជួបឬប៉ះចំអារម្មណ៍ជួបបរាជ័យពីមុនដែរ។បន្ថែមពីនោះអ្នកក៏អាចស្វែងរកការគាំទ្រពីមនុស្សវិជ្ជមានដែលពួកគេច្រើនជាមនុស្សបើកទូលាយក្នុងការស្តាប់ពីបញ្ហាអ្នក និងផ្តល់ជាជម្រើស ឬគំនិតល្អសម្រាប់អ្នកកែប្រែរឿងបរាជ័យទាំងនោះជាកម្លាំងទៅបំពេញកិច្ចការឱ្យបានប្រសើរវិញ។
៤.ចាំថាគ្មាននរណាម្នាក់ផ្តោតលើភាពបរាជ័យនៃកិច្ចការអ្នកច្រើនជាងអ្នកខ្លួនឯងទេ
ចំណុចនេះគឺសម្តៅទៅលើការចេះផ្តល់ឱកាសឱ្យខ្លួនឯងជាលើកទីពីរ។ ន័យរួមគឺថា នរណាក៏ធ្លាប់ខុសឬបង្កកំហុសខ្លះដែរ ប៉ុន្តែកិច្ចការអ្នកនឹងបានប្រសើរឡើងវិញបើអ្នកមិនឱ្យបច្ចុប្បន្នអ្នកស្មើនឹងអ្វីកំហុសដែលបានបរាជ័យនោះ។ហើយអ្នកជាបុគ្គលសំខាន់ជាងគេនឹងជាមនុស្សតែម្នាក់ដែលអាចកែកំហុសនិងយកចិត្តទុកដាក់ឱ្យកិច្ចការនោះប្រសើរឡើងវិញតាមរយៈការផ្តល់ឱកាសនិងមិនបន្ទោសខ្លួនឯងពេកនោះឯង។
៥.មិនបោះបង់គោលដៅដោយប្រើវិធីថ្មីៗសម្រាប់ភាពជោគជ័យខាងមុខ
ចំណុចតូចៗ និងសកម្មភាពប្រចាំថ្ងៃជាស្ពានចម្លងអ្នកទៅដល់ទិសដៅ ឬសម្រេចកិច្ចការដែលអ្នកប្រាថ្នា។ បើទោះជាបរាជ័យខ្លះក៏ពិតមែនតែអ្នកនៅតែអាចរកវិធីថ្មីៗ សម្រាប់ទិសដៅដែលអ្នកបានប៉ងទុកដដែលពោល គឺអ្នកអាចប្តូរការគិតដែលវិធីដែលបរាជ័យជាផ្លូវឱ្យអ្នកអាចរកវិធីថ្មីៗទៅសម្រេចកិច្ចការដែលអ្នកបានប្រាថ្នាវិញ ហើយវិធីថ្មីៗគឺជាការបង្កើនក្តីសង្ឃឹមទៅរកទិសដៅអ្នកឱ្យបានប្រសើរ និងប្រសិទ្ធិភាពជាងមុន៕