សមត្ថភាពងើបពីដួលបាន ជាលក្ខណៈពិសេសរបស់សហគ្រិនជោគជ័យ

លើលោកនេះ គ្មានការរកស៊ីណាដែលមិនជួបឧបសគ្គនោះទេ តែអ្វីដែលសំខាន់គឺ​ម្ចាស់អាជីវកម្មមានសមត្ថភាពក្នុងការ​ងើបឡើងវិញ​ពីវិបត្តិ ហើយបន្តដំណើរ​ទៅមុខទៀត​រហូតទទួលបានលទ្ធផល​។

ឧកញ៉ា ស៊ា ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge បានលើកឡើងថា អ្នករកស៊ីសុទ្ធតែអាចប្រឈមជាមួយនឹងបញ្ហាលំបាកទាំងអស់គ្នា តែអ្វីដែលយើងត្រូវធ្វើគឺព្យាយាមគ្រប់លទ្ធភាពដើម្បីដោះស្រាយបញ្ហាទាំងអស់នោះបង្វែរវាពីការឈឺចាប់ទៅជា​បទពិសោធន៍ និងមានសមត្ថភាពងើបឡើងវិញ ប្រសិនបើវាឈានដល់ដំណាក់កាល​ធ្ងន់ធ្ងរ។ ការរកស៊ី​មិនប្រាកដថាសមបំណងទាំងអស់នោះទេ តែប្រសិនបើយើង​មានសង្ឃឹម យើងនឹងអាចរៀនសូត្រពីដំណាក់កាលលំបាកទាំងអស់នោះ ហើយចាប់ផ្តើមដោះស្រាយវារហូតទទួលបានលទ្ធផល តែប្រសិនបើយើងទន់ជ្រាយ ហើយឆាប់បោះបង់ នោះយើងនឹងមិនអាចទទួលជោគជ័យបាននោះទេ។

ឧកញ៉ា ស៊ា ឬទ្ធី បាននិយាយថា៖ «​ពេលដួលច្បាស់ជាឈឺ ពេលបរាជ័យ​ច្បាស់ជាខកបំណង តែទោះបីជាដួលក៏ដោយ បរាជ័យក៏ដោយ កុំអស់សង្ឃឹមអី»។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ (Campaint) បានលើកឡើងថា អ្នករកស៊ីជោគជ័យដែលយើងឃើញម្នាក់ៗមិនប្រាកដថា គាត់សុទ្ធតែអាចរកស៊ីជោគជ័យគ្រប់មុខនោះទេ។ មានអ្នកខ្លះ​មានក្រុមហ៊ុនបួនដប់ ត្រូវបានដួលក្នុងចំណោមក្រុមហ៊ុន 20 ដែលគាត់បានបើក។ ហេតុនេះ យើងអាចមើលឃើញក្រុមហ៊ុនដែលគាត់ជោគជ័យ តែយើងមិនចាប់អារម្មណ៍លើក្រុមហ៊ុនដែលគាត់បានដួល។

លោកថា អ្នកណាក៏ដោយមិនប្រាកដថាមានសមត្ថភាពខ្លាំង មិនចេះដួលនោះទេ វាអាស្រ័យលើកត្តានិងធាតុផ្សំជាច្រើន​។ ហេតុនេះ អ្វីដែលយើងគួរធ្វើមិនមែនត្រាំត្រែងជាមួយវិបត្តិ ហើយ​ខ្លាចរអារនោះទេ។ អ្វីដែលយើងគួរធ្វើគឺរក្សាជំហរ ព្យាយាមស្វែងយល់បន្ថែម ហើយ​អភិវឌ្ឍសមត្ថភាពឱ្យបានល្អរហូតទទួលបានលទ្ធផលវិជ្ជមាន៕