ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះអាណាព្យាបាលជាច្រើន សុទ្ធតែមានក្តីកង្វល់ពាក់ព័ន្ធនឹងការអប់រំកូន ព្រោះការអប់រំតាមអនឡាញបានផ្តល់ផលលំបាកជាច្រើនដល់ការគ្រប់គ្រងកូន ជាពិសេសគឺផលប៉ះពាល់នៃឧបករណ៍អេឡិចត្រូនិក។
ពាក់ព័ន្ធឹងបញ្ហានេះ លោកបណ្ឌិត ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងក្នុងបណ្តាញសង្គមរបស់លោកថា នៅស្រុកជឿនលឿន ដោយសារឪពុកម្តាយមានការសិក្សាបានច្រើន គេចេះអប់រំកូនបានល្អ ដោយប្រើពាក្យសម្តីពន្យល់ច្រើន។ ជាទូទៅ គេមិនវាយកូននឹងដៃ ឬរំពាត់ទេហើយនៅស្រុកគេជឿនលឿនគ្រួសារមួយ មានកូនម្នាក់ ឬពីរនាក់ប៉ុណ្ណោះ។
ចំណែកឯនៅស្រុកយើងវិញ ពីអតីតកាលមក កុមារតូចៗរួមទាំងរូបលោកផង នៅក្នុងវ័យនោះ ត្រូវរំពាត់ច្រើនដោយសារការប្រព្រឹត្តិកំហុស និងដើម្បីមានវិន័យ ទាំងនៅក្នុងសាលារៀន នៅផ្ទះនិងនៅពេលដើរលេងក្រៅផ្ទះ។ មកដល់ពេលនេះ ការអប់រំកុមារជាទូទៅ គេមិនឱ្យប្រើរំពាត់ទេ។ គេឱ្យប្រើពាក្យសម្តីពន្យល់ និងលួងលោម។ ការអនុវត្តជាក់ស្តែង ពិតជាមិនស្រួលទេនៅក្នុងសង្គមដែលសំបូរទៅដោយបច្ចេកវិទ្យាហ្គេមទំនើបៗ និងការសិក្សាអនឡាញ មានពេលខ្លះ លោកយល់ថាគួរយករំពាត់ដាក់ក្បែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការ UNICEF Cambodia បានបញ្ជាក់ថា ការប្រើប្រាស់អំពើហិង្សា មិនមែនជារឿងត្រឹមត្រូវនោះទេ សម្រាប់ការអប់រំកូន ហើយវាក៏អាចជះឥទ្ធិពលអវិជ្ជមានជាច្រើនផងដែរដល់បញ្ញាស្មារតីរបស់ពួកគេ។
ហេតុនេះដើម្បីអប់រំឱ្យបានល្អ ឪពុកម្តាយគួរចេះស្វែងរកវិធីផ្សេងៗ ដើម្បីដាក់ពិន័យដោយភាពវិជ្ជមានជំនួសឱ្យការប្រើប្រាស់រំពាត់។ ម្យ៉ាងវិញទៀតក្នុងដំណាក់កាលនេះ អាណាព្យាបាលក៏គួរតាមដាន ដោយយកចិត្តទុកដាក់ពីការប្រែប្រួល និងចេះបង្កើតបរិយាកាសរីករាយ ដើម្បីឱ្យកូនកម្សាន្តនិងចេញផុតពីភាពតប់ប្រមល់ ដោយសារតែការឃុំខ្លួននៅក្នុងផ្ទះយូរពេក៕