ជំនាន់ Big Data បច្ចេកវិទ្យា​ជាផ្នែកយ៉ាងសំខាន់ សម្រាប់ការស្រាវជ្រាវនិងប្រមូលទិន្នន័យ

បច្ចុប្បន្ននេះ រ៉ែដ៏មានតម្លៃនិង​ត្រូវបានគេយកមិនចេះរីងស្ងួតនោះ លែងជាប្រេងឆៅ ឬ​ផលិតផលពីធនធានធម្មជាតិតទៅទៀតហើយ តែវាអាចជាទិន្នន័យ​របស់ប្រជាជនលើពិភពលោក។

បច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ជាពិសេស​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI-Artificial Intelligence) បានធ្វើឱ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកាន់តែមានភាពងាយស្រួល ក្នុងការទាញយក​ទិន្នន័យពីអ្នកប្រើប្រាស់រាប់ពាន់លាននាក់លើពិភពលោក។

ជាក់ស្តែង យើងឃើញហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Facebook, Google និងក្រុមហ៊ុនមួយចំនួនទៀតសុទ្ធតែប្រើប្រាស់បច្ចេកវិទ្យា ដើម្បីតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយពួកគេអាចដឹងយ៉ាងលម្អិតពីចំណង់ចំណូលចិត្ត​ អត្តចរិត ស្ថានភាពអារម្មណ៍ ទីតាំងនិងរឿងរ៉ាវជាច្រើនទៀតដែលសុទ្ធតែអាចផ្តល់ផលយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍនិងការធ្វើអាជីវកម្ម។

លោកបណ្ឌិត ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់ថា បច្ចុប្បន្ននេះការប្រើប្រាស់ឧបករណ៍ឆ្លាតវៃដើម្បីស្រាវជ្រាវ គឺឈានទៅដល់ដំណាក់កាលបច្ចេកវិទ្យាឌីជីថលទំនើប។ លោកថា អ្នកជំនាញ​នានា​បានប្រើប្រាស់វិធីសាស្រ្តទំនើបជាច្រើនក្នុងការស្រាវជ្រាវដូចជា ឧបករណ៍បច្ចេកវិទ្យាស្រាវជ្រាវតាមអនឡាញ តាមទូរស័ព្ទ កុំព្យូទ័រ និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាដើម។ ហេតុនេះ​សម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ ចាំបាច់ត្រូវតែ​សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងខិតខំអភិវឌ្ឍសមត្ថភាព​បច្ចេកវិទ្យាឱ្យបានល្អ ដើម្បី​ធ្វើការសិក្សាស្រាវជ្រាវ និងដើរឱ្យទាន់របត់អភិវឌ្ឍនៃប្រទេសជឿនលឿន។

លោកបណ្ឌិតបានបន្ថែមទៀតថា អ្នកសិក្សាស្រាវជ្រាវគឺ​គិតគូរឱ្យបានស៊ីជម្រៅ មានគោលបំណងច្បាស់លាស់និងខិតខំ​ប្រឹងប្រែងធ្វើបច្ចុប្បន្នភាព​សមត្ថភាពឱ្យកាន់តែមុតស្រួចជាប់ជានិច្ច បើមិនដូច្នោះទេយើងនឹងមិនអាចប្រកួតប្រជែងជាមួយអ្នកស្រាវជ្រាវដៃទៀតលើឆាកអន្តរជាតិនោះទេ។

បច្ចុប្បន្ននេះ ទិន្នន័យជាច្រើនត្រូវបានគេលក់ក្នុងតម្លៃរាប់លានដុល្លារ ដោយវាបានផ្តល់ផលមកវិញយ៉ាងមហាសាលសម្រាប់ការធ្វើអាជីវកម្ម ព្រោះកាលណាមានទិន្នន័យច្បាស់លាស់ និងលម្អិតការធ្វើយុទ្ធសាស្រ្តក្រុមហ៊ុនក៏អាចធ្វើបានល្អបំផុត។ ការធ្វើបែបនេះអាចធ្វើឱ្យ​ផលិតផល ឬសេវាកម្មដែលផលិតឡើង​ ក្លាយជារបស់ដែលត្រូវនឹងតម្រូវការខ្ពស់បំផុតរបស់អតិថិជនភាគច្រើនក្នុងប្រទេសឬលើពិភពលោក៕