ដើម្បីទទួលបានសេចក្តីសុខសុភមង្គល និងភាពរីកចម្រើនដោយភាពភាពវិជ្ជមាន មនុស្សជាច្រើនតែងតែនិយាយថា «កុំប្រៀបធៀបជាមួយអ្នកដទៃ» តែមើលតាមស្ថានភាពពិតក្នុងជីវិតជាក់ស្តែង ពំនោលនេះមិនប្រាកដថាត្រឹមត្រូវទាំងអស់នោះទេ។
តាមពិតទៅការប្រៀបធៀប អាចនឹងធ្វើឱ្យជីវិតកាន់តែរីកចម្រើន ឬកាន់តែមានសេចក្តីសុខ ប្រសិនបើយើងចេះវិធីសាស្រ្តក្នុងការប្រៀបធៀប ប្រកបដោយភាពវិជ្ជមាន។ នៅថ្ងៃនេះ ក្រមាប៉ុស្តិ៍ នឹងលើកយកចំណុចសំខាន់ៗចំនួន ២យ៉ាង ដើម្បីធ្វើការប្រៀបធៀបជំរុញជីវិតឱ្យកាន់តែមានសេចក្តីសុខ។
១.ស្គាល់កន្លែងដែលយើងកំពុងនៅ
មនុស្សដែលតែងតែកើតទុក្ខ ភាគច្រើនកើតមកពីការប្រៀបធៀបខុស។ មានអ្នកខ្លះ ប្រៀបធៀបជាមួយនឹងអ្នកនៅក្រោមខ្លួនឆ្ងាយពេក ធ្វើឱ្យគេយល់ថាគេជាមនុស្សអស្ចារ្យ គ្រប់គ្រាន់ និងមិនបាច់ប្រឹងប្រែងទាល់តែសោះ។ ស្ថានភាពបែបនេះ គេអាចនឹងមានសេចក្តីសុខ តែមិនសូវរីកចម្រើន។
មនុស្សខ្លះទៀតប្រៀបធៀបជាមួយនឹងរឿងមិនអាចទៅរួច រហូតធ្វើឱ្យគេកើតចិត្តលោភលន់ ហើយដេញតាមទ្រព្យរហូតដល់កើតទុក្ខឥតឈប់ឈរ។ ហេតុនេះជាដំណោះស្រាយល្អ យើងគួរដឹងពីចំណុចដែលខ្លួនកំពុងតាំងនៅហើយប្រើការប្រៀបធៀបឱ្យត្រូវកាលៈទេសៈ។
នៅពេលដែលយើងកំពុងកើតទុក្ខ យើងអាចធ្វើការប្រៀបធៀបជាមួយមនុស្សជាច្រើនដែលលំបាកជាងយើង ដើម្បីលើកទឹកចិត្ត ឱ្យយើងខិតខំប្រឹងប្រែងបន្ថែម ប្រកបដោយក្តីសង្ឃឹមតែនៅពេលស្ថានភាពចិត្តធម្មតា យើងគួរមើលទៅលើចំណុចដែលត្រូវកែលម្អនិងចំណុចគួរអភិវឌ្ឍបន្ថែម ដើម្បីឱ្យយើងទទួលបានលទ្ធផលល្អដូចអ្នកដែលនៅលើយើង។
២.មើលបរិយាកាសជុំវិញដោយល្អិតល្អន់
មានមនុស្សមិនតិចទេ នៅក្នុងសង្គមរបស់យើងដែលកំពុងដាក់គោលដៅ និងប្រៀបធៀបខ្លួនឯងជាមួយកំពូលមហាសេដ្ឋីធំៗក្នុងពិភពលោក។ ការធ្វើបែបនេះមិនខុសពីយកកង់អូសរថយន្តដឹកទំនិញ ដែលជាប់ផុងនោះទេ។ ការធ្វើរឿងដែលមិនអាចទៅរួចនេះនឹងធ្វើឱ្យយើងកាន់តែខំ កាន់តែកើតទុក្ខ។
ជាដំណោះស្រាយ គឺចាំបាច់ត្រូវចេះមើលពីស្ថានភាពជុំវិញខ្លួនឱ្យបានល្អិតល្អន់ថា តើយើងកំពុងរស់នៅក្នុងសង្គមបែបណា? មានប្រជាជនយល់ដឹងកម្រិតណា? ហើយយើងគួរបត់បែនបែបណាខ្លះ? ហេតុនេះ ដើម្បីធានាថាយើងអាចរៀនពីអ្នកដទៃបានល្អ ឬអាចនិយាយបានថាដើម្បីប្រៀបធៀបត្រូវ យើងគួរប្រៀបធៀបខ្លួនឯងជាមួយមនុស្សជិតខ្លួន។
អ្នកខ្លះអាចរស់នៅក្នុងសង្គមជាមួយយើង ហើយមានកម្រិតល្អជាងយើងប្រហែលបួនដប់ឆ្នាំទើបជាការល្អ ព្រោះការធ្វើបែបនេះអាចឱ្យយើងមើលឃើញច្បាស់ ពីជីវិតជាក់ស្តែង និងលក្ខខណ្ឌនានាក្នុងជីវិតគាត់បានល្អ។ នៅពេលយើងយល់ច្បាស់ពីគេ និងស្គាល់ពីលក្ខខណ្ឌខ្លួនឯង នោះយើងនឹងមើលឃើញកាន់តែច្បាស់ពីចំណុចដែលត្រូវបំពេញបន្ថែមដើម្បីឱ្យដើរទៅដល់ទីតាំង ដែលគេកំពុងតាំងនៅនោះប្រកបដោយភាពប្រាកដនិយម៕