ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ប្រឈមបញ្ហាធំ២

សៀមរាប៖ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ លោក LU WEI  បានបង្ហាញថា ការងារស្ថាបនាព្រលានយន្តហោះថ្មីនេះ កំពុងជួបប្រទះបញ្ហាប្រឈមចំនួន២ គឺការតភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គិសនី និងការតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកស្អាត។

លោក LU WEI បានលើកឡើងបញ្ហានេះ ក្នុងពេលដែលលោក បានជួបប្រជុំជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១នេះ  ក្នុងគោលបំណងស្នើសុំឱ្យមានការគាំទ្រ ដើម្បីបង្កើនល្បឿន និងដោះស្រាយកង្វល់២ធំៗ គឺផ្នែកតភ្ជាប់បណ្តាញអគ្គិសនី និងការផ្គត់ផ្គង់អគ្គិសនី និងទី២ ការតភ្ជាប់បណ្តាញទឹកស្អាត និងការផ្គត់ផ្គង់ទឹកស្អាត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានជម្រាប ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាកាសយានដ្ឋានសៀមរាបអង្គរថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងសហការខិតខំជំរុញដល់ស្ថាបន័ពាក់ព័ន្ធនៅខេត្តសៀមរាប ក្នុងការជួយសម្រួលដោះស្រាយបញ្ហាដែលបានលើកឡើង ដើម្បីឲ្យបានសម្រេចទៅតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបដែរថា  តាមផែនការសម្រាប់ឆ្នាំ២០២១នេះ គ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨%  ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០%៕