សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ការចំណាយទូទៅប្រចាំថ្ងៃជារឿងតែងកើតមាន តែគឺដើម្បីសកម្មភាពរស់នៅក៏ដូចជាការចំណាយជាខ្ទង់វិនិយោគតូចតាចផ្សេងៗក៏ដើម្បីជីវភាពរស់នៅ។ ការចំណាយខ្លះ យើងអាចសម្រេចចិត្តខុសមិនបានគិតល្អិតល្អន់ធ្វើឱ្យខ្ទង់ចំណាយខ្ជះខ្ជាយតែយ៉ាងណា យើងអាចអនុវត្តវិធីខ្លះៗដើម្បីទប់កុំឱ្យទម្លាប់មិនល្អនេះកើតឡើង។ តាមរយៈក្បាច់ស្រីដែលអ្នកមានបទពិសោធន៍មុនៗធ្លាប់បានប្រើប្រាស់បានចែករំលែកដូចខាងក្រោមនេះដើម្បីកុំឱ្យខ្ជះខ្ជាយ៖
១.មិនសូវយកលុយតាមខ្លួនច្រើន
ដំបូងយើងនឹងគិតថា ចុះដល់ពេលត្រូវការទិញអ្វីៗបន្ទាន់តើបានលុយពីណាភ្លាម? ពិតណាស់នេះជាគុណវិបត្តិ។ប៉ុន្តែគោលដៅរបស់អ្នកគឺការហាត់ទម្លាប់មិនសូវចំណាយច្រើនដូចនេះ មិនដាក់ថវិកាច្រើនតាមខ្លួនគ្រប់ពេលអ្នកនឹងមិនទម្លាប់ទិញភ្លាមៗច្រើនដែរ។ បែបនេះ រហូតដល់ជាទម្លាប់អ្នកក៏អាចគ្រប់គ្រងខ្លួនឯងក្នុងការចំណាយបានហើយអ្នកក៏នៅតែអាចស្វែងរកការដកលុយពីសេវាធនាគារផ្សេងៗនៅពេលអ្នកត្រូវការក៏បានដែលនេះជាតិចនិកប្រសិទ្ធិភាពមួយ។
២.សំណួរ២សម្រាប់ខ្លួនឯង?
ទំនិញល្អគ្រប់ៗគ្នាប្រាកដជាចង់ទិញរួមទាំងអ្នកដែរ។ តែយើងក៏ត្រូវឆ្លងកាត់ សំណួរ២សំណួរសម្រាប់ខ្លួនឯង គឺ ១.តើវាចាំបាច់ត្រូវទិញទេ? ២.តើវាប៉ះពាល់ដល់ខ្ទង់លុយសម្រាប់ការចំណាយសំខាន់ៗទេ (ចំណាយត្រូវបង់ប្រចាំថ្ងៃទឹក ភ្លើង អាហារហូបចុកស្នាក់នៅ ពន្ធដារផ្សេងៗ..)? សំណួរពីនេះនឹងជួយដល់អ្នកគិតពីបញ្ហាថវិកានៅពេលខាងមុខ។
៣.ផ្តើមទិញរបស់របរដោយមានបញ្ជីក្នុងដៃ
បើអ្នកធ្លាប់កត់ត្រាបញ្ជីរបស់របរដែលត្រូវទិញនិងចេះកំណត់ស្មានថ្លៃទំនិញទីផ្សារដែលត្រូវចំណាយនោះជារឿងល្អមួយតែបើអ្នកមិនធ្លាប់ក៏អាចផ្តើមធ្វើទម្លាប់នេះ។ បែបនេះ ក៏ព្រោះថាអ្នកនឹងដឹងមុនថាត្រូវចំណាយអស់ប៉ុន្មានព្រមទាំងជួយដល់អ្នកចំណេញពេលនិងមិនបានខ្ជះខ្ជាយលើរបស់របរក្រៅបញ្ជីទៀតផង។
៤.ចេះកត់ត្រាចំណូល-ចំណាយផ្ទាល់ខ្លួន
ជាអ្នករកចំណូលខ្លួនឯងអ្នកក៏គួរចេះលៃលកគ្រប់គ្រងចំណាយខ្លួនបានផងដែរ។ នេះក៏អាចផ្តើមពីការចេះកត់ត្រាខ្ទង់ចំណូលដែលអ្នកមាន និងខ្ទង់ចំណាយចាំបាច់ដែលត្រូវចំណាយ។ ធ្វើដូចនេះ អ្នកនឹងដឹងថាតួលេខទឹកលុយប៉ុន្មានសមស្របសម្រាប់អ្នកសម្រាប់ចាយនិងគួរសល់ប៉ុន្មានក្នុងដៃទុកដាក់សន្សំ ឬវិនិយោគផ្សេងៗ។ធ្វើបែបនេះមិនត្រឹមតែជួយរំលឹកអ្នកឱ្យដឹងពីទិន្នន័យចំណូលអ្នកថែមទាំងជួយឃាត់អ្នកមិនឱ្យចាយខ្ជះខ្ជាយទៀតផង។
៥.ពេលអផ្សុកអ្នកអាចប្រើវិធីផ្សេងៗទាំងនេះ
អផ្សុកក៏ឃើញទំនិញ ឬអីវ៉ាន់ចុះថ្លៃៗឥតសំខាន់ៗផ្សេងៗលើអនឡាញ ឬដើរផ្សារ ធ្វើឱ្យយើងចង់ចំណាយ។ តែបើអ្នកដឹងខ្លួនថាជាចំណាយមិនចាំបាច់ និងអាចឱ្យអ្នកដាច់លុយអ្នកក៏អាចបង្វែរអារម្មណ៍ទៅរឿងផ្សេង ដូចជាអានសៀវភៅជាចំណេះដឹង ទៅសរសេរគោលដៅលើរឿងធំៗ(ទិញឡាន ម៉ូតូ ផ្ទះ...) ទៅមើលខ្ទង់ចំណាយចាំបាច់ដែលមិនទាន់ចំណាយ ដូចជាវិក្ក័យបត្រទឹក ភ្លើង បង់ពន្ធផ្សេងៗ-ល-។ ធ្វើដូចនេះអ្នកនឹងកម្រិតការចង់ចំណាយទៅលើរឿងណាដែលមិនចាំបាច់ និងគិតគូរជាមុននូវខ្ទង់ត្រូវចំណាយចាំបាច់និងខ្ទង់សន្សំសម្រាប់ថ្ងៃខាងមុខវិញ៕