សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
គំនិតច្នៃប្រឌិតមានច្រើនបែប ច្រើនសណ្ឋាន ទៅតាមការគិតរបស់មនុស្សម្នាក់ៗ ហើយវាក៏ជាផែនទីចង្អុលបង្ហាញអ្នកទៅវិធីថ្មីៗនិងប្រសើរជាងមុន។ តែយ៉ាងណា បញ្ហាត្រង់ថាគំនិតច្នៃប្រឌិតថ្មីទាំងនោះសម្រាប់បុគ្គលម្នាក់ៗ ពេលខ្លះក៏រាំងស្ទះទទេរ នឹកពុំឃើញផងដែរ។ យ៉ាងណាមិញតាមការបកស្រាយបែបវិទ្យាសាស្រ្តបានបំភ្លឺនូវចំណុច៣ដែលជួយសម្រួលឱ្យយើងមានគំនិតថ្មីៗ និងភាពច្នៃប្រឌិតឡើងវិញ៖
១. យកចិត្តទុកដាក់ទៅលើACC ក្នុងខួរក្បាល
តាមវិទ្យាសាស្រ្តក្នុងសំណុំខួរក្បាលមានផ្នែកមួយឈ្មោះថា Anterior Cingulate Cortex (ACC) ដែលពាក់ព័ន្ធខ្លាំងនឹងអារម្មណ៍ និងការត្រិះពិចារណាហើយវាក៏មានតួនាទីផ្តោតលើការបំផុសគំនិតការអនុវត្ត និងតួនាទីពិចារណាតាមរយៈការចាប់សញ្ញាផ្សេងៗក្នុងខួរក្បាលហើយកែតម្រូវបញ្ហាទាំងនោះ។ ហើយអ្នកវិទ្យាសាស្រ្តអាមេរិកផ្នែកប្រព័ន្ធប្រសាទលោក Mark Beeman និងអ្នកជំនាញចិត្តសាស្រ្តអាមេរិក លោក John Kounios បានរកឃើញនិងបកស្រាយដូចគ្នាថាអ្វីដែលធ្វើឱ្យផ្នែកនេះ(ACC) ដំណើរការបានល្អគឺនៅពេលដែលយើងមានអារម្មណ៍ល្អស្រស់ថ្លា និងសុវត្ថិភាព។
ផ្ទុយទៅវិញ ពេលអារម្មណ៍យើងមិនល្អខួរក្បាលនឹងកម្រិតសមត្ថភាពរបស់ACC និងគំនិតថ្មីៗរបស់យើងហើយក៏កម្រិតនូវអារម្មណ៍ទៅអនុវត្តដោះស្រាយបញ្ហានោះទៀតផង។ នៅក្នុងនោះអ្នកជំនាញពីសហរដ្ឋអាមេរិកទាំងពីររូបខាងលើក៏បានលើកឡើងផងដែរអំពីការគិតបែបវិជ្ជមានការសមាធិ និងការធ្វើលំហាត់ប្រាណទាំងនៅពេលមានអារម្មណ៍ល្អ ឬអារម្មណ៍មិនល្អនឹងជួយទៅដល់ដំណើរការ ACC មកវិញបានផងដែរពោលគឺអារម្មណ៍ស្រស់ថ្លាការនឹកឃើញគំនិតថ្មីៗនឹងកើតឡើងវិញមិនខាន។
២. សារៈសំខាន់នៃពេលវេលាដែលមានគុណភាពនិងពេលដែលពុំមានអ្នករំខាន
ពេលវេលាដែលមានគុណភាពន័យនេះគឺសម្តៅលើពាក្យបច្ចេកទេសមួយហៅថា"Non-time” ដែលមានន័យថាពុំមានរវល់អ្វីសោះឬខ្វល់ខ្វាយពីរឿងផ្សេងមកលាយលំជាមួយ ដែលពេលនោះគឺច្រើនចាប់ពីម៉ោង៤ពេលព្រលឹម ដែលជាពេលមេឃនៅងងឹតតែស្ងប់ស្ងាត់សម្រាប់មនុស្សអាចសមាធិនឹកឃើញគំនិតថ្មីៗច្នៃប្រឌិតថ្មីជាច្រើនដោយពុំមានអ្វីៗមករំខាន ឬឱ្យខ្វល់ខ្វាយចូលជាមួយដែលជាហេតុឱ្យការស្មឹងស្មាធគំនិតថ្មីៗមានច្រើន។
ដោយឡែកពេលមួយទៀតដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យUtah បានលើកឡើងថាជួយឱ្យមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់នោះគឺការដកខ្លួននិងមានពេលសម្រាប់គិតពិចារណាដោយពុំមានការរំខានពីនរណាម្នាក់។ អ្នកវិទ្យាសាស្រ្តទទួលស្គាល់ថាការនៅជាក្រុមនឹងមានគំនិតច្រើន ប៉ុន្តែការនៅតែម្នាក់នឹងធ្វើគំនិតមួយស៊ីជម្រៅ។ ក្រុមអ្នកវិទ្យាសាស្រ្តក៏បានពិសោធនូវពិន្ទុលើក្រុមអ្នកស្ម័គ្រចិត្តផងដែរថា នៅពេលពួកគេចំណាយពេល៤ថ្ងៃនៅកន្លែងធម្មជាតិតែម្នាក់ៗឯង ពិន្ទុនៃភាពច្នៃប្រឌិតរបស់ពួកគេក៏បានកើនឡើង។
៣. មានចំណុចច្បាស់លាស់មួយជាគោល
នៅក្នុងការសិក្សាមួយដោយសាកលវិទ្យាល័យRider នៃរដ្ឋNew Jersey សហរដ្ឋអាមេរិក បានសិក្សាពីទំនាក់ទំនងនៃការកម្រិតទៅនឹងភាពច្នៃប្រឌិត។ ការសិក្សាពិសោធភាពច្នៃប្រឌិតទៅលើសិស្សស្ម័គ្រចិត្តពីរក្រុម ដោយក្រុមទី១ គ្រូបានឱ្យនូវពាក្យចំនួន៨ពាក្យ សម្រាប់ជាការតែងឃ្លាកំណាព្យជូនពរ។ ដោយឡែកក្រុមទី២ពុំបានឱ្យពាក្យអ្វីឡើយប៉ុន្តែតម្រូវឱ្យតែងឃ្លាកំណាព្យជូនពរដូចគ្នា។ជាលទ្ធផល ក្រុមដែលគ្រូបានឱ្យពាក្យចំនួន៨ពាក្យសម្រាប់តែងមានភាពលេចធ្លោ និងភាពច្នៃប្រឌិតជាងក្រុមដែលអនុញ្ញាតឱ្យតែងសេរី។ សរុបមកវិញក្រុមអ្នកស្រាវជ្រាវបានលើកឡើងថាការកំណត់ចំណុចជាគោលសម្រាប់ការគិតច្នៃប្រឌិតនឹងមានប្រសិទ្ធិភាព ហើយក៏គួរបូករួមនឹងរយៈពេលសមល្មមមួយផងដែរដើម្បីឱ្យការបង្កើតគំនិតថ្មីៗនោះមានប្រសិទ្ធិភាព៕