ហ្វេសប៊ុករងការចោទប្រកាន់ថា បានបំប៉ោងចំនួនអ្នកមើលការផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនជាច្រើនមិនថាតូចឬធំនោះទេ បានចំណាយលុយជាច្រើនរៀងរាល់ឆ្នាំដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុក ដោយសង្ឃឹមថាផលិតផលឬសេវាកម្មរបស់ពួកគេនឹងត្រូវបានមើលឃើញពីសំណាក់មហាជនដែលអាចក្លាយជាអតិថិជនរបស់ពួកគេ ដែលនេះធ្វើឱ្យក្រុមហ៊ុនហ្វេសប៊ុករកចំណូលបានរាប់ពាន់លានដុល្លារពីការផ្សព្វផ្សាយពាណិជ្ជកម្មនេះ។

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Financial Times កាលពីពេលថ្មីៗនេះបានឱ្យដឹងថាក្រុមហ៊ុនហ្វេសប៊ុកបានរងការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងមួយថា បានបំប៉ោងចំនួនអ្នកមើលក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម (Potential Reach) ដើម្បីរកចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យបានកាន់តែច្រើន។

នៅក្នុងការចោទប្រកាន់នេះពួកគេបានបង្ហាញសាររវាងអ្នកគ្រប់គ្រងធំៗនៅក្នុងក្រុមហ៊ុនទាក់ទងនឹងការបំប៉ោងទិន្នន័យនេះ។ បុគ្គលិកផ្នែកគ្រប់គ្រងម្នាក់បានផ្ញើសារស្នើសុំឱ្យមានការកែតម្រូវ ដោយបន្ថយចំនួនអ្នកមើលព្រោះវាខុសគ្នាខ្លាំងពេក ប៉ុន្តែត្រូវបានអ្នកគ្រប់គ្រងឆ្លើយតបវិញថាការផ្លាស់ប្ដូរនេះនឹងធ្វើឱ្យពួកគេខាតបង់ចំណូលជាច្រើន។ នៅក្នុងពាក្យបណ្ដឹងនេះក៏បានបង្ហាញផងដែរថា ពេលខ្លះក្រុមហ៊ុនហ្វេសប៊ុកបានផ្ដល់ទិន្នន័យដែលមានចំនួនអ្នកមើលច្រើនជាងចំនួនអ្នករស់នៅក្នុងតំបន់នោះទៅទៀត។

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនហ្វេសប៊ុកបានរងការចោទប្រកាន់ទាក់ទងនឹងការបំប៉ោងទិន្នន័យនោះ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនបានយល់ព្រមបង់ទឹកប្រាក់ចំនួន ៤០លានដុល្លារទាក់ទងនឹងការបំផ្លើសចំនួនអ្នកមើលវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មអស់រយៈពេលពីរឆ្នាំ រួចមកហើយផងដែរ៕