សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ដោយសារស្ថានភាពជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកាក្រសួងអប់រំបានចេញសេចក្តីជូនដំណឹងស្នើឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់រឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា និងអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ "៣ការពារនិង៣កុំ"។
ខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ក្រសួងសម្រាប់គ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនគឺ៖
១.អនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្តង់ដា(SOP)សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩របស់ក្រសួងអប់រំ យុវជននិងកីឡាចុះថ្ងៃទី៤ខែសីហា ឆ្នាំ២០២០។
២.បុគ្គលិកអប់រំនិងសិស្សានុសិស្សត្រូវចៀសវាងទៅកាន់ទីកន្លែងដែលមានហានិភ័យខ្ពស់ឆ្លងកូវីដ-១៩
៣.ផ្អាកការជួបជុំនិងសកម្មភាពកីឡាដែលមានអ្នកចូលរួមលើសពី២០នាក់
៤.គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច អំពីវត្តមាននៃការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ
៥.គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្តីពីចំនួនបុគ្គលិកអប់រំដែលសង្ស័យថាមានទំនាក់ទំនងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ
៦.បុគ្គលិកអប់រំដែលមានការប៉ះពាល់ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរអប់រំតាមឋនានុក្រមនិងអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត។