បំពេញកាត្តព្វកិច្ចបង់ពន្ធបានទៀងទាត់ នឹងផ្ដល់ភាពងាយស្រួល រហ័សដល់ការលក់អចលនទ្រព្យ

ភ្នំពេញ៖ មនុស្សមួយចំនួន ហាក់មើលរំលងពីការបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួន ប៉ុន្តែការបង់ពន្ធជាប្រចាំនេះ នឹងធ្វើ អោយការលក់អចលនទ្រព្យចេញវិញបានឱ្យបានលឿន និងឆាប់រហ័យ។

លោក ង៉ែត ឆៃលាង មន្រ្តីអគ្គនាយកដ្ឋាពន្ធដារកម្ពុជាឱ្យដឹងថា បងប្អូនជាម្ចាស់អចលនទ្រព្យនៅទូទាំងប្រទេស ត្រូវបំពេញកាត្តព្វកិច្ចបង់ពន្ធអចលនទ្រព្យរបស់ខ្លួន (ប្រភេទដី) ឱ្យបានជាប្រចាំឆ្នាំ ។

លោកពន្យល់ថា “ការបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំបានខ្ជាប់ខ្ជួននេះ មានភាពងាយស្រួល និងមានភាពរហ័យ នៅពេលដែលយើងកាត់ឈ្មោះ ឬលក់ផ្សេងៗ បានលឿន”។ លោកបន្តថា “បើមិនបានបង់ពន្ធអចលនទ្រព្យ ឬបំពេញកាត្តកិច្ចពន្ធបានទៀតទាត់នោះទេ  យើងត្រូវការពិនិត្យ និងស្រាវជ្រាវរករបាយការណ៍ឡើងវិញ ដែលចំណាយពេលយូរ”។

លោកបន្ថែមទៀតថា ម៉្យាងទៀត ចំពោះការលក់អចលនទ្រព្យវិញក៏នឹងលឿនជាង ការដែលមិនបានបំពេញកាត្តកិច្ចពន្ធបានទៀតទាត់ដែរ ។ លោកញ្ជាក់ទៀតថា រាល់ការបង់ពន្ធរបស់ម្ចាស់អចលនទ្រព្យទាំងអស់នៅទូទាំងប្រទេស គឺការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចំរើន។

ជាថ្មីម្តងទៀត លោក ង៉ែត ឆៃលាង បានអំពាវនាវដល់ម្ចាស់អចលនទ្រព្យទៅទាំងអស់នៅទូទាំងប្រទេសបំពេញកាត្តព្វកិច្ចបង់ពន្ធប្រថាប់ត្រា លើវិស័យអចលនទ្រព្យឱ្យបានត្រឹមត្រូវ និងទៀងទាត់ប្រចាំឆ្នាំ ជៀសវាងហានិភ័យណា និងខូចខាតទ្រព្យសម្បត្តិណាមួយកើតឡើង។

អគ្គនាយកដ្ឋានពន្ធដារកម្ពុជាឱ្យដឹងថា អ្នកជាប់ពន្ធ taxpayer មានកាតព្វកិច្ចត្រូវចុះបញ្ជី ដាក់លិខិតប្រកាស (ឧបសម្ព័ន្ធ) និងបង់ប្រាក់ពន្ធជូន រដ្ឋបាលសារពើពន្ធក្នុងភូមិសាស្ដ្រ ដែលអចលនទ្រព្យនោះស្ថិតនៅ។

ចំពោះអ្នកជាប់ពន្ធដែលមានអចលនទ្រព្យច្រើន ការចុះបញ្ជី ការដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធលើអចលនទ្រព្យដាច់ដោយឡែកៗពីគ្នាដែរ។

ការចុះបញ្ជី ត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លងចំនួន៣ប្រភេទ ជាអាទ៍(១) អត្ដសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស (២) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និង(៣)ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែល បញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ឡើងទៅ។

ការដាក់លិខិតប្រកាសពន្ធលើអចលនទ្រព្យ ត្រូវធ្វើតាមទម្រង់កំណត់ដោយរដ្ឋបាលសារពើពន្ធចំនួន២ច្បាប់ ដែល១ច្បាប់ សម្រាប់រក្សាទុកនៅរដ្ឋបាលសារពើពន្ធ និង១ ច្បាប់ទៀត សម្រាប់ម្ចាស់អចលនទ្រព្យ។

ម្ចាស់អចលនទ្រព្យត្រូវគណនាប្រាក់ពន្ធដោយខ្លួនឯង ដោយផ្អែកលើតម្លៃអចលនទ្រព្យ ដែលបានកំណត់ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ។ ការបង់ពន្ធលើអចលនទ្រព្យ ត្រូវធ្វើឡើងជារូបិយវត្ថុជាតិ (ប្រាក់រៀល) ហើយត្រូវបង់យ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ៕