នៅពេលដែលនិយាយពីសហគ្រិនភាព មនុស្សទូទៅប្រហែលជាគិតភ្លាមដល់ការរកស៊ី តែអ្វីដែលជាចំណុចសំខាន់ពិតប្រាកដនោះគឺសហគ្រិនភាព មានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា។ វាចាំបាច់បំផុតសម្រាប់អ្នករកស៊ី តែសហគ្រិនភាពក៏អាចកើតឡើងបានដែរ សម្រាប់អ្នកធ្វើការងារឯកជន និងសាធារណៈ។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញអេឌ្យូខេសិន គ្រុប បានលើកឡើងថា សហគ្រិនភាពមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ។ សម្រាប់អ្នករកស៊ី វាអាចជួយឱ្យពួកគេក្លាយជាមនុស្សដែលមានការវិនិយោគដែលចេះគិតវែងឆ្ងាយ មានចក្ខុវិស័យនិងចេះវិនយោគដោយភាពឆ្លាតវៃ។ បន្ថែមពីលើនេះ សហគ្រិនភាពក៏សំខាន់ផងដែរ សម្រាប់អ្នកធ្វើការងារ ព្រោះកាលណាអ្នកធ្វើការងារមានសហគ្រិនភាពនៅក្នុងខ្លួន គេនឹងយល់ច្បាស់ពីគោលដៅរួមរបស់ស្ថាប័នដែលគេធ្វើការងារ ហើយឆ្លើយតបបានយ៉ាងល្អជាមួយនឹងផែនការសកម្មភាពនានារបស់ស្ថាប័ន។
ឧកញ៉ាថា កាលណាស្ថាប័នមួយសំបូរទៅដោយអ្នកដែលមានសហគ្រិនភាព ស្ថាប័ននោះនឹងរីកចម្រើនព្រោះបុគ្គលិកនឹងធ្វើការងារដោយយល់ថា ស្ថាប័ននោះជារបស់ខ្លួនហើយការខិតខំប្រឹងប្រែងក៏ដើម្បីសម្រេចគោលដៅសំខាន់ទាំងជីវិតឯកជន និងស្ថាប័នរួមគ្នា។
ស្របជាមួយគ្នានេះដែរលោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា សហគ្រិនភាពសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា។ ទោះជាមានមុខងារជាអ្វីក៏ដោយ គួរមានគំនិតសហគ្រិនចេះច្នៃប្រឌិតចេះបង្កើតដំណោះស្រាយដោយប្រើធនធានដែលមានកំរិតអោយមានប្រសិទ្ធិភាព។ បើជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល បុគ្គលិកក្រុមហ៊ុន ឬរាជការចេះតែចាយលុយខ្ជះខ្ជាយ នោះស្ថាប័ននឹងមិនរីកចំរើននោះទេ។ បើជាមេគ្រួសារក៏មិនអាចដឹកនាំគ្រួសារអោយរីកចំរើនបានដែរ។
អ្នកជំនាញខាងលើបានលើកជាឧទាហរណ៍ថា ប្រសិនបើគ្រួសារមួយមិនមានលទ្ធភាពអោយកូនបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ មេគ្រួសារអាចណែនាំអោយកូនរៀនត្រឹមបរិញ្ញាបត្ររងរយៈពេល២ឆ្នាំសិន។ រួចរកការងារធ្វើសន្សំប្រាក់ដើម្បីបន្តរៀនថ្នាក់បរិញ្ញាបត្រ។ មិនមែនគ្មានលទ្ធភាពបន្តការសិក្សាបរិញ្ញាបត្រ ក៏សម្រេចចិត្តបញ្ជូនកូនទៅធ្វើកម្មករដោយគ្មានជំនាញតែម្តងនោះទេ៕