ការអប់រំហិរញ្ញវត្ថុ ជាមុខវិជ្ជាយ៉ាងសំខាន់មួយដែលប្រទេសជាច្រើនលើពិភពលោក បានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំព្រោះវាជាផ្នែកមួយដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងការរស់នៅ។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួអប់រំយុវជន និងកីឡា បានលើកឡើងថាកុមារបច្ចុប្បន្នចាំបាច់ត្រូវទទួលចំណេះដឹងតាមរបត់ថ្មីនៃពិភពលោកដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស។ ពួកគេចាំបាច់ត្រូវតែចេះជំនាញទន់ ឬបំណិនជីវិតដែលជាជំនាញសំខាន់មួយក្នុងសតវត្សទី២១។ ក្នុងចំណោមជំនាញទន់សំខាន់ៗដែលត្រូវជាមួយនឹងអ្វីដែលពិភពលោកត្រូវការការគ្រប់គ្រងហិរញ្ញវត្ថុ ជាជំនាញសំខាន់មួយក្នុងចំណោមជំនាញសំខាន់ៗទាំងអស់ដែលមនុស្សគួរដឹងតាំងពីកុមារភាព។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ "ខ្ញុំគិតថាការដែលបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុនេះ គឺត្រូវការការចូលរួមពីស្ថាប័ននានា ទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិលជាដើមដើម្បីរួមចំណែកជាមួយស្ថាប័នរដ្ឋបណ្តុះបណ្តាលដល់សិស្សនៅកម្ពុជា"។
បើតាមឯកឧត្តមរដ្ឋមន្ត្រី បច្ចុប្បន្ននេះកម្ពុជាកំពុងខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីបញ្ចូលកម្មវិធីអប់រំហិរញ្ញវត្ថុដែលជាផ្នែកយ៉ាងសំខាន់មួយក្នុងការជំរុញផ្នែកហិរញ្ញវត្ថុដល់កុមារតូចៗ និងសិស្សានុសិស្សឱ្យយល់ដឹងកាន់តែច្បាស់។ ពួកគេត្រូវបានអប់រំឱ្យចេះគិតវិភាគ ពិចារណាដោះស្រាយបញ្ហា និងចេះចាត់ចែងលុយកាក់ដើម្បីក្លាយជាធនធានដ៏ល្អមួយទៅថ្ងៃអនាគត ព្រោះកាលណាក្មេងៗមានទម្លាប់ល្អ ឬមានគំនិតស៊ីជម្រៅលើការគ្រប់គ្រង ហិរញ្ញវត្ថុគេនឹងអាចក្លាយជាប្រជាជនសកម្ម ដែលចេះប្រើប្រាស់ធនធានយ៉ាងអស់លទ្ធភាពនៅថ្ងៃអនាគត។
ស្របជាមួយគ្នានេះដែរ ប្រសិនបើកុមារចេះគ្រប់គ្រងហិរញ្ញវត្ថុបានល្អ មានជំនាញវិនិយោគ និងចេះសន្សំថែមទៀតនោះអនាគតទៅ ប្រទេសរបស់យើងអាចនឹងសំបូរទៅដោយអ្នកដែលមានសមត្ថភាពក្នុងផ្នែកសហគ្រិនភាព ដែលជាចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចថែមទៀតផង៕