ស្ថានភាពដីឡូតិ៍នៅដើមឆ្នាំ២០២១នេះ មុននឹងក្រោយមានវ៉ាក់សាំងកូវីដមកដល់

ជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ស្ទើគ្រប់វិស័យសេដ្ឋកិច្ចទាំងអស់មិនថា នៅលើពិភពលោក និងប្រទេសកម្ពុជា នោះទេ ជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យ រួមជាមួយនឹងទីផ្សារដីឡូតិ៍ ក៏ទទួលរងនូវផលប៉ះពាល់ផងដែរចាប់តាំងពីដើមឆ្នាំ ២០២០កន្លងមកនេះ ។

លោកស្រី ស៊ន សារាណេត អ្នកអភិវឌ្ឍន៍ដីឡូតិ៍នៅជាយរាជធានីភ្នំពេញនោះបានឱ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ មក ស្ថានភាពទីផ្សារដីឡូតិ៍ហាក់មានស្ថានភាពស្ងប់ស្ងាត់ ដោយគម្រោងអភិវឌ្ឍន៍របស់លោកស្រីរហូតមដល់ពេលនេះ គឺមិនទាន់លក់ចេញអស់នៅឡើយទេ ។ 

លោកស្រីថ្លែងថា « តាំងពីមិនទាន់មានកូវីដ ខ្ញុំបានទិញដីយកមកអភិវឌ្ឍន៍ដីឡូតិ៍ ប៉ុន្តែ បន្ទាប់ពីអភិវឌ្ឍន៍រួចហើយដល់កូវីដ  ហើយរហូតមដល់ពេលនេះក៏លក់មិនទាន់ចេញអស់ដែរ។ ដូច្នេះ ខ្ញុំមិនសម្រេចទិញចូលទៀតទេ ក្នុងរយៈពេលមួយឆ្នាំជាងមកនេះ វាស្ងាត់ពេក »។ 

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រីមានក្តីរំពឹងថា នៅក្នុងរយៈពេលទៅមុខទៀត បន្ទាប់ពីពិភពលោក បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ បញ្ចប់ និងសេដ្ឋកិច្ចមានដំណើរការល្អប្រសើរឡើងវិញ គឺស្ថានភាពទីផ្សារដីឡូតិ៍នឹងមានស្ថានភាពល្អឡើងវិញ ។ 

លោក អុំ វុទ្ធី អគ្គនាយកក្រុមហ៊ុន Top Investment Realty Cambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍បានឱ្យដឹងថា ទីផ្សារវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ជាពិសេសដីឡូតិ៍  នៅដើមឆ្នាំ ២០២១ (ក្នុងខែមករា ) គឺការលក់មានការថយចុះ  ប៉ុន្តែ សម្រាប់នៅដើមខែកុម្ភៈនេះ ហាក់មានសន្ទុះឡើងវិញបន្តិច ដោយសារតែកម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩។

លោកបន្តថា នៅពេលពេលដែលពលរដ្ឋទទួលបាននូវព័ត៌មាននេះ (យុទ្ធនាការចាក់វ៉ាក់ប្រឆាំងជំងឺកូវីដ ) បានពេញលេញ  បានធ្វើឱ្យពួកគាត់ ហ៊ានសម្រេចចិត្តបញ្ចេញលុយទិញនូវដីឡូតិ៍ឡើងវិញ។ ជារួមនៅខែកុម្ភៈនៃដើមឆ្នាំ ២០២១ នេះ ចរន្តនៃការទិញដីឡូតិ៍ គឺមានការងើបឡើងវិញ៕