គន្លឹះកំពូលៗពីមហាសេដ្ឋី Brain Acton អតីតសហស្ថានិកក្រុមហ៊ុន WhatsApp ដ៏ល្បីនៅលើពិភពលោក

លោក Brain Acton គឺជាមហាសេដ្ឋីជនជាតិអាមេរិកមួយរូប ដែលមានទ្រព្យសម្បត្តិនៅក្នុងដៃជាច្រើនពាន់លានដុល្លារ ដែលលោកអ្នកប្រាកដជាបានស្គាល់ និងដឹងខ្លះៗ ហើយពីបុគ្គលដ៏ឆ្នើមម្នាក់នេះ។ លោកBrain គឺជាអតីត សហស្ថាបនិកកម្មវិធី WhatsApp ដ៏ល្បីដែលមានអ្នកប្រើប្រាស់រាប់លានអ្នកនៅជុំវិញពិភពលោក  ហើយលោកក៏ត្រូវបាន គេទទួលស្គាល់ថាជាសហគ្រិនបច្ចេកវិទ្យានិងជាអ្នក Computer Programmer ផងដែរ។ 

លោកគឺជាបុគ្គលមួយរូប ដែលធ្លាប់មានបទពិសោធន៍ធ្វើការងារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជាក្រុមហ៊ុន Abode System Apple  និងក្រុមហ៊ុនYahoo  ហើយបច្ចុប្បន្នជាសហស្ថាបនិកក្រុមហ៊ុន Signal ។ នៅពីក្រោយភាពជោគជ័យរបស់លោក គឺមិនមែនងាយស្រួលនោះទេដោយលោក បានខិតខំតស៊ូ និងឆ្លងកាត់ភាពលំបាកជាច្រើនទើបធ្វើឱ្យលោកមានថ្ងៃនេះ។

លោកបានបង្កើតក្រុមហ៊ុន WhatsApp ជាមួយមិត្តភក្តិរបស់លោក ដែលបានលក់ឱ្យក្រុមហ៊ុន Facebook កាលពីឆ្នាំ ២០១៤ ក្នុងតម្លៃ១៩ពាន់លានដុល្លារអាមេរិក។ រហូតមកទល់ពេលនេះលោក  Brain គឺជាមហាសេដ្ឋីអាមេរិកមួយរូបដែលមានទ្រព្យសម្បត្តិក្នុងដៃយ៉ាងច្រើន។ ជាមួយគ្នានេះដែរខាងក្រោមនេះ គឺជាដំបូន្មានដ៏ល្អៗ​របស់លោក Brain Acton ។

ទី១) “ចូរកុំចុះចាញ់ចំពោះពាក្យបដិសេធ”

មនុស្សគ្រប់រូបគ្មាននរណាម្នាក់ អាចជៀសផុតពីពាក្យបដិសេធនោះទេពោលគឺវា ជារឿងដែលទូទៅបាត់ទៅហើយ។ លោក Brain គឺជាបុគ្គលដែលធ្លាប់បានគេបដិសេធ ក្នុងការដាក់ពាក្យសម្ភាសន៍ពីក្រុមហ៊ុន Facebook កាលពីឆ្នាំ២០០៩។ ក៏ប៉ុន្តែការបដិសេធ នោះមិនបាន ធ្វើឱ្យលោកអស់សង្ឃឹមនោះទេហើយលោកក៍មិនបានចុះចាញ់ ឧបសគ្គមួយនោះដែរ។ ផ្ទុយទៅវិញលោក Brain បានចាត់ទុកថាវាគឺជាបទពិសោធ មួយដែលលោកបានរៀន និងឆ្លងកាត់តែប៉ុណ្ណោះ។

ទី២) “ចូរកុំភ័យខ្លាចនឹងភាពបរាជ័យ”

ភាពបរាជ័យទាំងឡាយគឺជាបទពិសោធដែលអាចនាំអ្នកឱ្យឈានទៅរកភាពជោគជ័យបាន។ គ្មានជោគជ័យឯណាដែលអាចកើតឡើងបានដោយមិនធ្លាប់ឆ្លងកាត់ការបរាជ័យសូម្បីតែម្តងនោះទេ ដូច្នេះអ្នកមិនគួរភ័យខ្លាចចំពោះវាឡើយ។ លោក Brain មានប្រសាសន៍ថា ក្រោយពេលដែលលោកត្រូវបានក្រុមហ៊ុន Facebook បដិសេធការ សម្ភាសន៍កាលពីឆ្នាំ ២០០៩  លោកមិនបានកើតជម្ងឺបាក់ទឹកចិត្តនោះទេ។  ផ្ទុយទៅវិញ លោកថែមទាំងមានគំនិតវិជ្ជមានថាទោះបីជាលោកមិនបានជាប់ក្នុងការសម្ភាសន៍នោះក៏ដោយ ក៏លោកបានស្គាល់នូវមនុស្សដែលពូកែៗជាច្រើន ក្នុងអំឡុងពេលដែលធ្វើការសម្ភាសន៍  ហើយលោកអាចរៀនសូត្រពីចំណុចល្អៗពីបុគ្គលទាំងអស់ នោះបានផងដែរ។ដូច្នេះហើយ ចូរកុំភ័យខ្លាចការបរាជ័យ និងពាក្យបដិសេធពីអ្នកដទៃ។

ទី៣) “ប្រសិនបើអ្នកបរាជ័យ  អ្នកត្រូវតែខិតខំម្តងទៀតឱ្យខ្លាំងក្លាជាងមុន”

ក្នុងពេលជួបភាពបរាជ័យគឺមិនមែនជាពេលដែលអ្នកត្រូវដួលនិងបោះបង់ចោលនោះទេ។ផ្ទុយទៅវិញវាគឺជាពេលវេលាមួយដែលអ្នកត្រូវតែប្រឹងឱ្យខ្លាំងជាងពីមុនទៅទៀត។ជាក់ស្តែងលោក Brain Acton បានមានប្រសាសន៍ថា “ចូរកុំឱ្យភាពបរាជ័យទាំងឡាយមកក្របដណ្តប់លើជីវិតអ្នកឱ្យសោះ ហើយអ្នកក៏ត្រូវតែរឹងមាំ និងរិះរកដំណោះ ស្រាយដើម្បីយកឈ្នះវាឱ្យបាន”។ប្រសិនបើអ្នករវល់តែពិបាកចិត្ត អស់សង្ឃឹម និងមិនខិតខំរកដំណោះស្រាយនោះទេ វានឹងរឹតតែពិបាកលើសដើមជាក់ជាមិនខាន។ ហេតុផលទាំងនេះហើយដែលធ្វើឱ្យលោក Brain Acton ទទួលបានលទ្ធផលល្អបើទោះបីជាលោកធ្លាប់ត្រូវបានទទួលការបដិសេធការងារពីក្រុមហ៊ុន Facebook ក៏ដោយ។

ទី៤) “ការសិក្សានៅមហាវិទ្យាល័យ គឺពិតជាល្អសម្រាប់អ្នក”

លោក Brain Acton គឺជាសមាជិកតែម្នាក់នៅក្នុងគ្រួសារដែលខ្លូនបានបញ្ចប់ការសិក្សា នៅឯមហាវិទ្យាល័យ។ លោកមានប្រសាសន៍ថា “ សម្រាប់ខ្ញុំការបញ្ចប់ការសិក្សា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ។នៅក្នុងគ្រួសារគឺមានតែខ្ញុំម្នាក់គត់ ដែលជានិស្សិតបញ្ចប់ការសិក្សានៅឯមហាវិទ្យាល័យ”។ការខិតខំប្រែងសិក្សារៀនសូត្រ និងការតស៊ូបានធ្វើឱ្យលោក Brain Acton ក្លាយខ្លួនជាមហាសេដ្ឋីជនជាតិ អាមេរិកដ៏ល្បីល្បាញមកទល់ពេលសព្វថ្ងៃនេះ។

ជារួមមកវិញចំណុចទាំង ៤ខាងលើនេះ គឺសុទ្ធសឹងតែជាដំបូន្មានល្អៗរបស់លោកBrainActon ដែលជាមហាសេដ្ឋីអាមេរិកមួយរូបហើយចំណុចទាំងអស់នេះក៏ជាបទពិសោធន៍ ដែលធ្លាប់បានឆ្លងកាត់រួចមកហើយ។ ដូច្នេះអ្នកអាចសិក្សានិងឈ្វេងយល់បន្ថែម ដើម្បីជាចំណេះដឹងផ្សេងៗក៏ដូចជាអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនផងដែរ៕