លោកឧកញ៉ា ឃាង ពុទ្ធី ៖ គួរវិនិយោគទៅលើចំណេះដឹង មុនពេលវិនិយោគក្នុងវិស័យអចលនទ្រព្យ

ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចសាកលកំពុងប្រឈមយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែមានទំនោរទៅលើការរកស៊ីដោយការវិនិយោគនៅក្នុង ទីផ្សារ អចលនទ្រព្យ ក្រោមហេតុផលថាងាយទទួលបានចំណេញ និងក្លាយជាអ្នកមានឆាប់រហ័ស។  

ជាមួយនឹងទំនោរខាងលើនេះ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ា ឃាង ពុទ្ធី ដែលជាអ្នកជំនាញ និងមានបទពិសោធន៍នៅក្នុងវិស័យអចលនទ្រព្យកម្ពុជាជាច្រើនឆ្នាំបានលើកឡើងថា ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ ងាយទទួលបានចំណេញ ហើយក៏ងាយខាតបង់វិញដែរ ព្រោះការវិនិយោគទទួលបានចំណេញ ឬខាតបង់ វាអាស្រ័យទៅលើកត្តាសំខាន់ជាងគេបំផុតគឺភាពឆ្លាតវៃ ការចេះមើលពីស្ថានភាពទីផ្សារ និងការចេះក្តាប់បានឱកាស ដែលទាំងអស់នេះសុទ្ធតែស្ថិតនៅក្រោមចំណេះដឹងគោលទាំងអស់។ 

លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍ថា “កុំឃើញគេរកស៊ីមានបាន ទទួលបានចំណេញ ចង់រកស៊ីតាមគេ។ អាចទទួលបានចំណេញពីការវិនិយោគគឺដោយសារតែគេទាំងនោះមានចំណេះដឹងច្បាស់ ស្គាល់ពីបរិបថនៃសង្គម យល់ដឹងពីចរន្ត និងតម្រូវការទីផ្សារពិតប្រាកដ។ ខ្ញុំគាំទ្រចំពោះគោលបំណងនៃការចូលខ្លួនមកវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ ប៉ុន្តែអ្វីដែលគួរវិនិយោគមុនគេបំផុត គឺការចំណាយទុន ចំណាយពេលវេលាទៅលើការវិនិយោគចំណេះដឹងគោលជាមុនសិន”។ 

លោកបានបន្តឱ្យថា នៅពេលដែលមានចំណេះដឹងគោលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យទូលំទូលាយ នោះនឹងអាចមើលឃើញពីឱកាសកាន់តែច្រើន ជាពិសេសចេះវិភាគទៅលើចរន្ត និងតម្រូវការទីផ្សារច្បាស់ដែលអាចបញ្ចៀសនូវរាល់ហានិភ័យបានយ៉ាងប្រសើរជាងការវិនិយោគដោយប្រថុយប្រថាន ដែលធ្វើឡើងតាមការអូសទាញរបស់ឈ្នួញ ឬការអូសទាញរបស់ភ្នាក់ងារមួយចំនួនដែលគ្មានវិជ្ជាជីវៈ។ ការទទួលបានចំណេះដឹងនៅក្នុងវិស័យអចលនទ្រព្យត្រូវបានធ្វើឡើងជាច្រើនរូបភាព ដែលក្រៅពីចំណាយទុនទៅលើការសិក្សា ក៏អាចទទួលបានតាមរយៈការសុំប្រឹក្សាយោបល់ពីសំណាក់អ្នកជំនាន់មុន ឬរៀបច្បងដែលទទួលបានភាពជោគជ័យ មានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យនេះ។ 

លោកឧកញ៉ាបានបញ្ជាក់ថា “ជាយោបល់ និងជាទស្សនៈទានរបស់ខ្ញុំគឺមុនពេលបណ្តាលទុនវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ គម្បីវិនិយោគទៅលើចំណេះដឹងជាមុនសិនទើបជាការប្រសើរ”៕