សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ពន្ធលើការផ្ទេរសិទ្ធិអចលនទ្រព្យ ឬអ្នកខ្លះនិយមហៅថា "ពន្ធប្រថាប់ត្រា" គឺជាប្រភេទពន្ធម្យ៉ាងដែលត្រូវបង់ជូនរដ្ឋនៅពេលដែលមានការផ្ទេរសិទ្ធិអចលនទ្រព្យបណ្តាក់ដៃគ្នាពីម្នាក់ទៅម្នាក់តាមរយៈការលក់ ជាអំណោយ ឬការដោះដូរ ឬការដាក់ភាគហ៊ុនជាដើម។
ពន្ធប្រថាប់ត្រាត្រូវអនុវត្តប្រមូលទៅលើ៖
ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន និងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយាន្តយន្តគ្រប់ប្រភេទ
ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ
លិខិតមានលក្ខណៈគតិយុត្ត ជាអាទ៌៍ លិខិតស្តីពីការបង្កើតក្រុមហ៊ុន លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបិទក្រុមហ៊ុន។
ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា៤% ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យឬការផ្ទេរសិទ្ធិកាន់កាប់ដីដែលគ្មានសំណង់ក្រោមរូបភាពជាការលក់ការដោះដូរ ការទទួលអំណោយការដាក់ភាគទុនក្រុមហ៊ុន។
អត្រាពន្ធ និងការកំណត់ពន្ធប្រថាប់ត្រាមានដូចជា៖
៤% នៃតម្លៃអចលនទ្រព្យចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យជាសំណង់ឬដី ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។
៤% នៃតម្លៃមធ្យោបាយដឹកជញ្ជូនឬយានយន្ត ចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្តគ្រប់ប្រភេទមានរថយន្តដឹកទំនិញធុនធ្ងន់រថយន្តដឹកទំនិញធុនស្រាលរថយន្ត ទោចក្រយានយន្តកាណូត សាឡង់ កប៉ាល់-ល-។
០,១% នៃតម្លៃភាគហ៊ុនចំពោះការផ្ទេរចំណែកណាមួយឬទាំងស្រុងនៃភាគហ៊ុនឬការរំលាយក្រុមហ៊ុនបញ្ចូលគ្នា។
០,១% នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ។
១លានរៀល ចំពោះលិខិតមានលក្ខណៈគតិយុត្ត៣ប្រភេទគឺ លិខិតស្តីពីការបង្កើតក្រុមហ៊ុនលិខិតស្តីពីការបិទក្រុមហ៊ុននិងលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា។
ដោយឡែកពន្ធប្រថាប់ត្រាត្រូវបានលើកលែងដូចខាងក្រោម៖
១. ការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាលសម្រាប់ជាប្រយោជន៍សេដ្ឋកិច្ចឬសង្គមកិច្ច។
២. ការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ៖
ការធ្វើសន្តិកម្ម (មរតក) រវាងឪពុកម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និងរវាងយាយតាបង្កើត និងចៅបង្កើត។
ការធ្វើប្រទានកម្ម (អំណោយ) រវាងឪពុកម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និងរវាងយាយតាបង្កើត និងចៅបង្កើត សម្រាប់តែការផ្ទេរលើកទីមួយប៉ុណ្ណោះ។ ហើយចាប់ពីលើកទីពីរទៅ ត្រូវបានអនុញ្ញាតឱ្យដកមូលដ្ឋានគិតពន្ធប្រថាប់ត្រា ១០០លានរៀល។ សម្រាប់ការធ្វើសន្តតិកម្ម និងប្រទានកម្មទាមទារឱ្យមានឯកសារបញ្ជាក់ទំនាក់ទំនងអំពីញ្ញតិ ដូចជាសៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ ឬឯកសារទាក់ទងផ្សេងៗទៀត។
៣. ការផ្ទេរកម្មសិទ្ធិទោចក្រយានយន្តត្រីចក្រយានយន្តគ្រប់ប្រភេទត្រាក់ទ័រនិងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់១៥០សេះ។
ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់គិតជាសមមាត្រលើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ ប៉ុន្តែដើម្បីឱ្យមានភាពងាយស្រួលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចកំណត់តម្លៃសម្រាប់រយៈកាលនីមួយៗដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការគិតគូរប្រាក់ពន្ធដែលត្រូវបង់៕
ប្រភព៖ ប្រភេទនៃពន្ធ លោក ឡោ ក្រឹម, Realestate, Apamat
សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ