ជំងឺឆ្អឹងជាញឹកញាប់អាចត្រូវបានការពារបានដោយការបញ្ចូលជាតិកាល់ស្យូម និងវីតាមីនD ឱ្យបានគ្រប់គ្រាន់ទៅក្នុងរបបអាហាររបស់អ្នក។ វាជាការសំខាន់ណាស់ដែលអ្នកត្រូវយល់ដឹងអំពីការទទួលទានជាតិកាល់ស្យូមនិងវីតាមីន D ដើម្បីជំនួយឆ្អឹងនៅពេលអ្នកមានអាយុកាន់តែច្រើន។
យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ការទទួលទានកម្រិតវីតាមីន D បានគ្រប់គ្រាន់ វាមិនត្រឹមតែជួយដល់សុខភាពឆ្អឹងប៉ុណ្ណោះទេ តែថែមទាំងអាចជួយបង្កើនកម្រិតថាមពលនិងទប់ស្កាត់សាច់ដុំអស់កម្លាំងបានទៀតផង។
ខាងក្រោមនេះគឺជាការណែនាំអំពីអាហារទាំង៥ក្រុមដែលមានគុណប្រយោជន៍ល្អបំផុតសម្របា់ការលូតលាស់នៃឆ្អឹង៖
១. ពពួកគ្រាប់ធញ្ញជាតិដែលមានជាតិកាល់ស្យូម
ចាប់ផ្តើមថ្ងៃថ្មីនីមួយៗដោយការញ៉ាំជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់។ អ្នកអាចជ្រើសរើសពពួកគ្រាប់ធញ្ញជាតិមានជាតិកាល់ស្យូម ដែលមានជាតិសរសៃខ្ពស់ និងមានជាតិស្ករទាប បន្ទាប់មកអ្នកអាចបន្ថែមទឹកដោះគោជាមួយបាន។ ការញ៉ាំគ្រាប់ធញ្ញជាតិទាំងមូលជាមួយទឹកដោះគោមួយពែង គឺស្មើនឹងបន្ថែមជាតិកាល់ស្យូមរហូតដល់៦០០ មីលីក្រាមទៅឱ្យរាងកាយ។
២. ត្រីសាម៉ុង
ត្រីដែលមានជាតិខ្លាញ់គឺជាប្រភពដ៏ល្អបំផុតនៃវីតាមីនD។ បរិមាណត្រី Salmon ប្រមាណ៣ក្រាមគឺស្មើនឹងការវីតាមីន D ច្រើនជាង ១០០% នៃតម្លៃដែលរាងកាយត្រូវការវីតាមីននេះប្រចាំថ្ងៃ។
៣. បន្លែស្លឹកបៃតង
បន្លែដូចជាផ្កាខាត់ណាខៀវ ស្ពៃផ្លក់ចយ និងបន្លែបៃតងផ្សេងទៀតសម្បូរទៅដោយជាតិកាល់ស្យូមខ្ពស់បំផុត ព្រមជាមួយវីតាមីន K និងសារធាតុ Folate ដែលល្អបំផុតសម្រាប់ការលូតលាស់របស់ឆ្អឹង។ អ្នកអាចចម្អិនបន្លែទាំងនេះដោយចំហុយរយៈពេលខ្លីជាមួយត្រី ឬសាច់មាន់ដោយមានបន្ថែមគ្រឿងទេសតិចតួចគឺជាគុណប្រយោជន៍សម្រាប់រាងកាយ។
៤. ទឹកដោះគោ យ៉ាអួ និងឈីស
ដូចដឹងស្រាប់ហើយថា ទឹកដោះគោ និងផលិតផលចម្រាញ់ចេញពីទឹកដោះគឺជាប្រភពកាល់ស្យូមដ៏អស្ចារ្យ។ ការទទួលទានយ៉ាអួ ឈីស ឬទឹកដោះគោផ្ដល់ជាតិកាល់ស្យូមពី ១៥០ ម.ក្រ ទៅ ២៥០ម.ក្រដល់រាងកាយ។ ពពួកទឹកដោះគោដែលគេយកជាតិគ្រីមចេញអស់មានផ្ទុកជាតិកាល់ស្យូមច្រើនជាងទឹកដោះគោសុទ្ធទៅទៀត ប៉ុន្តែការទទួលទានទឹកដោះគោគ្មានជាតិគ្រីមនេះជាមួយជាតិកាហ្វេអ៊ីនអាចកាត់បន្ថយការបឺតស្រូបជាតិកាល់ស្យូមទៅវិញ។
៥. ពោតបារាំង
បន្លែប្រភេទនេះកំពុងពេញនិយមក្នុងការទទួលទានដោយសាររសជាតិប្លែករបស់វា និងគុណប្រយោជន៍ច្រើនសម្រាប់រាងកាយ។ ពោតបារាំងមួយចានផ្ដល់ឱ្យរាងកាយនូវជាតិកាល់ស្យូមប្រមាណ៨២ ម.ក្រ។ អ្នកអាចទទួលទានវាដោយឆៅ ឬចម្អិនជាសម្ល ឬឆាបានយ៉ាងមានរសជាតិឈ្ងុយឆ្ងាញ់៕