អត្ថន័យគ្រឿងសំណែន នៅក្នុងការប្រារព្ធឡើងនូវពិធីបុណ្យចូលឆ្នាំចិន

ពិធីបុណ្យចូលឆ្នាំចិន ដែលជាបុណ្យត្រូវបានប្រារព្ធធ្វើឡើងធំបំផុតរបស់ប្រជាជនចិន ហើយប្រជាជនខ្មែរកាត់ចិន ឬក៏ប្រជាជនចិនមករស់នៅខ្មែរមួយចំនួន បានរៀបចំធ្វើឡើងនូវបុណ្យមួយនេះ ដែលកាន់តែខិតចូលមកដល់ ក្នុងអំឡុងពេលខាងមុខនេះ កំពុងតែបានត្រៀម និងសម្រុកទិញយកទំនិញផ្សេងៗ ដើម្បីទុកសែនចូលឆ្នាំចិន ដែលគេនិយមតៗគ្នាមក មានដូចជា មី ជ្រូកខ្វៃ មាន់ គ្រឿងទេស និងពងទាជាដើម។ ប៉ុន្តែអ្នកទាំងអស់គ្នា ប្រហែលជាមិនទាន់បានដឹងពីអត្ថន័យមួយចំនួនដែលបង្កប់ក្នុងការសែន សំណែនទាំងអស់នេះនៅឡើយទេ ដូច្នេះហើយ នៅខាងក្រោមអត្ថបទនេះនឹងរៀបរាប់ពីអត្ថន័យរបស់គ្រឿងសំណែនសំខាន់ៗ ដូចខាងក្រោម៖

១.ជ្រូកខ្វៃ

ជ្រូកខ្វៃដែលត្រូវបានគេនិយមយកមកសែននេះ ក៏ព្រោះតែគេមានជំនឿថាការសែនជ្រូកខ្វៃ គឺតំណាងឱ្យការរកស៊ីមានបាន ហូបឆ្ងាញ់ និងដេកលក់ស្រួល។ ហើយការសែនជ្រូកខ្វៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន គឺអាចនាំលាភ នាំសំណាង មានជ័យ និងសម្រេចរាល់កិច្ចការ​ និងការរកស៊ីផងដែរ។ ជ្រូកខ្វៃនៅពេលសែនគេបែក្បាលមកក្នុង គឺដើម្បីនាំលាភជ័យចូលក្នុងផ្ទះ រីឯកន្ទុយចេញក្រៅ នឹងបក់នាំសំណាងអាក្រក់ចេញ និងឧបសគ្គនានា។

២.មីសរសៃវែង

មីក៏ជាសំណែនដ៏សំខាន់មួយផងដែរ ដោយក្នុងកម្មវិធីនេះយើងឃើញមានវត្តមានមី មិនដែលអាក់ខានឡើយ។ ដោយសារតែការសែនមី គេមានជំនឿថា មីជួយឱ្យឪពុកម្ដាយ ដូនតា និងមនុស្សចាស់ៗ នៅក្នុងគ្រួសារ មានអាយុវែងដូចសសៃមីដែរ ព្រមទាំងមិនមានជម្ងឺមកបៀតបៀនថែមទៀតផង ហើយណាមួយវាក៏ជាអាហារ ដែលពួកជនជាតិចិននិយមបរិភោគគ្រប់កម្មវិធីដូចគ្នា។

៣.ការសែនទឹកតែ

នៅពេលដែលនិយាយដល់រឿងទឹកតែ យើងប្រាកដជាបានដឹងហើយតាមរយៈការមើលរឿងចិន ដែលគេនិយមយកមកទទួលទាន ដើម្បីនិយាយកំណាព្យ និងទទួលភ្ញៀវ ហើយការទទួលបែបនេះ គឺមានតម្លៃនិងសេចក្ដីថ្លៃថ្នូរដល់ម្ចាស់ផ្ទះ និងការបង្ហាញការគោរពចំពោះភ្ញៀវដែលមកលេងដូចគ្នា។ ហើយការសែនបែបនេះ នៅក្នុងបុណ្យចូលឆ្នាំចិនមិនខុសគ្នានោះទេ គឺជាការបង្ហាញការគោរព ដឹងគុណចំពោះអ្នកមានគុណទាំងឡាយ ដែលបានថែរក្សាយើងកន្លងមក។

៤.ក្រដាសសែន

ការសែនក្រដាសសែនគឺជាការដុតក្រដាសលុយ សម្លៀកបំពាក់ មាសប្រាក់ដែលគេបានរៀបចំឡើង ដើម្បីដុតជូនដល់ញាត្តិសណ្ដានដែលបានចែកឋានទៅបាត់ហើយឱ្យទទួលយកអ្វីដែល យើងបានដុតជូន។ ហើយម្យ៉ាងវិញទៀត គឺដុតរាល់អ្វីដែលយើងចង់បាននៅក្នុងឆ្នាំថ្មី នោះអ្វីដែលយើងបានដុតជូនដូនតា នឹងត្រឡប់មកឱ្យយើងវិញក្រោយឆ្នាំថ្មីត្រូវបានបញ្ចប់។

៥.ការសែនមាន់ យីហឺ និងស៊ុតទា

ជនជាតិចិនដែលបានបានត្រៀមសម្រាប់បុណ្យចូលឆ្នាំចិន តែងយកមាន់មកធ្វើជាគ្រឿងសំណែនសំខាន់មួយដែរ ជាពិសេសនោះគឺ មាន់ជើងលឿង គឺមិនមែនមាន់ជើងពណ៌ខ្មៅឡើយ ហើយបន្ទាប់មកយកស្ងោរឱ្យឆ្អិនល្មម ដើម្បីដាក់សែនជាមួយ យីហឺ និងស៊ុតទា។ ហើយក្នុងការសែនមាន់នេះត្រូវបានទុកជាការទំនាយ ដូចជាប្រសិនបើក្រញ៉ាំជើងមាន់លា គេជឿថាក្នុគ្រួសារពុំសូវបានសេចក្ដីសុខនោះទេ ប៉ុន្ដែបើក្រញ៉ាំវាកួចគេជឿថានិងមានសេចក្ដីសុខជាដើម។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពិធីសែនចិនបែបនេះ តែងកើតមានគ្រោះថ្នាក់ដោយការឆេះផ្ទះ ដោយសារការអុជធូបទុកចោលមិនបានប្រុងប្រយ័ត្ន ដូច្នេះហើយ នៅក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខ ប្រជាពលរដ្ឋទាំងអស់គួរតែ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះបញ្ហាទាំងនេះ កុំឱ្យកើតមានគ្រោះថ្នាក់ជាយថាហេតុ៕