រឿង​ដែល​មិន​គួរ​ធ្វើ ពេល​សម្ភាស​ការងារ បើមិនចង់របូតឱកាស

អបអរសាទរ​ដែល​ប្រវត្តិរូប​របស់​អ្នក​ត្រូវបាន​ក្រុមហ៊ុន​ពេញ​ចិត្ត និង​អញ្ជើញ​ទៅ​សម្ភាស​សម្រាប់​ដំណាក់កាល​បន្ត។ ​​អ្នក​ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បាន​​កាន់​តែច្រើន ​ដើម្បី​កុំ​ឱ្យមានកំហុស​ដែល​អាច​ធ្វើឱ្យអ្នក​របូត​ឱកាស​ការងារ​នេះ។

ខាង​ក្រោម​នេះគឺជារឿង ៨យ៉ាង​ដែលគួរជៀសវាង​ក្នុង​ពេល​មក​សម្ភាស​ការងារ​ដែល​អ្នក​មិន​គួរ​មើល​រំលង។

មិន​បាន​ស្រាវជ្រាវ​អំពី​ក្រុមហ៊ុន ​ឬមុខតំណែង​ដែល​ខ្លួន​កំពុង​សម្ភាស

មុនពេលដាក់ពាក្យសុំការងារអ្នកគួរតែធ្វើការស្រាវជ្រាវត្រួសៗ​អំពី​ក្រុមហ៊ុនដែលអ្នកកំពុងដាក់ពាក្យ​ ដើម្បីប្រាកដថាគុណតម្លៃរបស់អ្នកត្រូវ​ជាមួយ​ក្រុមហ៊ុន។ ប្រសិនបើអ្នក​ចង់​​សម្ភាស​ដោយ​មាន​សុវត្ថិភាព សូមប្រាកដថាអ្នក​បាន​ស្រាវជ្រាវបន្ថែមទៀតអំពីក្រុមហ៊ុន​ បែបនេះ​ទើប​អ្នកអាចឆ្លើយសំណួរ​ដែលអ្នកសម្ភាសអាចនឹង​សួរ​មក​អ្នក​ដោយ​មាន​ទំនុក​ចិត្ត។

មកយឺតពេល ឬមិនបាន​សាកល្បង​បច្ចេកវិទ្យា​វីដេអូ (សម្រាប់​ការ​សម្ភាស​តាម​អនឡាញ)

អ្នកគួរ​តែមក​ដល់​កន្លែង​សម្ភាស​ឱ្យ​បាន​យ៉ាងហោចណាស់ ​ ១០នាទីមុន សម្រាប់​ការសម្ភាស​ដោយផ្ទាល់ ប៉ុន្តែក៏​ត្រូវប្រាកដថាអ្នកមិន​មក​លឿនពេកដែរ។ កុំភ្លេចរៀបចំផែនការធ្វើដំណើររបស់អ្នក​ឱ្យ​បាន​មុន និង​រួចរាល់ ដោយ​គិត​គូរ​ពី​រឿង​ស្ទះចរាចរណ៍ស្ថានភាពដែលមិនបានរំពឹងទុកផ្សេងៗ ឬពីអ្នកសម្ភាសន៍ ឬអាចនិយាយបានថាដើម្បីអនុញ្ញាតឱ្យខ្លួនអ្នកមានពេលខ្លះបំពេញឯកសារមុនឡើងទៅសម្ភាស។

ចំណែកការ​សម្ភាស​តាមវីដេអូខលកំពុងក្លាយជាវិធីសាស្ត្រដែលនិយោជិតភាគច្រើនកំពុងប្រើជាពិសេសក្នុងអំឡុងពេលកូវីដ១៩នេះ។ អ្នកត្រូវច្បាស់ថាបានទាញយក និងសាកល្បងប្រព័ន្ធ​ដែលត្រូវប្រើដើម្បីធ្វើវីដេអូខលនេះ ជៀសវាងមានការរអាក់រអួលពេលដល់ម៉ោងសម្ភាស។

បង្ហាញការមិនយកចិត្តទុកដាក់ឬចាប់អារម្មណ៍លើការសម្ភាស

ដំណាក់កាលសម្ភាសគឺជាដំណាក់កាលដ៏សំខាន់មួយដើម្បីស្វែងយល់ពីអាកប្បកិរិយា និងការយកចិត្តទុកដាក់ចំពោះការងាររបស់បេក្ខជន។ ដូច្នេះប្រសិនបើអ្នកបង្ហាញឥរិយាបថណាមួយដែលអ្នកសម្ភាសមើលឃើញពីភាពខ្ជះខ្ជាយ ឬឥរិយាបថមិនល្អ វាអាចនឹងជាឧបសគ្គមួយដែលរារាំងអ្នកមិនអាចទទួលបានការងារដែលខ្លួនកំពុងស្រមៃក៏ថាបាន។

ភ្លេចសួរ ឬមិនបានត្រៀមសំណួរដើម្បីសួរទៅខាងក្រុមហ៊ុនវិញ

ស្រដៀងគ្នានឹងចំណុចខាងលើដែរ ​ប្រសិនបើអ្នកមិនរៀបចំសំណួរហោចណាស់ក៏ពីរបីសម្រាប់សួរទៅអ្នកសម្ភាសវិញនោះពួកគេនឹងគិតថាអ្នកមិនចាប់អារម្មណ៍ ឬមិនបានត្រៀមទុកសម្រាប់ការសម្ភាស​មួយនេះឡើយ។ ដូច្នេះចូរព្យាយាមរៀបចំ​សំណួរពីរឬបីសំណួរឱ្យបានរួចជាស្រេច ​ឬលើសពីនេះដើម្បីបង្ការក្រែងលោចំណុចខ្លះអ្នកសម្ភាសបានឆ្លើយជាមុនរួចហើយ។

​សំណួរមួយចំនួនដែលអ្នកអាចសួរបានមានដូចជា៖

- តើអ្វីជាផ្នែកដែលអ្នកពេញចិត្តបំផុតអំពីការធ្វើការនៅ [ឈ្មោះក្រុមហ៊ុន]?

- តើថ្នាក់ដឹកនាំនឹងរំពឹងអ្វីខ្លះពីតួនាទីមួយនេះក្នុងរយៈពេល ៣០ ៦០ ឬ៩០ ថ្ងៃដំបូងនៃការចូលធ្វើការ?

- តើជំនាញឬបុគ្គលិកលក្ខណៈអ្វីខ្លះដែលអ្នកគិតថានឹងធ្វើឱ្យបេក្ខជនដែលដាក់ពាក្យក្នុងតួនាទីនេះអាចទទួលបានជោគជ័យ? -ល-

និយាយអាក្រក់ពីកន្លែងធ្វើការមុន

អ្នកសម្ភាសអាចនឹងសួរអ្នកថា ហេតុអ្វីបានជាអ្នក​ចេញពី​កន្លែងធ្វើការមុន​ៗ? ហេតុអ្វីបានជាអ្នកស្វែងរកឱកាសការងារថ្មី ឬក៏អ្វីដែលអ្នកមិនចូលចិត្តអំពីការងារមុនរបស់អ្នកជាដើម។ សូមកុំយកវាជាឱកាសដើម្បីបង្ហាញពីការលំបាក ឬទុក្ខសោករបស់អ្នកនៅកន្លែងចាស់។ ផ្ទុយទៅវិញ ចូរផ្តោតលើឱកាសដែលមុខតំណែងថ្មីនេះនឹងផ្តល់ឱ្យអ្នក​នូវអ្វីដែលតួនាទីពីមុន​របស់អ្នកមិនមាន។ ឧទាហរណ៍៖ ខ្ញុំកំពុងស្វែងរកឱកាសទទួលយកតួនាទីដែលអនុញ្ញាតឱ្យខ្ញុំគ្រប់គ្រងអ្នកដទៃបាន ឬខ្ញុំចង់មានឱកាសគ្រប់គ្រងថវិកា និងធ្វើការ​កាន់តែច្រើនជាង​ក្នុងផ្នែកហិរញ្ញវត្ថុ។

លើករឿងប្រាក់ខែមកនិយាយលឿនពេក

វិធាននៃការលើកមេដៃសម្រាប់ពេល​សម្ភាសការងារ ​គឺមិនមែនអ្នកដែលលើករឿងប្រាក់ខែមកនិយាយដំបូងគេនោះទេ​។ ទោះបីជាវាជាផ្នែកមួយដ៏សំខាន់នៃការស្វែងរកការងារក៏ដោយ តែការនិយាយ​ពីប្រាក់ខែលឿនបែបនេះពេកនឹងបង្ហាញដល់និយោជកថា​អ្នកយកចិត្តទុកដាក់តែចំពោះរឿងនេះច្រើនជាងការរៀនសូត្របន្ថែម ទោះបីជាអ្នកស័ក្ដិសមសម្រាប់​តួនាទីនេះក៏ដោយ។

ដូច្នេះ សូមកុំបារម្ភអី! អ្នកនឹងអាចចរចារឿងនេះ​នៅពេលចុងបញ្ចប់ ព្រោះអ្នកសម្ភាសនឹងសួរអ្នកអំពីប្រាក់ខែដែលអ្នករំពឹងទុក ហើយអ្នកអាចសួរនាំបន្ថែមពីអត្ថប្រយោជន៍ផ្សេងៗបានទៅតាមនោះ។

ការស្លៀកពាក់មិនសមរម្យ

ចំណាប់អារម្មណ៍ដំបូងដែលអ្នកទទួលបានពិន្ទុតិចឬច្រើនគឺពឹងលើរូបរាងខាងក្រៅរបស់អ្នកនេះហើយ។ ថ្ងៃមកសម្ភាសការងារ អ្នកត្រូវប្រាកដថាស្រាវជ្រាវអំពីអ្វីដែលកូដសម្លៀកបំពាក់ទូទៅរបស់ក្រុមហ៊ុននោះ ហើយផ្គូរផ្គងជាមួយខោអាវដែលអ្នកមាន ឬអាស្រ័យទៅតាមតួនាទីដែលអ្នកកំពុងតែដាក់ពាក្យ។ សូមកុំព្យាយាមទាក់ទាញចំណាប់អារម្មណ៍អ្នកសម្ភាសដោយការស្លៀកពាក់សិចស៊ីស្លៀកពាក់ប្លែកៗ ឬពិបាកក្នុងការធ្វើដំណើរជាដើមដែលអាចនឹងនាំឱ្យអ្នកមកយឺត ឬមិនស្រណុកពេលកំពុងសម្ភាសជាដើម៕