ការហាមឃាត់មិនឱ្យអ្នកសារព័ត៌មាន​ថត គឺមិនមែនហាមគ្រប់​កន្លែងទាំងអស់នោះទេ

រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកជាឧទាហរណ៍ជាក់ស្ដែងថា បើនៅ​សហរដ្ឋ​អាមេរិកវិញ នៅពេលដែលហ៊ានចូលក្នុងដែនហាមឃាត់របស់សមត្ថកិច្ច គឺត្រូវ​ចាប់​ដាក់​ខ្នោះតែម្តង។ 

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា “អ្នកកាសែតមិនមែនធ្វើការ​ជំនួស​សមត្ថ​កិច្ច​នោះទេ គឺត្រូវរង់ចាំនៅពេលគេធ្វើការស្រាវជ្រាវវាយតម្លៃហេតុ​ការណ៍​នោះ ចប់ជាមុនសិន ទើបមានអ្នកនាំពាក្យរបស់អាជ្ញាធរ សមត្ថកិច្ចនោះ ជាអ្នកផ្តល់ព័ត៌ មានឱ្យជាផ្លូវការ”។ 

ឯកឧត្ដមក៏បានលើកឡើងទៀតថា ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តម ស ថេត ស្នងការ​នគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ច្បាស់ថា នៅក្នុងពេល សមត្ថកិច្ចកំពុងធ្វើការ​ស៊ើប​អង្កេតរឿងព្រហ្មទណ្ឌ ឬរឿងអ្វីមួយគឺ​មិនអនុញ្ញាត​ឱ្យថតនោះ​ទេ ដើម្បីរក្សាការសម្ងាត់។ ដូច្នេះត្រូវយល់ពីដែនសមត្ថកិច្ច និងយល់ពីភារកិច្ច​របស់អ្នក​សារព័ត៌មាន គឺត្រូវ​មានសិទ្ធិ​ត្រឹមកម្រិតណាដោយមិនត្រូវទៅបំពាន​នៅកន្លែងគេនោះទេ៕