ជំនួយវ៉ាក់សាំងរបស់ចិនជាសក្ខីភាពថ្មី សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដែកថែប

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកជំនួយវ៉ាក់សាំងនេះរបស់សាធារណរដ្ឋប្រជាមានិតចិន គឺពិតជាសក្ខីភាពថ្មី ដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិននៅក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងការកសាងសហគមន៍វាសនារួមគ្នា។

សម្ដេចតេជោគូសបញ្ជាក់ថា ទោះបីជាមកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងសភាពការណ៍នៃជំងឺឆ្លងកូវីដ-១៩ ដោយទប់ស្កាត់បាន មិនឱ្យមានការរាលដាលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងមិនឱ្យមានករណីបាត់បង់អាយុជីវិតរបស់ប្រជាជនដោយសារជំងឺឆ្លងដ៏កាចសាហាវនេះក្តី ក៏យើងមានការយល់ដឹងយ៉ាងច្បាស់ថា វ៉ាក់សាំងគឺជាតម្រូវការជាយុទ្ធសាស្រ្តដ៏សំខាន់ មួយរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំង និងការឈានទៅយកឈ្នះលើជំងឺកូវីដ-១៩។

សូមជម្រាបជូនថា វ៉ាក់សាំងកូវីដ១៩ ដែលជា ជំនួយរបស់ចិន បានដឹកមកដល់កម្ពុជា ចំនួន ៦០ ម៉ឺនដូស ជាជំហាន  ទី១ ក្នុងចំណោម ១ លានដូស កាលពីរសៀលថ្ងៃទី៧ កុម្ភៈ ២០២១៕