ភ្នំពេញ៖ ភាពរីកចម្រើនលើទីផ្សារទំនើបបែបសហគមន៍នាពេលបច្ចុប្បន្ននេះ (Community Mall) នៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវការនៅឡើយទេ ខណៈពេលដែលកម្ពុជា ជាពិសេសទីក្រុងភ្នំពេញបាននឹងកំពុងមានការអភិវឌ្ឍទៅមុខ និងកើនឡើងនូវចំនួនមនុស្សជាបន្តបន្ទាប់។
នាយិកាក្រុមហ៊ុន CAT Appraisal លោកស្រី ចេវ សុឃុន បានឱ្យដឹងកន្លងមកនេះថា មនុស្សជាច្រើន ជាពិសេសអ្នកវិនិយោគ និងអ្នកធ្វើការ ចូលចិត្តទៅផ្សារប្រភេទនេះ ដោយសារតែក្រៅពីងាយស្រួលក្នុងស្វែងទិញទំនិញគោលដៅ ពួកគាត់ក៏អាចមានជម្រើសច្រើនក្នុងការទិញទំនិញដទៃទៀត ដែលមាននៅក្នុងផ្សារនោះស្រាប់។ ម្យ៉ាងទៀត ពួកគាត់អាចធ្វើការណាត់ជួបពិភាក្សាការងារផ្សេងៗជាមួយដៃគូជំនួញ និងអតិថិជនរបស់ខ្លួននៅក្នុងផ្សារទំនើបនេះបានដោយងាយស្រួលផងដែរ។
លោកស្រីបញ្ជាក់ថា “ជាមួយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងបន្តទៅពេលអនាគត នៅតែមានតម្រូវផ្សារសហគមន៍បែបទំនើបប្រភេទនេះបន្ថែមទៀត ព្រោះវានៅមិនទាន់ឈានដល់កម្រិតមួយឆ្អែតនៅឡើយនោះទេ”។
លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងដែរថា ផ្សារសហគមន៍បែបទំនើបនេះ ខុសប្លែកពីផ្សារទំនើបធំៗ ឬជា Shopping Mall ដោយសារតែវាមានទំហំ និងលក្ខណៈតូចជាង បង្ករភាពងាយស្រួលក្នុងការចេញចូលជាង ជាពិសេសលក់នូវផលិតផលដែលប្រើប្រាស់ប្រចាំថ្ងៃ និងជាតម្រូវការពិតប្រាកដរបស់អតិថិជន។
លោកស្រីបន្តថា ផ្សារសហគមន៍បែបទំនើបនេះ ក៏មានបម្រលនូវកន្លែងកម្សាន្តផងដែរ ដូចជា រោងភាពយានយន្តជាដើម ជាពិសេស វាមានកន្លែងចតឡានងាយស្រួល ស្របទៅនឹងតម្រូវចិត្តអតិថិជនអាចចេញចូលបានលឿនរហ័ស ខណៈដែលផ្សារទំនើបធំៗវិញ គឺភាគច្រើនអតិថិជនទៅដើរកម្សាន្តច្រើនជាងទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសរៀងរាល់ថ្ងៃចុងសប្តាហ៍គឺមានមនុស្សច្រើន។
លោកស្រីបន្ថែមថា “ការវិនិយោគលើផ្សារសហគមន៍បែបនេះ មានភាពងាយស្រួល និងចំណាយក្នុងទំហំទឹកប្រាក់ចន្លោះពី ៥ ទៅ ១០ លានដុល្លារអាមេរិក ឬច្រើនជាងនេះអាស្រ័យទៅលើទីតាំង ការជួលដី ឬទិញដីសម្រាប់ធ្វើការអភិវឌ្ឍក្នុងគម្រោងនីមួយៗ”។
គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្សារសហគមន៍បែបទំនើប (Community Mall) មានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្ដែងគិតត្រឹមដើមឆ្នាំ២០២១នេះ ផ្សារសហគមន៍ប្រភេទនេះមានច្រើនជាង ១០ ទីតាំង ដែលបាននឹងកំពុងប្រតិប្តតិការ ខណៈគម្រោងវិនិយោគថ្មីៗទៀតកំពុងសាងសង់ និងរៀបចំគម្រោងអភិវឌ្ឍន៍ផ្សេងទៀត៕