រាជធានីភ្នំពេញ៖ វិស័យម្រេចត្រូវបានចាត់ចូលជាវិស័យកសិកម្មសំខាន់កំរិតទី2 និងត្រូវបានកសិករកម្ពុជាធ្វើការដាំដុះស្ទើរតែ25ខេត្តក្រុង។ ដំណាំប្រភេទរុក្ខជាតិវល្លិនេះ ត្រូវបានកសិករចាប់ផ្តើមនាំគ្នាសំរុកដាំដុះកំឡុងឆ្នាំ2015 នៅពេលដែលតំលៃទីផ្សារពិភពលោកហក់ឡើងខ្ពស់ប្រមាណ 40000 រៀល/គីឡូក្រាម។
ដំបូងឡើយ កសិករយើងធ្វើការដាំដុះម្រេចនៅតែតំបន់ខេត្តកំពតតែប៉ុណ្ណោះ ដោយភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត និងកំរឹតចំនេះដឹង និងជំនាញដាំដុះរបស់កសិករម្រេចកំពត។
វិស័យម្រេចនិងព្រៃឈើ៖ ការដាំដុះម្រេច ផ្អែកទាំងស្រុងលើការដកហូតយកព្រៃឈើ ដើម្បីធ្វើជន្លង់។ តាមការសិក្សាស្រាវជ្រាវរបស់អង្គការ WWF បានរកឃើញថា ដើម្បីដាំម្រេចមួយហិចតា ឬ 1700 ជន្លង់ កសិករត្រូវដកហូតឈើចំនួន 7ហិចតា ពីព្រៃរបោះ។
យោងតាមរបាយការណ៍ឆ្នាំ2015របស់សមាគមន៍ម្រេចអន្តរជាតិ IPC បានរកឃើញថា កំណើនការដាំដុះនៅប្រទេសកម្ពុជានិងប្រទេសវៀតណាមមានចំនួន 10 - 15 ម៉ឺនហិចតា ដែលបានស្រូបយកឈើសំរាប់ធ្វើជាជន្លង់ពីព្រៃរបោះកម្ពុជាចំនួនប្រមាណ 70ម៉ឺនហិចតា - 1លានហិចតា។ ក្នុងអត្ថបទនេះ យើងសូមលើកយកចំនេះដឹងខ្លះពីលោក សៅភួង ដែលធ្លាប់បំពេញការងារឲ្យ ក្រុមហ៊ុន Nedspice ខ្នាតអន្តរជាតិ ដែលជាអ្នកជំនាញ វិស័យនេះមកចែករំលែកជូនដូចខាងក្រោម៖
សំណួរ៖ តើវិស័យម្រេចនឹងទៅជាយ៉ាងណា នៅពេលដែលជន្លង់ម្រេចរងការពុកផុយ ប្រើលែងកើតក្នុងរយៈពេល 5 - 10 ឆ្នាំ?
លោក សៅភួង ៖ តាមបទពិសោធន៍នៅប្រទេសជិតខាង(វៀតណាម) ដែលជាប្រទេសនាំចេញចំណាត់ថ្នាក់លេខ1លើពិភពលោក រដ្ឋាភិបាលវៀតណាមបានអនុវត្តកម្មវិធីបន្សាំនិងត្រៀមខ្លួនទុកជាមុនលើបញ្ហានេះ។ កសិករម្រេចវៀតណាមច្រើនជាង 50ភាគរយ បាននឹងកំពុងប្រើប្រាស់ជន្លង់រស់ ជំនួសអោយបង្គោលឈើ។ គេដឹងថារុក្ខជាតិម្រេច អាចដុះនិងវាឡើងរក្ខជាតិផ្សេងទៀតបាននៅក្នុងព្រៃធម្មជាតិ។
នៅប្រទេសកម្ពជា ខ្ញុំឃើញមានការដាំដុះដោយប្រើជង្លង់រស់តាមបែបធម្មជាតិនឹង មានការចាប់ផ្តើមតិចតួចនៅខេត្តមណ្ឌលគិរី តាមរយ:ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល (ក្រសួង បរិស្ថាន) ក្រោយជំនួយបច្ចេកទេស WWF។
សំណួរ ៖ ទាក់ទងនឹងតំលៃម្រេចមានការធ្លាក់ចុះនាពេលបច្ចុប្បន្ន តើលោកមានយោបល់យ៉ាងណាដែរ?
លោក សៅភួង ៖ ជាទូទៅ មិនថាដំនាំកសិផលប្រភេទណាទេ កាលណាបរិមាណផលិត ច្រើនលើសពីតំរូវការពិភពលោក នោះតំលៃនឹងធ្លាក់ចុះ វាជារឿងធម្មតា រីឯម្រេចក៏ដូច្នោះដែរ។ យោងតាមតំលៃទីផ្សារម្រេចក្នុងរយៈពេល 50 - 60 ឆ្នាំដែលត្រូវបានកត់ត្រាច្បាស់លាស់ យើងឃើញថាតំលៃមានការប្រែប្រួលរៀងរាល់ 4 ឆ្នាំម្តង មានន័យថាតំលៃម្រេចមានការកើនឡើងរយៈពេល 4 ឆ្នាំជាប់គ្នា បន្ទាប់មកនឹងធ្លាក់4ឆ្នាំជាប់គ្នាវិញដែរ។
សំណួរ ៖ តើលោកមានយោបល់យ៉ាងណាដែរ ចំពោះកសិករម្រេច ក៏ដូចជាទីផ្សារបច្ចុប្បន្ន?
លោក សៅភួង ៖ ជាទូទៅ យោងតាមតំលៃទីផ្សារបច្ចុប្បន្ន កសិករម្រេចកម្ពជានឹងបន្ថយការផលិត ហើយយើងឃើញមានការផ្លាស់ប្តូរការដាំដុះម្រេចទៅជាការដាំដុះដំណាំផ្សេងៗ។ កសិករដែលមានចំណូលក្រៅពីម្រេច ហើយអាចទប់ទល់លើការចំណាយថ្លៃផលិត នឹងអាចទទួលបានផលចំនេញនៅពេលខាងមុខ នៅពេលដែលតំលៃកំពុងនឹងបន្តងើបឡើងវិញ។ បរិមាណស្តុកនៅលើពិភពលោកនឹងមានការថយចុះនៅឆ្នាំ2021 តាមការព្យាកររបស់អ្នកជំនាញ តំលៃម្រេចនឹងកើនឡើងប្រមាណ 30 ភាគរយ នៅឆ្នាំខាងមុខធៀបនឹងឆ្នាំ2020នេះ។
សូមជម្រាបជូនដែរថា ដោយស្ថានភាពនៃតម្លៃទីផ្សារម្រេចមានការធ្លាក់ចុះកន្លងមក កសិករខ្នាតតូចមួយចំនួន បានខាតបង់និងខ្លះបានបោះបង់របរនេះ ងាកមករកអាជីវកម្មផ្សេងទៀត។ បញ្ហានេះអ្នកជំនាញ ក៏បានផ្ដល់យោបល់ដែរថា អាជីវកម្មលក្ខណៈគ្រួសារ ដែលនៅខ្វះមូលដ្ឋានចំណេះដឹងច្បាស់លាស់ពីតម្រូវការ តម្លៃ ការផ្គត់ផ្គង់ នឹងអាចធ្វើឲ្យកសិករនៅតែបន្តខាតបង់៕