ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បានចាប់ផ្តើមដំណើរការដោយបង្ហាញពីភាពល្អប្រសើរឡើងវិញជាបណ្តើរៗឡើងវិញហើយនៅដើមឆ្នាំ ២០២១នេះ ប៉ុន្តែភាគច្រើនវិនិយោគិន ត្រូវការប្រភេទអចលនទ្រព្យល្អ និងតម្លៃទាបជាងទីផ្សារ។
លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានឱ្យដឹងថា ស្ថានភាពទីផ្សារពេលនេះល្អជាងឆ្នាំ២០២០ ដោយសារស្ថានភាពទូទៅនៅក្នុងប្រទេសមានភាពល្អប្រសើរ ទាំងសេដ្ឋកិច្ចក៏នៅដំណើរការល្អ ជាពិសេសនៅត្រឹមចុងសប្ដាហ៍នេះ កម្ពុជានឹងទទួលបានវ៉ាកសំាងសម្រាប់ចាក់ការពារជំងឺកូវីដក្នុងជំហានដំបូង។
លោកស្រីបន្ថែមថា ពេលនេះស្ថានភាពមានភាពល្អប្រសើរជាងចុងឆ្នាំ២០២០ ហើយមនុស្សចាប់ផ្តើមបន្តសកម្មភាពអាជីវកម្មឡើងវិញ សូម្បីតែសិស្សសាលាក៏អនុញ្ញាតឱ្យចូលរៀនវិញ ដែលបង្ហាញពីការធានាបាននូវសុវត្ថិភាពល្អជាងមុន។ ដូច្នេះចរន្តសេដ្ឋកិច្ចក៏ចាប់ដំណើរការល្អឡើវិញ ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យពួកគេត្រូវការតម្លៃអចលនទ្រព្យណាដែលទាបជាងទីផ្សារ និងរើសប្រភេទអចលនទ្រព្យ មិនដូចពីពេលដែលមិនទាន់ផ្ទុះឡើងនូវជងឺកូវិដ ១៩នោះទេ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានឱ្យដឹថា សម្រាប់ទីផ្សារអចលនទ្រព្យរបស់កម្ពុជានៅក្នុង២០២០ កន្លងមកនេះ បានទទួលរងនូវផលប៉ះពាល់ ហើយបណ្តាប្រទេសនានានៅក្នុងពិភពលោកក៏ប៉ះពាល់ផងដែរ។
លោក ច្រឹក សុខនីម បានបន្ថែមថា ដោយឡែកនៅក្នុងឆ្នាំ២០២១ នេះ ទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានទទួលនូវវ៉ាក់សម្រាប់ចាក់ការពារនូវជំងឺកូវីដ ១៩ នេះហើយ ។ បន្ទាប់ពីបានចាក់ការពារ ប្រជាពលរដ្ឋមាននឹងអារម្មណ៍សុវត្ថិភាពខ្ពស់ ហើយវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមមានកំណើនក្នុងការទិញលក់ធម្មតាមឡើងវិញ។
លោកថ្លែងថា « សម្រាប់ទស្សនរបស់ខ្ញុំ ត្រូវការពេលប្រមាណ៦ ខែទៀត ទើបធ្វើវិស័យអចលនទ្រព្យមានដំណើរពេញលេញឡើងវិញ ដូចបណ្តាឆ្នាំមុនៗ មុនពេលមានជំងឺកូវិដ ១៩ ផ្ទុះឡើង។ ប៉ុន្តែ បើទោះបីជួបបញ្ហាប្រឈមយ៉ាងណាក៏ដោយ នៅក្នុងវិស័យអចលនទ្រព្យមិនទទួលរងនូវផលប៉ះពាល់ធ្លាក់ថ្លៃនោះទេ៕