ភ្នំពេញ៖ បើងចង់ក្លាយជាភ្នាក់ងារលក់អចលនទ្រព្យទទួលបានជោគជ័យ ជាពិសេសភ្នាក់ងារអចលនទ្រព្យថ្មីថ្មោងត្រូវធ្វើផែនការសម្រាប់គ្រប់គ្រងទិន្នន័យអចលនទ្រព្យក្នុងទីតាំងភូមិសាស្ត្ររបស់ខ្លួន តាមរយៈការចុះទៅដល់គោលដៅដោយផ្ទាល់ កុំនៅតែក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់។ នេះជាការលើកឡើងរបស់លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងអចលនទ្រព្យកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន PREMIUM Group ដែលកំពុងមមាញឹកក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។
លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានឱ្យដឹងថា ការគ្រប់គ្រងព័ត៌មានអចលនទ្រព្យនៅទីតាំងភូមិសាស្ត្ររបស់ខ្លួន គឺជាវិធីសាស្ត្រដែលល្អបំផុត នឹងអាចឲ្យខ្លួនយើងកាន់តែរីកចំរើន ហើយរក្សាបាននូវឧត្តមភាព និងភាពជោគជ័យក្នុងអាជីពជាអ្នកលក់អចលនទ្រព្យ។
លោកពន្យល់ថា “ការធ្វើបែបនេះ គឺអាចឱ្យយើងកសាងកេរ្តិ៍ឈ្មោះ បានប្រមូលនូវព័ត៌មានទិន្នន័យនៃការទិញលក់ក្នុងតំបន់ភូមិសាស្ត្ររបស់យើង។ ដូច្នេះ ដើម្បីទទួលបានទិន្នន័យច្បាស់លាស់អំពីអចលនទ្រព្យទាំំងនេះ គឺយើងត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចុះទៅប្រមូលព័ត៌មាន ហើយមិនមែនយើងធ្វើវាតែម្តងនោះទេ គឺយើងត្រូវធ្វើវាជាប្រចាំប្រៀបដូចជាភ្លៀងរលឹមដូច្នោះដែរ ពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃ ការទិញលក់អចលនទ្រព្យតែងតែកើតមានជានិច្ច ហើយតម្លៃក៏មិនដូចគ្នាដែរ”។
លោកថ្លែងបន្តថា “ក្នុងនាមជាភ្នាក់ងារមួយរូបដែលចង់ជោគជ័យត្រូវតែចេញពីម៉ាស៊ីនត្រជាក់ ផ្លាស់ប្តូរផ្នត់គំនិត ហើយចាប់ផ្តើមចុះផ្ទាល់ដល់ទីតាំងភូមិសាស្ត្រ ដែលស្ថិតក្រោមកការគ្រប់គ្រងរបស់យើង ហើយប្រមូលយកព័ត៌មានទាំំងអស់ដែលទាក់ទង និងការទិញលក់អចលនទ្រព្យនៅក្នុងតំបន់នោះ នេះគឺជាកូនសោរដ៏សំខាន់ធ្វើឱ្យយើងជោគជ័យ»។
បន្ថែមពីនេះ មុនពេលទទួលយកគកម្រោងណាមួយត្រូវសិក្សាទៅលើចំណុចទាំង៥នេះ រួមមានទី១ ជ្រើសរើសទីតាំងភូមិសាស្ត្រ ដែលត្រូវបានប្រមូលផ្តុំព័ត៌មាន។ ទី២ យើងត្រូវដឹងពីតម្លៃលក់របស់អតិថិជន និងកញ្ចប់ថវិការរបស់អតិថិជន។ ទី៣ ត្រូវប្តេជ្ញាធ្វើឱ្យបាននូវការប្រមូលទិន្នន័យដែលពាក់ព័ន្ធ។ ទី៤រក្សាឱ្យបាននូវទំនាក់ទំនងល្អនៅក្នុងទីតាំងភូមិសាស្ត្រដែលយើងកាន់កាប់ ។ ទី៥ ត្រូវដឹងឱ្យច្បាស់ពីព័ត៌មានរបស់អចលនទ្រព្យ ត្រូវទុកឯកសារទាំអស់ឱ្យមានសណ្តាប់ធ្នាប់ ជៀសវាងបាត់បង់៕