HellBound Bloggers
កំហុសជាផ្នែកមួយនៃដំណើរការប្លុកដំបូងដើម្បីឈានដល់ការរីកចំរើនទៅមុខ។ ខាងក្រោមនេះជាកំហុសឆ្គង ដែលតែងតែកើតមានចំនួន ៧ ដែលអ្នកសរសេរប្លុកជួបគ្រប់គ្នា៖
១. ការប្រើរូបភាព
កំហុស ដែលគេជួបច្រើននិងជាញឹកញាប់គឺ ការប្រើរូបភាពខុស។អ្នកអាចនឹងជួបបញ្ហានេះ ម្តងជាពីរដងក្នុងការបង្ហោះរូបនៅលើប្លុក។ ការប្រើរូបភាពបានត្រឹមត្រូវអាចជាសោភណ្ឌភាព ជាការទាក់អារម្មណ៍ និងអាចផ្លាស់ប្តូរ រូបរាងទាំងស្រុងក្នុងអត្ថបទ។អ្នកសរសេរប្លុកភាគច្រើន ប្រញាប់ប្រញាល់ប្រើរូបភាព ហើយមិនបានគិតឲ្យបានច្បាស់ថា រូបភាពនោះពិតជាមានអត្ថន័យស៊ីនឹងអត្ថបទ ដែរឬយ៉ាងណា។
រូបភាពត្រូវប្រាកដថា ទាក់ទងទៅនឹងអត្ថបទ ដើម្បីឲ្យអ្នកអានងាយនឹងចាប់អារម្មណ៍។
២. ការពិនិត្យអក្ខរាវិរុទ្ធនិងវេយ្យាករណ៍
អ្នកសរសេរអត្ថបទ តែងប្រញាប់ប្រញាល់ចង់ ចេញផ្សាយឲ្យទាន់ពេលវេលាប៉ុន្តែកំហុសមួយ ដែលច្បាស់ជាកើតឡើងគឺ ខ្វះការពិនិត្យអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ឲ្យបានគ្រប់គ្រាន់។ពេលខ្លះ ការចំណាយពេលមួយថ្ងៃ ឬពីរថ្ងៃបន្ថែមទៀត អាចធ្វើឱ្យមានភាពខុសប្លែកក្នុងអត្ថបទរបស់អ្នក។
អ្វីដែលត្រូវចាំ គឺកុំប្រញាប់ពេក ចំណាយពេលបន្តិចដើម្បីពិនិត្យអត្ថបទឡើងវិញ មុនពេលផ្សព្វផ្សាយ។
៣. ការខ្វះខាតភាពវិជ្ជមាន
អ្នកអាន គឺជាមនុស្សដែលសំខាន់បំផុត ។ បើគ្មានអ្នកអានប្លុករបស់អ្នក មិនអាចមាននរណាស្គាល់ ហើយអ្នកក៏មិនអាចក្លាយជាអ្នកនិពន្ធល្បីបានដែរ។ អ្នកសរសេរប្លុកជាច្រើនមានការខ្វះខាតភាពវិជ្ជមានធ្វើឲ្យធ្លាក់ចុះប្រជាប្រិយភាព។ ប្លុក នឹងបរាជ័យ ដោយសារតែមិនបានយល់ពីដួងចិត្តរបស់អ្នកអាន។ អ្នកអានអានអត្ថបទដែលពេញដោយភាពអវិជ្ជមាន នោះពួកគេនឹងចូលទៅមើលវេបសាយផ្សេងឬទំព័រផ្សេងជាមិនខាន។
បង្កប់ភាពរីករាយ ការលើកទឹកចិត្ត ដំណឹងនិងសំខាន់បំផុតគឺចាប់ចិត្តអ្នកអាន ក្នុងអត្ថបទរបស់អ្នក ជាការល្អ។
៤. ការចែករំលែកលើប្រព័ន្ធផ្សព្វផ្សាយ
ការមិនប្រើប្រព័ន្ធបណ្ដាញសង្គម ដែលបានភ្ជាប់ទៅកាន់ប្លុកគឺជាកំហុសឆ្គងធំ។ អ្នកអានអត្ថបទ ក្នុងវេបសាយរំពឹងថា នឹងឃើញអត្ថបទល្អ រួចគេនឹងចែករំលែកដល់អ្នកដទៃតាមបណ្ដាញសង្គម ប៉ុន្តែប្រសិនបើអ្នកមិនមានប្រព័ន្ធតភ្ជាប់ ក្នុងគេហទំព័ររបស់អ្នក ឬពីបណ្ដាញសង្គមតើអ្នកដទៃអាចដឹងបានយ៉ាងដូចម្ដេច?
ត្រូវមានភ្ជាប់ គ្រប់បណ្ដាញសង្គម ដែលអ្នកអាន មានការពេញនិយមប្រើប្រាស់។
៥. ការលេងពណ៌លើវិបសាយ
ពណ៌ដើរតួនាទីសំខាន់មួយចំណែក ក្នុងការទទួលបាន ភាពជោគជ័យរបស់វិបសាយ។ពណ៌ដែលលេចនិងមានគ្រោងស្រស់ស្អាត គឺជាអ្វីដែលអ្នកអានត្រូវការ។អ្នកសរសេរប្លុកមួយចំនួន ប្រើពណ៌ខុស លេងពណ៌ខ្លាំងពេក ឆើតពេក ហើយនេះពិតជាអាចធ្វើឱ្យ ទស្សនិកជនរបស់អ្នកខកចិត្តពិបាកមើលជាដើម។
តែមិនអីទេ ព្រោះវាមានភាពងាយស្រួល ក្នុងការដូរពណ៌របស់វេបសាយដោយសារមានគំរូច្រើន សម្រាប់អ្នកជ្រើសរើស តាមប្រភេទដែលអ្នកចូលចិត្ត ។
៦. ពេលវេលា
ការចំណាយពេលដ៏ច្រើន សម្រាប់គ្រួសារ ការងារ កិច្ចការនៅផ្ទះមិត្តភកិ្ក នោះអ្នកនឹងសល់ពេលវេលាតិចតួចក្នុងការអង្គុយចុះ សរសេរអត្ថបទដាក់ប្លុក ។ ពេលយប់ហាក់ដូចជាពេលវេលាពេញនិយមបំផុតសម្រាប់អ្នកនិពន្ធ ដើម្បីសម្រេចការសរសេរ និងយកពេលវេលាបន្ថែមដើម្បីអានអត្ថបទ មុនពេលផ្សព្វផ្សាយ ហើយបន្ទាប់មក ចាំរត់ទៅបញ្ចប់ការងារដែលមិនចាំបាច់ផ្សេងទៀត។
រឿងអស្ចារ្យត្រូវការពេលវេលា ហើយអ្នកត្រូវតែលះបង់ពេលឲ្យបានច្រើនម៉ោងប្រសិនបើអ្នកចង់ឲ្យអត្ថបទរបស់អ្នកមានតម្លៃ សម្រាប់អ្នកអាន ។
៧. ការច្នៃប្រឌិតនិងលក្ខណៈពិសេសផ្ទាល់ខ្លួន
ប្លុកជាច្រើនតែងតែ ថតចម្លងអត្ថបទ ឬយកគំរូពីអ្នកដទៃ។ ពិតជាមានមនុស្សមួយចំនួន បានយកគំនិតអ្នកផ្សេង ហើយកែរវាឲ្យទៅជារបស់ខ្លួនឯងដោយសារតែពួកគេ ចង់ក្លាយជាមនុស្សដូចអ្នកផ្សេង។ អ្នកអានអត្ថបទ ចូលអានម្ដងហើយម្ដងទៀត ដោយមានហេតុផលច្បាស់លាស់មិនចាំបាច់លួចពីនរណាម្នាក់ ឬគំនិតរបស់គេ ហើយយកវាទៅដាក់ក្នុងវិបសាយទេ ថ្ងៃណាមួយគេនឹងដឹង។សរសេរនូវអ្វីដែលជារបស់ខ្លួនឯង។ អ្នកជាមនុស្សដែលមានការច្នៃប្រឌិត ហើយអ្នកនឹងឲ្យអ្នកអានទទួលស្គាល់អ្វីដែលជាអ្នក តាំងពីការចាប់ផ្តើមដំបូង មិនមែនតាមការចម្លងគេនោះទេ។
ពួកគេចូលចិត្តមើលអ្វីដែលខុសពីគេ ដូច្នេះ ព្យាយាមធ្វើអ្វីដែលថ្មី។បើគ្មានអ្វីថ្មី គេចូលតែម្ដងប៉ុណ្ណោះ ។ កុំមានអារម្មណ៍ថា មានតែអ្នក នៅលើពិភពលោក ដែលមានកំហុស។ មួយរយភាគរយនៃអ្នកនិពន្ធ តែងតែមានកំហុសនោះហើយជារបៀបដែលយើងបានរៀនពីវា។ មិនមានអ្វីខុសនោះទេ ដរាបណា អ្នកបានឈាន កែតម្រូវ និងរៀនពីកំហុសនោះឡើងវិញ នោះអ្នកកំពុងតែដើរតាមផ្លូវត្រូវហើយ៕