ធនាគារនៅកម្ពុជា កំពុងផ្តល់ប្រាក់កម្ចីការប្រាក់ទាបលើវិស័យអចនទ្រព្យ

ភ្នំពេញ៖ ធនាគារជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បាននឹងកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប លើការវិនិយោគក្នុងវិស័យអចលនទ្រព្យ ស្របពេលដែលវិស័យមួយនេះ បាននឹងកំពុងមានការរីកចំរើនប្រកបដោយនិរន្តរភាព។

លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premier Group បានឱ្យដឹងថា អ្នកវិនិយោគនានាជាពិសេសលើវិស័យអចលនទ្រព្យ បាននឹងកំពុងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ពីការទទួលបាននូវកម្ចីពីធនាគារមួយចំនួន តាមរយៈការបញ្ចុះអត្រាការប្រាក់ទាប។

លោកថ្លែងថា «បច្ចុប្បន្ននេះ យើងមើលឃើញថា ធនាគារមួយចំនួន បាននឹងកំពុងមានការប្រកួតប្រជែងដោយបច្ចុះអត្រាការប្រាក់ទាប ដោយធនាគារខ្លះបញ្ចុះអត្រាការប្រាក់រហូតដល់ ៤.៩  ដែលកាលពីមុនគឺមិនមាននោះទេ »។

លោកពន្យល់ថា  «ក្រៅពីនេះ ក៏មានការសម្រួលពីម្ចាស់គម្រោងក្នុងការផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគតាមរយៈ គ្រាន់តែ បង់ប៉ុន្មាន ភាគរយ មុនជាការស្រេច ដែលទាំងនេះ ក៏ជាឱ្យកាសល្អសម្រាប់វិស័យអចលនទ្រព្យរបស់កម្ពុជា»។ 

លោក ម៉ាន់ ច័ន្ទឌី បញ្ជាក់ទៀតថា ជាមួយនឹងភាពងាយស្រួលនេះ ក៏អ្នកវិនិយោគលើវិស័យនេះ ត្រូវតែគិតពីតំបន់  និងទីតាំងផងដែរ ដោយមិនមែនចេះតែវិនិយោគហើយមិនបានពិនិត្យ និងប្រមូលព័ត៌មានគ្រប់ជ្រុយ និងអាទិភាពនៅក្នងអំឡុងនៃវិបត្តិជំងឺកូវិដ ១៩ នេះ។

បើតាម លោក ម៉ាន់  ច័ន្ទឌី បានបន្តថា ខេត្តក្រុងមួយចំនួនរបស់កម្ពុជា ដូចជានៅតាមជាយទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុងសៀមរាប ក្រុងកំពត និងក្រុងកែបជាដើម ដែលជាគោលសម្រាប់ធ្វើការវិនិយោគ និងទទួលបានផលចំណេញខ្ពស់នៅតំបន់នេះ ព្រោះវិស័យអចលនទ្រព្យមានការរីកចំរើនលឿនអាស្រ័យលើការកសាង និងហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល ។ 

លោកថ្លែងថា៖ «កន្លែងខ្លះ ឱ្យតែមានត្រឹមតែផ្លូវបេតុង ឬផ្លូវធំ ដីនៅទីនោះមានតម្លៃខ្ពស់» ។ 

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា វិស័យអចលនទ្រព្យរបស់កម្ពុជា បើទោះបីប្រឈមទៅនឹងវិបត្តិជំងឺកូវីដ ១៩ខ្លះមែន ប៉ុន្តែការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធរបស់កម្ពុជា នៅតែដំណើការទៅមុខ ដែលជាប្រភេទ ម៉ូដែល ដោយក្នុងនោះមាននៅក្រុងព្រះសីហនុ ក្រុងសៀមរាប និងភ្នំពេញ ហើយទៅមុខទៀត នឹងទៅដល់ខេត្តកំពត និងកែប ។

លោកពន្យល់ថា ដែលទាំងអស់នេះ គឺជាចលករ និងជាទិសដៅនៃការរីកចំរើនលើវិស័យអចលនទ្រព្យ និងមានគម្រោងវិនិយោគធំចូលទៅកាន់ទីនោះផងដែរ។

លោក ច្រឹក សុខនីម បានលើកជាឧទាហរណ៍ថា វិស័យអចលនទ្រព្យ ជាពិសេសតម្លៃដីធ្លីនៅក្នុងក្រុងព្រះសីហនុ កាលពីមុន មិនមានតម្លៃខ្ពស់នោះទេ  ប៉ុន្តែចាប់តាំងពីដាក់ចេញផែនការរបស់រាជរដ្ឋាភិបាលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងផែនការវិនិយោគបានធ្វើឱ្យតម្លៃអចលនទ្រព្យនៅក្នុងក្រុងមួយនេះ ហក់ឡើងគុណនឹង ៣ ទៅ៤ដង។

លោកថ្លែងថា៖ «ខេត្តក្រុងដែលធ្វើឱ្យវិស័យអចលនទ្រព្យមានការរីកចំរើន គឺខេត្តក្រុងដែលមានការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ  របស់រាជរដ្ឋាភិបាល ហើយក៏ជាឱកាសសម្រាប់អ្នកវិនិយោគិនក្នុងការវិនិយោគដើម្បីទទួលបានផលចំណេញដែរ»។ 

លោកបន្ថែមថា ជាមួយគ្នានេះ ក៏បច្ចុប្បន្ននេះ ធនាគារមួយចំនួនក៏បានសម្រួលអត្រាការប្រាក់ទាប និងមានការបង់រំលោះមានភាពងាយស្រួលដែលនឹងជួយជម្រុញអោយវិស័យអចនទ្រព្យកាន់តែរីកចម្រើន»៕