សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
គូស្វាមីភរិយា ខ្លះរៀបការហើយនៅផ្ទះឪពុកម្តាយក្មេក ខ្លះចេញទៅនៅផ្ទះដោយឡែករស់នៅដោយខ្លួន ខ្លះមានឪពុកម្តាយក្មេកមកនៅជាមួយ។ ទោះជាយ៉ាងណាទំនាក់ទំនងរស់នៅរវាងកូនប្រសារប្រុសស្រី នឹងឪពុកម្តាយក្មេកក៏អាចមានបញ្ហាខ្លះនឹងកើតមានតែយ៉ាងណា ក្នុងឋានៈជាកូនប្រសារក៏ត្រូវហ៊ានប្រឈមមុខនឹងការពិតដែលកើតមានក្នុងគ្រួសារត្រូវព្យាយាមអនុវត្តទៅតាមក្រិតក្រមដែលអប់រំទូន្មានមានដូចជា៖
១.កុំនាំភ្លើងក្នុងចេញក្រៅផ្ទះ
កុំនិយាយដើមប្តី/ប្រពន្ធ និយាយដើមម្តាយក្មេកឬឪពុកក្មេក បើកកកាយហែកកេរ្ត៍ ឱ្យគេដឹង គេឮក្រែងពាក្យនោះមិនស្ងប់ស្ងាត់ឮដល់ត្រចៀកគាត់នាំកើតមានរឿងអាក់អន់ចិត្តនឹងគ្នា។
២.កុំនាំភ្លើងក្រៅចូលក្នុងផ្ទះ
ពេលឮគេនិយាយចចេចចចូច ពីស្វាមី ឬភរិយាឬឪពុកម្តាយក្មេក ឬក្រុមគ្រួសារយើងកុំសូវប៉ិនយកត្រចៀកស្តាប់កុំធ្វើជាអ្នកនាំសារពីអ្នកនេះទៅប្រាប់អ្នកនោះចាក់គាត់ឱ្យលោត ឱ្យឆេះឡើយជួនកាល គេស្អប់យើងគេចង់បំបែកបំបាក់យើងក៏ថាបាន។
៣.ឱ្យដល់អ្នកដែលគួរឱ្យ
បើគេខ្ចីហើយសងវិញ យើងគួរឱ្យខ្ចីមិនត្រូវចិត្តអាក្រក់ពេកទេងាយស្រួលដល់ពេលយើងខ្វះខាតយើងអាចខ្ចីគេវិញ។
៤.មិនឱ្យដល់អ្នកមិនគួរឱ្យ
អ្នកខ្ចីបំបាត់ស៊ីដាច់ កុំឱ្យខ្ចីមិនឈ្មោះថាចិត្តអាក្រក់ទេតែមានន័យថា យើងចេះការពារទ្រព្យ។
៥.ឱ្យដល់អ្នកមិនគួរឱ្យ
សាច់ញាតិអ្នកជិតខាង មិត្តភក្តិណាដែលក្រីក្រលំបាកតោកយាក មករកខ្ចីបុលយើងបើមានលទ្ធភាព ឱ្យគាត់យកតែម្តងទៅកុំចង់បានពីគាត់វិញអីព្រោះគ្នាក្រ។
៦.ចេះអង្គុយ
អង្គុយដឹងទាបខ្ពស់ មើលម៉ែ មើលឪ មើលប្តីឬប្រពន្ធ។ ឃើញគាត់មកចេះក្រោកទទួលរៀបចំកន្លែងជូនគាត់ឱ្យបានសមរម្យមិនត្រូវធ្វើឫកជំទាវឬឯកឧត្តម ចង់ឱ្យគាត់មកបម្រើវិញទេ។
៧.ចេះបរិភោគ
កុំបរិភោគមុនភរិយា ឬស្វាមី បើនៅជាមួយម៉ែឪរៀបទុកជូនគាត់ឱ្យហើយ។ ដាំស្លតម្រូវចិត្តពួកគាត់ជាងកុំយកឆ្ងាញ់តែមាត់ឯងមិនល្អទេ។
៨.ចេះគេង
មុនគេងត្រូវរៀបចំទុកដាក់របស់របរឱ្យមានរបៀបរៀបរយសិនកុំចូលគេងមុនម៉ែឪមុនស្វាមី មុនភរិយា។ ក្រោកឡើងរវាសរវៃប្រញាប់ប្រញាល់ កុំដេកទ្រមក់ឱ្យស្វាមី ឬភរិយាមកដាស់។
៩.ចេះបម្រើភ្លើង
ភ្លើងបើយើងមិនចេះប្រើឆេះផ្ទះខាននៅ បើចេះប្រើដាំបាយបានហូប។ ភ្លើងបានដល់ ស្វាមី ឬភរិយាដែលខ្លួនត្រូវផ្គាប់ចិត្តដឹងទុក្ខធុរៈ យកចិត្តទុកដាក់កុំព្រងើយកន្តើយ។
១០.នមស្សការទេវតាក្នុងផ្ទះ
ឪពុលម្តាយក្មេកឈ្មោះថាទេវតា ដែលខ្លួនត្រូវគោរពកោតខ្លាច បូជាដោយសមរម្យមិនត្រូវព្រហើនកោងកាចដាក់ទេវតាឡើយ។
ពាក្យបុរាណពោលថាអ្នកណាទ្រាំនឹងផ្សែងភ្លើងបាន អ្នកនោះទ្រាំនឹងម្តាយក្មេកបាន បញ្ជាក់ថាកូនប្រសារត្រូវចេះអត់ទ្រាំប្រឹងប្រែងខ្នះខ្នែងធ្វើការងារឱ្យអស់ពីចិត្តពីថ្លើម ប្រយ័ត្នប្រយែងមាត់ក កុំនិយាយអ្វីផ្តេសផ្តាស់កុំស្តាប់ពាក្យញុះញង់កុំនិយាយដើមប្តី ឬប្រពន្ធ ឬម៉ែឪក្មេក។
ប្រភព៖ សៀវភៅយល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយភិក្ខុវជិរប្បញ្ញោគូ សុភាព