ផ្លូវ៣៤ខ្សែនៅកំពង់សោម គ្រោងរួចរាល់ទាំងអស់នៅចុងខែមីនានេះ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន បានលើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តការងាររបស់ក្រុមហ៊ុនកសាងផ្លូវ៣៤ខ្សែ ជំរុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងខែមេសា។ 

ទន្ទឹមនឹងការត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវ ការសាងសង់បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវជាដើមក៏កំពុងពន្លឿនការរបស់ខ្លួនផងដែរ។

សូមជម្រាបជូនដែរថា ផ្លូវទាំង៣៤ខ្សែ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកា ជាតិរហូតដល់ទៅប្រមាណ ៣០០លានដុល្លារដើម្បីសាងសង់ផ្លូវធំតូចសរុបចំនួន៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងព្រះសីហនុ ដែលទីគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅភាគនិរតីនេះ។