ជាធម្មតានៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃអ្នកតែងតែប្រើប្រាស់ថវិកាគ្រប់ពេលវេលា ហើយការចំណាយនេះហើយដែលជាចំណុចមួយដ៏សំខាន់ ដែលអ្នកគួរតែយកចិត្តទុកដាក់ឱ្យបានល្អ។ មិនថាទៅលើការទទួលទាន ទៅលើសម្ភារៈប្រើប្រាស់ឬការចំណាយទៅសំលៀកបំពាក់និងគ្រឿងតុបតែងកាយនោះទេ គឺសុទ្ធសឹងតែជាតម្រូវការដ៏សំខាន់ ដែលអ្នកមិនអាចខ្វះបានក្នុងការរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរអ្នកគួរតែមានការយកចិត្តទុកដាក់ ហើយត្រូវតែគិតឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ ដើម្បីជៀសវាងការខាតបង់ផ្សេងៗ ដែលបណ្តាលឱ្យអ្នកមានបញ្ហាផ្នែកហិរញ្ញវត្ថុផងដែរ។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជះឥទ្ធិពលជាខ្លាំង ទៅលើជីវិតរបស់អ្នកនៅថ្ងៃអនាគតខាងមុខផងដែរ។ ដូច្នេះមុនពេលធ្វើការទិញទំនិញប្រភេទអ្វីក៏ដោយ អ្នកមិនគួររំលងក្នុងការសួរខ្លួនឯងនូវចំណុចទាំង៥នេះឡើយ។
១) តើទំនិញមួយនឹងចាំបាច់ដែរឬទេ?
មុននឹងធ្វើការទិញអ្វីមួយ អ្នកត្រូវតែគិតថាតើវាសំខាន់និងចាំបាច់ចំពោះអ្នកដែរឬទេ។ ប្រសិនបើរបស់របរ ឬសម្ភារៈនិយមមួយចំនួន ដែលមិនមានការចាំបាច់ខ្លាំងនោះទេអ្នកគួរតែកាត់បន្ថយការចំណាយទៅលើវា ឬមួយក៏មិនចាំបាច់ទិញតែម្តងទៅ។ ពីព្រោះថា វាអាចធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកមានការខាតបង់។
២) តើអ្នកទទួលបានផលប្រយោជន៍អ្វីខ្លះពីការចំណាយមួយនឹង?
ជាការពិតណាស់រាល់ការទិញទំនិញទាំងអស់គឺអ្នកគួរតែទទួលបានផលប្រយោជន៍ពីវា ឱ្យសាកសមនឹងការចំណាយរប់អ្នក។ អ្នកមិនគួរធ្វើការចំណាយទៅលើអ្វីដែលមិនផ្តល់សារៈប្រយោជន៍នោះទេពីព្រោះថាទម្រាំតែទទួលបានប្រាក់ចំណូលគឺមិនមែនជារឿងងាយស្រួលនោះទេពោលគឺអ្នកត្រូវខិតខំធ្វើការទាំងហត់នឿយ និងលំបាកជាខ្លាំង។ ដូច្នេះបើរបស់របរណា ដែលមិនមានការចាំបាច់ខ្លាំងនោះទេអ្នកមិនគួរចំណាយថវិការបស់អ្នកទិញទៅវានោះឡើយ។
៣) តើទំនិញមានគុណភាពល្អដែរឬទេ?
គុណភាពផលិតផលក៏ជារឿងមួយដ៏សំខាន់ផងដែរ ចំពោះការដែលអ្នកធ្វើការចំណាយថវិកាទៅលើវា។អ្នកត្រូវតែពិនិត្យ ក៏ដូចជាស្វែងយល់ឱ្យច្បាស់ទៅលើគុណភាពផលិតផលឬសម្ភារៈដែលអ្នកចង់ទិញ ដើម្បីជៀសវាងការចំណាយទៅលើផលិតផលខុស។
៤) តើតម្លៃសាកសមដែរឬទេ?
ក្នុងការទិញទំនិញផ្សេងៗ ឬផលិតផលអ្វីមួយដែលតម្រូវឱ្យអ្នកធ្វើការចំណាយច្រើនអ្នកគួរតែពិចារណាទៅលើតម្លៃនិងគុណភាពរបស់ទំនិញទាំងអស់នោះ ថាតើវាសាកសមគ្នាដែរឬទេ។ អ្នកត្រូវជ្រើសរើសការចំណាយទៅលើប្រភេទទំនិញណាដែលមានតម្លៃសមរម្យ មានន័យថាមិនថ្លៃពេកហើយក៏មិនថោកពេកនោះដែរ។
៥) តើម្ចាស់អាជីវកម្មលក់ទំនិញ អាចទុកចិត្តបានដែរឬទេ?
នេះក៏ជាចំណុចមួយដែលអ្នកគួរតែយកចិត្តទុកដាក់ផងដែរគឺដើម្បីជៀសវាងការបោកប្រាស់ ឬការជួបនូវផលិតផលក្លែងក្លាយ។ ពីព្រោះថាបច្ចុប្បន្នគឺមានជនក្លែងបន្លំជាច្រើន ជាពិសេសគឺការទិញទំនិញតាមប្រព័ន្ធអនឡាញតែម្តង។ប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្ន និងត្រួតពិនិត្យឱ្យបានច្បាស់លាស់នោះទេ គឺងាយទទួលរងការខាតបង់ខ្លាំងណាស់។
ជារួមមកវិញ មុននឹងធ្វើការចំណាយថវិកាក្នុងការទិញទំនិញអ្វីមួយ អ្នកមិនគួរមើលរំលងនូវចំណុចទាំង៥ខាងលើនេះឡើយដើម្បីជៀសវាងការខាតបង់ផ្សេងៗដែលអាចកើតមានឡើង។ ម៉្យាងវិញទៀតគឺដើម្បីជៀសវាងការចំណាយទៅលើផលិតផលខុសផងដែរ៕