លោកស៊ូ សាវឿន៖ រកឃើញបញ្ហារបស់អតិថិជនពិតប្រាកដ ជាគុណសម្បត្តិរបស់អ្នកលក់

គ្រប់អាជីវកម្មទាំងអស់ មិនថា​សេវាកម្មឬ​ផលិតផលនោះទេសុទ្ធតែត្រូវការផ្នែកលក់​ដើម្បីទាញយកផលចំណេញសម្រាប់ពង្រីកប្រតិបត្តិការឱ្យកាន់តែយូរអង្វែងនិងប្រសើរឡើង។

លោក ស៊ូ សាវឿន អ្នកជំនាញផ្នែកផ្នែកលក់និងជាអ្នកអប់រំបានលើកឡើងថា អ្នកលក់ជាផ្នែកសំខាន់សម្រាប់ក្រុមហ៊ុន ការលក់ជាដង្ហើម​សម្រាប់គ្រប់អាជីវកម្មទាំងអស់។ ទោះបីជាផលិតផលល្អប៉ុណ្ណាក៏ដោយ តែអតិថិជនមិនចាប់អារម្មណ៍ហើយស្ថាប័ននឹងនៅតែមិនអាចទទួលបានផលចំណេញ។ ហេតុនេះ​ហើយទើបគ្រប់ក្រុមហ៊ុន​ទាំងអស់ត្រូវការអ្នកជំនាញផ្នែកលក់ជាច្រើនដើម្បីបញ្ចេញ​ផលិតផលឬសេវាកម្មទាំងអស់នោះឱ្យដល់ដៃអតិថិជន។

ពាក់ព័ន្ធនឹងបច្ចេកទេសលក់ លោក សាវឿន បានលើកឡើងថា មិនមែនគ្រប់អ្នកលក់ទាំងអស់សុទ្ធតែអាចកាន់ផលិតផលទៅជួបអតិថិជនហើយលក់ដាច់នោះទេ។ នៅពេលអ្នកលក់មិនយល់ច្បាស់ពីការលក់នោះអតិថិជននៅតែមិនចាប់អារម្មណ៍បើទោះបីជា​ផលិតផលនោះល្អប៉ុណ្ណាក៏ដោយ។ កត្តាដែលគេមិនចាប់អារម្មណ៍គឺដោយសារអតិថិជនខ្លះមិនដឹងថាត្រូវយកផលិតរបស់យើងទៅធ្វើអ្វី។ គាត់មិនយល់ពី​គុណសម្បត្តិរបស់ផលិត ដែលយើងកំពុងលក់នេះ​សម្រាប់ជីវិតរបស់គាត់ឬគាត់មិនយល់ថា វាអាចធ្វើឱ្យជីវិតរបស់គាត់ប្រសើរឡើង។​ ហេតុនេះ​លោកថាដើម្បីឱ្យលក់ដាច់អ្នកលក់ត្រូវតែរកឱ្យឃើញបញ្ហាពិតប្រាកដរបស់អតិថិជន និងចេះបំផុសឱ្យគាត់មើលឃើញថាសកម្មភាពធម្មតាៗជារៀងរាល់ថ្ងៃដែលគាត់កំពុងធ្វើនេះជាបញ្ហា។

ជាឧទាហរណ៍ស្ត្រីមេផ្ទះនៅតាមជនបទគាត់មិនយល់ថាការទៅរកអុសដាំទឹកប្រើប្រាស់ប្រចាំថ្ងៃជាបញ្ហានោះទេព្រោះគាត់ធ្វើវាទៅជាទម្លាប់ទៅហើយ។ ហេតុនេះ នៅពេលយើងទៅលក់ធុងចម្រុះទឹកឱ្យគាត់នោះគាត់នឹងមិនយល់ថាវាមានតម្លៃ និងធ្វើឱ្យជីវិតគាត់ផ្លាស់ប្តូរនោះទេ។ ដូច្នេះដើម្បីលក់ដាច់ អ្នកលក់ត្រូវតែចេះស្វែងរក​ចំណុចដែលជាបញ្ហារបស់គាត់ឱ្យឃើញ។ 

បញ្ហាគឺរាល់ពេលដែលគាត់ទៅរកអុសគាត់ប្រឈមនឹងបញ្ហាមួយ គឺបញ្ហាសុវត្ថិភាពព្រោះនៅក្នុងព្រៃអាចមានគ្រោះថ្នាក់ជាច្រើន​ ជាពិសេសបញ្ហាពស់ចឹក។ បន្ថែមពីលើនេះយើងមើលឃើញថា​ស្រ្តីនៅតាមជនបទជាច្រើនមានបញ្ហាភ្នែក។ បញ្ហានេះត្រូវបានអ្នកជំនាញបង្ហាញថាមកពីគាត់ប្រើ​ប្រាស់អុស​ដែលមានផ្សែងច្រើន។ ការប្រើអុស​ដុតដាំទឹករាល់ថ្ងៃ យូរឆ្នាំទៅអាចនឹងធ្វើឱ្យគាត់មានបញ្ហាភ្នែក។

បញ្ហាទាំងអស់នេះ ប្រសិនបើអ្នកលក់ចេះបង្ហាញឱ្យគាត់បានឃើញគាត់នឹង​ចាប់ផ្តើម​មើលឃើញពីតម្លៃនៃឧបករណ៍ដែលយើងកំពុង​នាំទៅជូនគាត់ដែរឬអាចនិយាយបានថាគាត់អាចនឹងទិញ។ ហេតុផលដែលអតិថិជនទិញ ដោយសារគាត់មើលឃើញថា ​ឧបករណ៍របស់យើងនេះ អាចជួយដោះស្រាយបញ្ហាធំៗជាច្រើនក្នុងជីវិតគាត់បាន។ ឆ្លុះបញ្ចាំងទៅរឿងជាច្រើនក្នុងការលក់ជាក់ស្តែងវិញ យើងឃើញថា គ្រប់ផលិតផលទាំងអស់សុទ្ធតែ​ត្រូវបានផលិតឡើងដើម្បីដោះស្រាយបញ្ហាមនុស្ស ហេតុនេះប្រសិនបើយើងជាអ្នកលក់សិក្សាពីវាបានច្បាស់ និងស្គាល់អតិថិជនច្បាស់យើងនឹងអាចលក់បានយ៉ាងងាយ៕