Paradigm ជាពាក្យដ៏មានប្រជាប្រិយភាពមួយនៅពេលដែលយើងសិក្សាពីការអភិវឌ្ឍមនុស្ស ឬសិក្សាពីទស្សនវិជ្ជា។ ពាក្យនេះ ហាក់លំបាកបន្តិចក្នុងការបកប្រែឱ្យចំជាភាសាខ្មែរឬភាសាមួយចំនួនទៀត ព្រោះវាជាពាក្យដែលចេញពីភាសាក្រិចដែលពាក្យពេញគឺ παράδειγμα (paradeigma) ដែលអាចមានន័យថា ជាផ្នត់គំនិត ជាគំរូជាចំណុចចាប់ផ្តើមដែលនាំឱ្យមានសកម្មភាព ឬជាប្រភពនៃគំនិតដែលនាំឱ្យកើតមានជាអាកប្បកិរិយាជាដើម។
តើ Paradigm សំខាន់ប៉ុណ្ណាសម្រាប់ជីវិតមនុស្ស?
Paradigm មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅព្រោះវាហាក់ដូចជាចំណុចខ្ពស់ ឬដើមបំផុតនៃសកម្មភាពគ្រប់យ៉ាង។ ជីវិតរបស់មនុស្សម្នាក់ៗអាចអភិវឌ្ឍឬដុនដាបអាស្រ័យលើ Paradigm នេះឯង។ កាលណាមនុស្សមាន Paradigm ត្រឹមត្រូវនោះពួកគេនឹងអាចធ្វើសកម្មភាពត្រូវដែលជាកត្តាជំរុញឱ្យគេមានការអភិវឌ្ឍឥតឈប់ឈរ តែប្រសិនបើគេមាន Paradigm មិនត្រឹមត្រូវវិញគេនឹងក្លាយជាមនុស្សម្នាក់ដែលមានជីវិតដុនដាបជាបន្តបន្ទាប់។
នៅក្នុងទស្សនវិទ្យា Paradigm ជាប្រធាននៃសកម្មភាពទាំងអស់ព្រោះវាជាអ្នកបកប្រែអ្វីដែលមនុស្សមើលឃើញឱ្យទៅជាគំនិតមុននឹងកើតជាសកម្មភាព។ ជាឧទារហរណ៍ ប្រសិនបើគេឱ្យមនុស្ស ៣នាក់ដែលមាន Paradigm ខុសគ្នានូវក្រដាសមួយសន្លឹក និងខ្មៅដៃមួយដូចគ្នាពួកគេអាចនឹងបង្កើតបានជាសម្មិទ្ធិផលខុសគ្នា។
អ្នកទី១ អាចនឹងយល់ឃើញថាក្រដាសមួយសន្លឹកនិងខ្មៅដៃមួយដើមនេះនឹងអាចនឹងក្លាយជាឧបករណ៍សម្រាប់គួសវាសលេងកម្សាន្តពេលអប្សុកខណៈអ្នកទី២ អាចនឹងគិតថាវានឹងក្លាយជាឧបករណ៍សំខាន់ចំពោះកូនរបស់គាត់ប្រើប្រាស់ដោយក្នុងនោះអ្នកទី៣ អាចនឹងប្រើប្រាស់វាដើម្បីបង្កើតជាផ្ទាំងសិល្បៈដ៏រស់រវើក។
ហេតុផលនេះបង្ហាញថាសម្មិទ្ធិផលរបស់មនុស្សម្នាក់ៗអាស្រ័យលើ Paradigm របស់ពួកគេផ្ទាល់។ កាលណាគេប្រើវាក្នុងរូបភាពតូចៗ ផ្នត់គំនិតរបស់គាត់នឹងបកប្រែវាឱ្យក្លាយជាសកម្មភាពតូចៗ តែប្រសិនបើគាត់ចេះប្រើប្រាស់វាបានស៊ីជម្រៅ និងប្រកបដោយភាពច្នៃប្រឌិត នោះផ្នត់គំនិតរបស់គាត់នឹងបកប្រែសកម្មភាពនានានៅក្នុងជីវិតរបស់គាត់ឱ្យផលិតនូវសម្មិទ្ធិផលសំខាន់ៗឥតឈប់ឈរ រហូតធ្វើឱ្យគាត់ក្លាយជាបុគ្គលសំខាន់សម្រាប់មនុស្សជាតិ៕